Ad Code

រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កម្ពុជា ស្នើរ​សុំ​ឲ្យ​សមាជិក អាស៊ាន ធ្វើ​សេចក្តីប្រកាស​រួម ប្រឆាំង​និង សហភាព​អឺរ៉ុប​មកលើ​អង្ករ Indica កម្ពុជា​តម្រូវ​ឲ្យ​បង់ពន្ធ​នាំចូល



​ភ្នំពេញ​ ៖ លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​សម្រាប់ កម្ពុជា បាន ស្នើសុំ​ឲ្យ​មាន​សេចក្តី​ប្រកាស​រួម​អាស៊ាន​ស្តីពី ការ​ដាក់​វិធានការ​ការពារ​របស់​សហភាព​អឺរ៉ុប​មកលើ​អង្ករ Indica កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា។



ការ​ស្នើ​សុំ​នេះ​ធ្វើឡើង​កាលពី​ថ្ងៃទី​២២ ខែមេសា ឆ្នាំ​២០១៩ ក្នុង​កិច្ច​ពិគ្រោះ​យោបល់ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន (ASEAN BAC) និង កិច្ចប្រជុំ​ចង្អៀត​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន លើក​ទី​២៥ ដែល​រៀបចំឡើង​នៅ​សណ្ឋាគារ Angsana Laguna Phuket នៅ​កោះ​ភូ​កេ​ត ប្រទេស​ថៃ​។​ ក្រសួង​បាន​ឲ្យ​ដឹង​ថា កិច្ច​ពិគ្រោះ​យោបល់ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន និង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន មានការ​អញ្ជើញ​ចូលរួម​ពី​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​ទាំង​១០ អគ្គលេខាធិការ​អាស៊ាន គណៈប្រតិភូ​នៃ​ប្រទេស​សមាជិក​អាស៊ាន លេខាធិការដ្ឋាន​អាស៊ាន និង​តំណាង ASEAN BAC ដោយ​ផ្តោត​សំខាន់​លើ​ការ​ពង្រឹង​អាស៊ាន ៤.០ ជាពិសេស​សេដ្ឋកិច្ច​ឌីជីថល​សម្រាប់​សហគ្រាស​មីក្រូ តូច និង​មធ្យម គោលនយោបាយ និង​ធនធានមនុស្ស​, កិច្ច​សម្រួល​ពាណិជ្ជកម្ម និង​ការ​តភ្ជាប់​ពាណិជ្ជកម្ម​ក្នុង​តំបន់​។



ក្នុង​កិច្ចប្រជុំ​នោះ​ផង​ដែរ លោក​រដ្ឋមន្ត្រី​ក៏បាន​ជម្រាប​អំពី​សំណើ​របស់​កម្ពុជា ក្នុង​ស្នើសុំ​ឲ្យ​មាន​សេចក្តី​ប្រកាស​រួម​អាស៊ាន​ស្តីពី ការ​ដាក់​វិធានការ​ការពារ​របស់​សហភាព​អឺរ៉ុប​មក​លើ​អង្ករ Indica កម្ពុជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការនាំចេញ​អង្ករ​របស់​កម្ពុជា និង​ស្នើ​ឲ្យ​ប្រទេស​ជា​សមាជិក​អាស៊ាន ណែនាំ​ស្ថាន​បេសកកម្ម​របស់​ខ្លួន ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស ដើម្បី​ចេញ​សេចក្តី​ប្រកាស​គាំទ្រ​កម្ពុជា​។ រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន​បាន​ឯកភាព និង​គាំទ្រ​សំណើ​របស់​របស់​កម្ពុជា​នេះ​។

ក្រសួង​បន្ត​ថា កិច្ចប្រជុំ​ក៏បាន​ពិនិត្យ និង​ឯកភាព​លើ​ការ​ទទួលស្គាល់​ទៅវិញទៅមក ស្តីពី​យានយន្ត និង​យន្តការ​ដោះស្រាយ​ជម្លោះ​ដែល​ត្រូវ​បាន​កែសម្រួល​។ កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​លើ​សំណើ​បង្កើត​សហគមន៍​អាស៊ី​ខាងកើត ក៏ដូចជា​ការចូលរួម​វិភាគទាន​ដល់​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​សម្រាប់​អាស៊ាន និង​អាស៊ី​ខាងកើត (ERIA) ផងដែរ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu