នាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May កាលពីថ្ងៃពុធបានបណ្ដេញរដ្ឋមន្ត្រីក្រសួងការពារជាតិលោក Gavin Williamson បន្ទាប់ពីការស៊ើបអង្កេតមួយទៅលើការលេចធ្លាយព័ត៌មានដែលថា ចក្រភពអង់គ្លេស បានអនុញ្ញាតឲ្យក្រុមហ៊ុន Huawei របស់ប្រទេសចិនអភិវឌ្ឍន៍បណ្តាញ 5G របស់ខ្លួន។
អ្នកនាំពាក្យរបស់ការិយាល័យ Downing Street បាននិយាយថា “លោកស្រីនាយករដ្ឋមន្ត្រីបានស្នើឲ្យលោក Gavin Williamson ចាកចេញពីរដ្ឋាភិបាលដោយសារតែបាត់បង់ទំនុកចិត្តលើសមត្ថភាពរបស់លោកក្នុងការបំពេញមុខងារជារដ្ឋមន្ត្រីការពារជាតិនិងជាសមាជិកនៃគណៈរដ្ឋមន្ត្រីរបស់លោកស្រី”។
លោកស្រី May បាននិយាយនៅក្នុងលិខិតមួយទៅកាន់លោក Williamson ថា “ការស៊ើបអង្កេតនេះបានផ្តល់នូវភស្តុតាងគួរឲ្យជឿជាក់ដែលបង្ហាញពីការទទួលខុសត្រូវរបស់អ្នកចំពោះការលាតត្រដាងដោយគ្មានការអនុញ្ញាតពីកិច្ចប្រជុំកាលពីថ្ងៃទី២៣ ខែមេសារបស់ក្រុមប្រឹក្សាសន្តិសុខជាតិ (NSC) បើទោះបីជាលោកបានបដិសេធការទទួលខុសត្រូវយ៉ាងដាច់អហង្កាក៏ដោយ”។
លោកស្រីបានបន្ថែមថា “នេះជាបញ្ហាធ្ងន់ធ្ងរនិងជាការខកចិត្តដ៏ធំមួយ”។ ឥឡូវនេះ លោក Williamson កំពុងប្រឈមមុខនឹងលទ្ធភាពនៃការស៊ើបអង្កេតព្រហ្មទណ្ឌ។
ទន្ទឹមនោះ លោក Williamson បានឆ្លើយតបនៅក្នុងលិខិតមួយទៅលោកស្រី May ដោយនិយាយថា លោកសោកស្តាយចំពោះការលេចធ្លាយថ្មីៗនេះដែលមានប្រភពចេញពីក្រសួងការពារជាតិ។
លោកនិយាយថា “ខ្ញុំសូមបដិសេធយ៉ាងដាច់អហង្កាថា ខ្ញុំមិនពាក់ព័ន្ធនឹងការលេចធ្លាយនេះទេហើយខ្ញុំជឿជាក់ថា ការស៊ើបអង្កេតច្បាស់លាស់និងត្រឹមត្រូវនឹងបង្ហាញពីជំហររបស់ខ្ញុំ”។
វិមាន Downing Street បានប្រកាសថា លោកស្រី Penny Mordaunt ដែលជារដ្ឋមន្ត្រីក្រសួងកិច្ចការនារីនិងសមភាពនឹងជំនួសតំណែងលោក Williamson ហើយក្លាយទៅជារដ្ឋមន្ត្រីក្រសួងការពារភេទស្ត្រីដំបូងគេរបស់ចក្រភពអង់គ្លេស។
រដ្ឋាភិបាលអង់គ្លេសត្រូវបានរំខានដោយរឿងអាស្រូវកាលពីខែមុនពាក់ព័ន្ធការលេចធ្លាយព័ត៌មានដែលថា លោកស្រី May នឹងអនុញ្ញាតឲ្យក្រុមហ៊ុន Huawei អភិវឌ្ឍបណ្តាញ 5G របស់អង់គ្លេស។
ការសម្រេចចិត្តនេះត្រូវបានគេរាយការណ៍ថាបានធ្វើឡើងក្នុងកិច្ចប្រជុំរបស់ NSC កាលពីថ្ងៃទី២៣ខែមេសា។
សហរដ្ឋអាមេរិកបានជំទាស់យ៉ាងខ្លាំងចំពោះការចូលរួមរបស់ក្រុមហ៊ុន Huawei ដោយសារតែកាតព្វកិច្ចរបស់ក្រុមហ៊ុននេះស្ថិតនៅក្រោមច្បាប់ចិនដើម្បីជួយរដ្ឋាភិបាលរបស់ខ្លួនឲ្យប្រមូលព័ត៌មានសម្ងាត់ ឬផ្ដល់សេវាសន្តិសុខផ្សេងទៀតនៅពេលចាំបាច់៕ AFP
Source: Kampuchea Thmey Daily
0 Comments