ភ្នំពេញ ៖ ក្រសួងសុខាភិបាល គ្រោងនឹងបង្កើតប្រព័ន្ធ Appដែលអាចដំឡើងជាមួយទូរស័ព្ទដៃ (Smart Phone) និងកុំព្យូទ័រសម្រាប់អនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីក្រីក្រមានផ្ទៃពោះនិងកុមារអាយុក្រោម២ឆ្នាំដែលរាជរដ្ឋាភិបាលទើបបានអនុម័តកាលពីពេលថ្មីៗនេះ។
ថ្លែងនៅក្នុងកម្មវិធីបណ្ដុះបណ្ដាល ស្ដីពីការប្រើប្រាស់ប្រព័ន្ធកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំកាលពីព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា ការបង្កើតប្រព័ន្ធ App ដែលអាចដំឡើងជាមួយទូរស័ព្ទដៃ (Smart Phone) និងកុំព្យូទ័រនេះគឺសម្រាប់កត់ត្រាអ្នកប្រើប្រាស់ ការបញ្ចូលព័ត៌មានអ្នកទទួលសេវា ការកត់ត្រាទិន្នន័យ ការបញ្ចូលទិន្នន័យ ទូទាត់ទៅប្រព័ន្ធបើកសាច់ប្រាក់ និងការបង្កើតរបាយការណ៍។
លោកស្រី យក់ សម្បត្តិ បានបន្តថា ដើម្បីផ្ទេរ និងបើកសាច់ប្រាក់ក្រសួង បានជ្រើសរើសយកធនាគារឯកទេសវីង ជាភ្នាក់ងារប្រតិបត្តិការផ្ទេរសាច់ប្រាក់ ដែលមានសាខារបស់ខ្លួនប្រមាណជាង៦,០០០កន្លែងទូទាំងប្រទេសជាដៃ ហើយធនាគារឯកទេសវីង នឹងរៀបចំបើកគណនី និងការធ្វើកាតសម្រាប់ស្ដ្រីម្នាក់ៗ ដែលមានកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ អាចប្រើប្រាស់បានគ្រប់ទីកន្លែង និងមានរយៈពេលប្រើប្រាស់ប្រាំឆ្នាំ ហើយសាច់ប្រាក់ ដែលបានអនុម័តហើយ អ្នកទទួលផលអាចទៅដក ឬរក្សាទុកក្នុងគណនីសាមីខ្លួនបាន។
លោក សុខ សំអាង អគ្គនាយករដ្ឋបាល និងហរិញ្ញវត្ថុ នៃក្រសួងសុខាភិបាល បានឲ្យដឹងដែរថា ការបង្កើត App នេះឡើង គឺដើម្បីជួយសម្រួលដល់ការលំបាក របស់អង្គភាពមន្ទីរពេទ្យនៅតាមមូលដ្ឋានទាំងអស់ ដែលជួប និងពិនិត្យដោយផ្ទាល់ទៅលើស្ដ្រីក្រីក្រមានផ្ទៃពោះ។ ម្យ៉ាងទៀត ក្រសួងក៏ងាយស្រួលក្នុងការគ្រប់គ្រងទិន្នន័យចំពោះស្ដ្រីក្រីក្រមានផ្ទៃពោះ ដែលត្រូវផ្ដល់ថវិកាជូនផងដែរ។
លោកស្រី យក់ សម្បត្តិ បានបញ្ជាក់ថា ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន បានសម្រេចឧបត្ថម្ភសាច់ប្រាក់ជូនស្ដ្រីក្រីក្រមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ពោលមានរយៈពេល១,០០០ថ្ងៃ ដែលថវិកាសរុបត្រូវផ្ទេរជូនស្ដ្រីក្រីក្រម្នាក់ ស្មើនឹង៧៦០,០០០រៀល។
លោកស្រីរដ្ឋលេខាធិការបានឲ្យដឹងទៀតថា ចំពោះលក្ខខណ្ឌនៃការផ្ដល់ប្រាក់នេះ ត្រូវបានបែងចែកជា៣ដំណាក់កាលគឺដំណាក់កាលទី១ ៖ ពិនិត្យផ្ទៃពោះ៤ដង តាមកាលកំណត់ អំឡុងពេលមានផ្ទៃពោះ (ម្ដងៗទទួលបាន៤ម៉ឺនរៀល), ដំណាក់កាលទី២៖ ពេលសម្រាលទទួលប្រាក់ឧបត្ថម្ភម្ដងគត់ ចំនួន២០ម៉ឺនរៀល និងដំណាក់កាលទី៣៖ ពិនិត្យក្រោយពេលសម្រាល ៤ដងតាមកាលកំណត់សម្រាប់ម្ដាយ និងទារក និងបន្ដ៤ដងទៀត តាមកាលកំណត់សម្រាប់កូន (ម្ដងៗទទួលបាន៤ម៉ឺនរៀល)៕
Source: Kampuchea Thmey Daily
0 Comments