Ad Code

បញ្ជូន​ឧ​ត្ត​ម​សេនីយ៍​យោធា​ផ្កាយ​១ និង​ភរិយា ពាក់ព័ន្ធ​ករណី​បោកប្រាស់​លុយរាប់​ម៉ឺន​ដុល្លារ ទៅ​អយ្យការ​យោធា



ភ្នំពេញ​ ៖ មន្ដ្រី​យោធា​មួយ​រូប ដែល​មាន​ឋានៈ​ឧ​ត្ត​ម​សេនី​យ៍​ត្រី និង​ភរិយា ជា​មន្ត្រីជាន់ខ្ពស់​នៅ​ក្រសួងមហាផ្ទៃ ហើយ​ដែល​ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ករណី​ឆបោក​លុយ​រាប់​ម៉ឺន​ដុល្លារ ដើម្បី​រត់ការ​ឲ្យ​កូនចៅ​របស់​ប្រជាពលរដ្ឋ​បាន​ចូល​បម្រើ​ការងារ​ជា​ទាហាន ប៉ូលិស និង​គ្រូបង្រៀន​ជាដើម​នោះ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​អយ្យការ​យោធា​ហើយ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​។



លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អេង ហ៊ី អ្នកនាំពាក្យ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី កាលពី​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​នេះ​ថា កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បានសម្រេច​បញ្ជូន​ឧ​ត្ត​ម​សេនី​យ៍​យោធា​នោះ ទៅ​អយ្យការ​យោធា​ហើយ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៩​នេះ​។



ចំណែក​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បាន​ថ្លែងប្រាប់​កម្ពុជា​ថ្មី​ដែរ​ថា ករណីនេះ​សមត្ថកិច្ច​បាន​ចាត់វិធានការ​តាមច្បាប់​ហើយ​។ នាយ​ឧ​ត្ត​ម​សេនី​យ៍​បញ្ជាក់​យ៉ាងនេះ​ថា “​ព្រឹក​មិញ​គេ​រាយ​ការ​មក​ថា អនុវត្តតាម​នីតិវិធី​ហើយ​”។



ទាក់ទង​បញ្ហា​នេះ កម្ពុ​ជាថ្មី​មិនអាច​ស្វែងរក​ការ​បញ្ជាក់​ពី​អយ្យការ​យោធា អំពី​ចំណាត់ការ​ផ្លូវច្បាប់​លើ​ឧ​ត្ត​ម​សេនី​យ៍​យោធា និង​ភរិយា​នោះ បាន​នៅឡើយ​ទេ រហូតមកដល់​រសៀល​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៩​។



សូម​បញ្ជាក់​ថា លោក​ឧ​ត្ត​ម​សេនី​យ៍​ត្រី ឃួន សុវណ្ណ នាយករង​អធិការកិច្ច អគ្គបញ្ជាការ និង​ភរិយា គឺ​អ្នកស្រី ប៉ុន ស៊ី​ណាត ហៅ ទ្រី ណាត ដែល​ជា​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស សហការ​តាម​ចាប់​ខ្លួនបាន​កាលពី​យប់​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ក្រោយពី​មាន​ពាក្យបណ្ដឹង​របស់​ប្រជាពលរដ្ឋ ជាច្រើន​នាក់ នៅក្នុង​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ដោយ​ប្ដឹង​ចោទប្រកាន់​ករណី​បោកប្រាស់​លុយរាប់​ម៉ឺន​ដុល្លារ ជា​ថ្លៃ​រត់ការ​ឲ្យ​កូនចៅ​របស់​ពួកគេ អាច​ចូល​បម្រើ​ការងារ​រដ្ឋ​បានជា​ដូចជា ទាហាន ប៉ូលិស និង​គ្រូបង្រៀន​ជាដើម​។​



