នៅឆ្នាំ២០១៩ នេះមានកីឡាករសមាជិតក្រុមជម្រើសជាតិកម្ពុជា ចំនួន២នាក់កំពុងប្រកបអាជីពនៅលីគកំពូលម៉ាឡេស៊ី (Malaysia Super League) ដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ជាសមាជិកក្លិបបាល់ទាត់ PKNS (Kelab Bolasepak Perbadanan Kemajuan Negeri Selangor) និងកីឡាករ ធារី ចន្ថាប៊ីន សមាជិករបស់ក្លិបTerengganu FA។
ក្រៅពីប្រកួតក្នុងពានរង្វាន់លីគកំពូលម៉ាឡេស៊ី ក្រុមរបស់កីឡាករទាំង២សុទ្ធតែមានឱកាសប្រកួតក្នុងពានរង្វាន់ Malaysia FA Cup 2019 ដូចគ្នានៅវគ្គជម្រុះជុំទី៣ ខណៈកាលពីជុំទី២កន្លងទៅក្រុមTerengganu បានយកឈ្នះលើក្រុម ៥ទល់០ ខណៈក្រុម PKNS បានយកឈ្នះលើក្រុម Melaka United ដោយលទ្ធផល៣ទល់២ ហើយជ័យជម្នះនេះដែរកីឡាករ ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់១គ្រាប់ផងដែរ។
នៅក្នុងវគ្គជម្រុះជុំទី៣នេះនៅសល់ក្រុមចំនួន១៦ក្រុមដោយត្រូវប្រកួតនៅថ្ងៃទី១៦-១៧ ខែមេសា ឆ្នាំ២០១៩ ដោយក្រុមPKNS ប៉ះម្ចាស់ផ្ទះ Johor Darul Ta'zim ហើយក្រុម Terengganu FA ប៉ះក្រុម Kelantan United។ ចំណែកប្រកួតផ្សេងទៀតក្រុម Selangor ប៉ះក្រុម Felda United ហើយក្រុម Kedah ជួបក្រុម Petaling Jaya City ក្រុម Pulau Pinang ប៉ះក្រុម Kuala Lumpur ហើយក្រុម UKM ជួបក្រុម Pahang ក្រុម PKNP ប៉ះក្រុម PDRM ឬ Sarawak និងក្រុម jerantut ជួបក្រុម Perak។
យ៉ាងណាក្តីនៅចុងសប្ដាហ៍នេះក្រុមរបស់កីឡាករទាំង២ត្រូវប្រកួតសប្ដាហ៍ទី៩ នៃពានរង្វាន់លីគកំពូលម៉ាឡេស៊ី សិនគឺក្រុមTerengganu FA ត្រូវធ្វើដំណើរទៅកាន់ទីក្រុង Alor Setar ដោយប៉ះម្ចាស់ផ្ទះ Kedah នៅកីឡដ្ឋានStadium Darul Aman នៅវេលាម៉ោង៨យប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៩ ខណៈក្រុម PKNS វិញត្រូវបើកទ្វារកីឡដ្ឋានStadium Shah Alam ក្នុងទីក្រុងShah Alam របស់ខ្លួនទទួលក្រុម Pahang FA នៅវេលាម៉ោង៨យប់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩។
ចំពោះប្រទេសកម្ពុជា ធ្លាប់មានកីឡាករ៤នាក់ចេញទៅប្រកបអាជីពនៅលីគកំពូលប្រទេសម៉ាឡេស៊ី កាលពីឆ្នាំ២០១៨ កន្លងទៅដោយក្នុងនោះមានកីឡាករ ចាន់ វឌ្ឍនាកា ចូលរួមក្លិប Pahang FA ហើយកីឡាករ កែវ សុខផេង ចូលរួមក្លិប PKNP កីឡាករ ប្រាក់ មុន្នីឧត្តម ចូលក្លិបNegeri Sembilan និងកីឡាករ ធារី ចន្ថាប៊ីន ចូលរួមក្លិបTerengganu FA។ ក្នុងចំណោមកីឡាករទាំង៤មាន៣នាក់ត្រូវក្លិបសម្រេចបញ្ចប់កិច្ចសន្យាត្រឹមពាក់កណ្ដាលរដូវកាលហើយមានតែ ធារី ចន្ថាប៊ីន ប៉ុណ្ណោះក្លិបរក្សាកិច្ចសន្យារហូតដល់ចប់រដូវកាលព្រមទាំងបន្តកិច្ចសន្យារហូតដល់ឆ្នាំ២០១៩នេះទៀត៕
Source: Kampuchea Thmey Daily
0 Comments