Ad Code

ប្រជាពលរដ្ឋ​អេ​ហ្ស៊ី​ប​បោះឆ្នោត​ក្នុង​ការធ្វើប្រជាមតិ​ដើម្បី​ពង្រីក​ការគ្រប់គ្រង​របស់លោក Sisi



​ប្រជាជន​អេហ្ស៊ីប​បានចាប់ផ្តើម​បោះឆ្នោត​នៅ​ថ្ងៃ​សៅរ៍​ក្នុង​ការធ្វើប្រជាមតិ​មួយ​ដែលមាន​គោលបំណង​ពង្រឹង​ការគ្រប់គ្រង​របស់លោក​ប្រធានាធិបតី Abdel Fattah al-Sisi​។ថ្វីបើ​មានការ​តវ៉ា​ពី​ក្រុម​សិទ្ធិមនុស្ស​ក្ដី​ ក៏​ការធ្វើ​ប្រជាមតិ​រយៈពេល​បី​ថ្ងៃនេះ​ត្រូវបាន​គេ​រំពឹងថា​នឹង​អនុម័ត​លើ​ការកែប្រែ​រដ្ឋធម្មនុញ្ញ​ដ៏​ទូលំទូលាយ​ដែល​នឹង​ពង្រីក​អាណត្តិ​របស់លោក Sisi រហូតដល់​យ៉ាងហោចណាស់​ឆ្នាំ​២០២៤​នៅក្នុង​រដ្ឋ​ធំ​បំផុត​របស់​អារ៉ាប់​មួយ​នេះ​។

​លើសពីនេះ​ទៀត ការធ្វើ​វិសោធនកម្ម​នេះ​នឹង​អនុញ្ញាត​ឲ្យ​លោក Sisi ​ឈរឈ្មោះ​សម្រាប់​អាណត្តិ​រយៈពេល​៦​ឆ្នាំ​ទៀតហើយ​បង្កើន​ការគ្រប់គ្រង​របស់លោក​លើ​ប្រព័ន្ធ​តុលាការ​និង​ផ្ដល់​ឲ្យ​យោធា​នូវ​ឥទ្ធិពល​កាន់តែខ្លាំង​ថែមទៀត​។បុរស​វ័យ​៦៤​ឆ្នាំ​រូបនេះ​បាន​ចាប់យក​អំណាច​នៅក្នុង​ឆ្នាំ​ដ៏​ច្របូកច្របល់​បន្ទាប់ពី​បាតុកម្ម Arab Spring ឆ្នាំ​២០១១​បាន​ផ្ដួល​រំលំ​មេដឹកនាំ​យូរអង្វែង​លោក Hosni Mubarak ហើយ​ក្រោយមក​ត្រូវ​កាន់ តំណែង​ដោយ​ប្រធានាធិបតី​ឥស្លាម​លោក Mohamed Morsi ។

​លោក Sisi បាន​ទម្លាក់​លោក Morsi ក្នុង​ឆ្នាំ​២០១៣​ហើយ​ឆ្នាំ​បន្ទាប់​ លោក​បានឈ្នះ​តំណែង​ជា​ប្រធានាធិបតី​អាណត្តិ​ដំបូង​។ គាត់​បាន​ជាប់ឆ្នោត​ជាថ្មី​ នៅក្នុង​ខែមីនា​ឆ្នាំ​២០១៨​ជាមួយ​សំឡេង​ជាង​៩៧​ភាគរយ​បន្ទាប់ពី​បាន​ឈរឈ្មោះ​ដោយ​គ្មាន​ការប្រឆាំង​។ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​បាន​រិះគន់​ការបោះឆ្នោត​ទាំងពីរ​ខណៈ​រដ្ឋាភិបាល​របស់លោក Sisi បាន​ទទួលរង​ការរិះគន់​យ៉ាង​ទូលំទូលាយ​ចំពោះ​ការ​បង្ក្រាប​យ៉ាង​ឃោរឃៅ​លើ​គូប្រជែង​របស់ខ្លួន​ទាំង​ក្រុម​ឥស្លាម​និយម​និង​ក្រុម​មិនមាន​សាសនា​។

​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​ចោទ​ប្រកាន់ថា ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​នេះ​មានគោលបំណង ពង្រឹង​ការគ្រប់គ្រង​ផ្តាច់ការ​របស់លោក Sisi ខណៈពេលដែល​អង្គការ​លើកលែងទោស​បាន​និយាយថា សភា​បានបង្ហាញ​ពី​ការមិន​គោរព​សិទ្ធិមនុស្ស​។​  ​គួរ​បញ្ជាក់ថា សម្រាប់​រយៈពេល​ប៉ុន្មាន​សប្តាហ៍​កន្លងមកនេះ ផ្លូវ​នានា​របស់​ប្រទេស​អេ​ហ្ស៊ី​ប​គឺ​ពោរពេញ​ទៅដោយ​បដា​និង​ផ្ទាំង​ប៉ាណូ​ដែល​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​អ្វីដែល​ត្រឹមត្រូវ​ហើយ​បោះឆ្នោត “Yes”៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu