Ad Code

ប្រជាពលរដ្ឋ ​នាំគ្នា​ទៅសុំ​ទឹកមន្ត​ ដែល​ចេញ​នៅលើ​កំពូលភ្នំ​វត្តភ្នំ​ខ្លែង​ សុំ​សេចក្តីសុខ​ នា​ថ្ងៃបុណ្យ​ចូល​ឆ្នាំ​



​ភ្នំពេញ ៖ នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​កន្លងទៅនេះ​ បងប្អូន​ប្រជាពលរដ្ឋ​ មកពី​តាម​បណ្តា​ ខេត្ត ​ក្រុង​នានា បាននាំគ្នា​ទៅសុំ​ទឹកមន្ត​យកមក​ប្រោះព្រំ​ ដែល​ទឹកមន្ត​នេះ​ គឺ​ចេញពី​ល្អាង​ថ្មភ្នំ​ ស្ថិតនៅលើ​កំពូលភ្នំ​ នៃ​វត្តភ្នំ​ខ្លែង​។​

យោងតាម​ប្រភពពី​ លោកតា​ ចាំង យឿ​ង អាយុ​៦២​ឆ្នាំ​ ដែល​ចាំ​ដងទឹក​មន្ត​នៅ​ល្អាង​ថ្ម​បាន​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹងថា​ ជា​រៀងរាល់ថ្ងៃ​ មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​/ក្រុង ​បាននាំគ្នា​មកសុំ​ទឹកមន្ត​សក្ដិសិទ្ធិ ​ដែល​ស្ថិតនៅលើ​កំពូលភ្នំ​ក្នុង​វត្តភ្នំ​ខ្លែង ​ដែលមាន​ទីតាំង​ក្នុងភូមិ​ភ្នំ​ខ្លែង ឃុំ​ព្រៃស្លឹក ​ស្រុក​ទ្រាំង ​ខេត្ត​តាកែវ​។​ ទឹកមន្ត​នេះ​ គឺ​ចេញពី​ល្អាង​ថ្មភ្នំ​ ហើយ​ដង​មិនចេះ​អស់​ អញ្ចឹង​ហើយ ​ទើប​ចាស់ៗ​និយាយ​ថា​ ជា​ទឹកមន្ត​អាច​យកទៅ​ប្រោះព្រំ​ឲ្យ​មាន​សេចក្តីសុខ ​និង​យកទៅ​ចែកចាយ​ដល់​ក្រុម​គ្រួសារ​ដែល​ពុំ​បាន​មកសុំ​ផ្ទាល់​នោះ​។​

លោកតា​បន្តថា ​ទឹកមន្ត​នេះ​ គឺ​បានកកើតឡើង​តាំងពីដើម​មក​ ដែល​និយាយ​រួម​ គឺ​តាំងពី​ជំនាន់​សម្ដេចឪ​មកម្ល៉េះ​។ ​ហើយ​មកដល់​ជំនាន់​ ប៉ុល ពត​ ត្រូវបាន​មេ​ខ្មែរក្រហម ​យក​គ្រឿងចក្រ​មក​ឈូស​រំលាយ​ភ្នំ​នេះ ​តែដោយសារ​បារមី​សក្ដិសិទ្ធិ ​គឺ​គ្រឿងចក្រ​ដែល​មក​ឈូសឆាយ​បាន​ខូច​ជាច្រើន​គ្រឿង​ទើប​ពួកគេ​បញ្ឈប់​ទៅវិញ ​រហូតដល់​របប​ខ្មែរក្រហម​ ត្រូវ​រលំរលាយ​ទៅ​។​ លុះ​មកដល់​សព្វថ្ងៃ​ វត្តភ្នំ​ខ្លែង​ ត្រូវបាន​សាងសង់ ​និង​មាន​ព្រះពុទ្ធ​បដិមាករ​ពូកែ​សក្ដិសិទ្ធិ ​ហើយ​អ្វីដែល​ប្រជាពលរដ្ឋ​មាន​ជំនឿ​ខ្លាំង​លើសលប់​នោះ​ គឺ​ឲ្យ​តែ​ចង់​ប្រាថ្នា​អ្វី​ គេ​មក​បន់ស្រន់ ​គឺ​បានសម្រេច​ដូច​ក្តី​បំណង​ ទើប​គេ​សង្កេត​ឃើញ​មាន​ប្រជាពលរដ្ឋ​មកពី​តាម​បណ្តា​ខេត្ត​ឆ្ងាយៗ​មក​បន់ស្រន់​ ព្រោះ​គេ​ជឿជាក់ថា​ បារមី​វត្តភ្នំ​ខ្លែង​ពូកែ​ណាស់​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu