សហរដ្ឋអាមេរិក ៖ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិស្តីពី ប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក “PASOC19” តាមការអញ្ជើញរបស់មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក នេះបើតាមការបញ្ជាក់នៅបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត។
លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងនេះថា “ចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក “PASOC 19” តាមការអញ្ជើញរបស់មេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក”។ ក្នុងឱកាសនោះដែរ លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានជួបពិភាក្សាការងារជាមួយមេបញ្ជាការ បញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិកនៃកងទ័ពសហរដ្ឋអាមេរិក ក្នុងគោលបំណងរឹតបន្តឹងចំណងមិត្តភាព និងសហប្រតិបត្តិការ នៃកងទ័ពប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា លោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកងទ័ពកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការជាលើកដំបូងនៅសហរដ្ឋអាមេរិក ដែលទស្សនកិច្ចនេះ ធ្វើឡើងចាប់ពីថ្ងៃទី៨ ដល់១២ ខែមេសា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់ មេបញ្ជាការ នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស តំបន់ប៉ាស៊ីហ្វិក នៃកងទ័ពសហរដ្ឋអាមេរិក។
ទោះបីកន្លងទៅមជ្ឈដ្ឋានប្រឆាំងមួយចំនួន ខំបំប៉ោងថា សហរដ្ឋអាមេរិក បានដាក់លោកឧត្ដមសេនីយ៍ ក្នុងបញ្ជីបម្រាមមិនឲ្យទៅសហរដ្ឋអាមេរិក ប៉ុន្តែរដ្ឋបាល និងកងទ័ពសហរដ្ឋអាមេរិក នៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយ លោកឧឧត្ដមសេនីយ៍ឯក ជាក់ស្ដែងការអញ្ជើញ លោកឧត្ដមសេនីយ៍ឯក ទៅទស្សនកិច្ចផ្លូវការនេះ៕
Source: Kampuchea Thmey Daily
0 Comments