តាម​ព័ត៌មាន​ពី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​បញ្ជាក់​ថា នៅ​ថ្ងៃទី​២១ និង​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ កម្លាំង​ស្នងការដ្ឋាន​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ ដោយមាន​ការសហការ​ពី​ស្នងការដ្ឋាន​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស និង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​, កណ្តាល​, កំពង់ចាម​, កំពង់ឆ្នាំង បាន​ឃាត់ខ្លួន​ឈ្មោះ ឃួន សុវណ្ណ ជា​ឧ​ត្ត​ម​សេនីយ៍​ត្រី នាយករង​អធិការកិច្ច អគ្គបញ្ជាការ និង​អ្នកស្រី ប៉ុន ស៊ី​ណាត ហៅ​ទ្រី ណាត ដែលជា​មេក្លោង​ក្នុងការ​ឆរ​បោក និង​ជ្រើសរើស​កម្លាំងប្រដាប់អាវុធ​ខុសច្បាប់ ប្រព្រឹត្តិ​នៅ​ខេត្តកំពង់ធំ​។ តាម​ព័ត៌មាន​នោះ​អះអាងថា ពួកគេ គឺជា​មុខសញ្ញា​ចាស់ មានបទពិសោធន៍​ក្នុង​ការ​ឆបោក​ប្រជាពលរដ្ឋ​។ ពួកគេ​ធ្វើ​សកម្មភាព​អស់​រយៈពេល​៨​ខែ​មក​ហើយ មាន​ជនរងគ្រោះ​ដែល​ជា​ប្រជាពលរដ្ឋ​ប្រហែល​៣០​នាក់ និង​បាត់បង់​ថវិកា​រាប់​សិប​ម៉ឺន​ដុល្លារ ហើយ​មាន​ប្រជាពលរដ្ឋ​ចំនួន​២១​នាក់ បាន​មក​ប្តឹង​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្រោយ​ទទួល​បាន​បទបញ្ជា​ភ្លាម កម្លាំង​ស្នងការដ្ឋាន​ស្រាវជ្រាវ​ព័ត៌មាន​សន្តិសុខ បាន​ចុះបង្ក្រាប​ទាន់​ពេលវេលា​។



តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ដែរ​ថា ករណី​នោះ មាន​ប្រជាពលរដ្ឋ​ច្រើន​នាក់ បាន​ចាញ់បោក ហើយ​អ្នកខ្លះ​ចាញ់បោក​ចាប់ពី​១៥០០​ដុល្លារ រហូតដល់​ជាង​៦០០០​ដុល្លារ ទៅលើ​បុគ្គល​ទាំងពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ដើម្បី​ឲ្យ​ពួកគេ​រត់ការ​នាំ​កូនចៅ​របស់​ខ្លួន​ឲ្យ​ចូល​ធ្វើជា​នគរបាល ជា​ទាហាន ជា​អាវុធហត្ថ និង​គ្រូបង្រៀន​ជាដើម ហើយ​បើទោះបីជា​ទំហំ​ទឹកប្រាក់​មិនទាន់​អាច​បញ្ជាក់​ពិតប្រាកដ ប៉ុន្ដែ​អាច​សន្និដ្ឋាន​បាន​ថា ចន្លោះ​ពី​១០ ទៅ​២០​ម៉ឺន​ដុល្លារ ដែល​ពួកគេ​បាន​បោកប្រាស់​ពី​ប្រជាពលរដ្ឋ ហើយ​មូល​ហេតុ​ដែល​នាំ​ឲ្យ​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ ធ្លាក់ខ្លួន​ក្នុង​អំពើ​ឆបោក​នេះ ដោយសារ​ពីរ​នាក់​ប្ដី​ប្រពន្ធ​នេះ ក៏​ព្រោះតែ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ពួកគេ ធ្លាប់បាន​ចុះ​ចែក​អំណោយ​ជូន​ប្រជាជន​នៅ​តំបន់​ដាច់ស្រយាល​ជាច្រើនលើក រហូត​ធ្វើ​ឲ្យ​ពួកគាត់​ជឿទុកចិត្ត ទើប​មក​ពឹងពាក់​យ៉ាង​ដូច្នេះ​៕






Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu