Ad Code

​​តុលាការ​លើក​ពេល​កាត់ទោស​អតីត​អភិបាល​ខេត្ត​តាកែវ​ ដោយសារ​ចៅក្រម​ជំនុំជម្រះ​ម្នាក់​មាន​ជំងឺ



ភ្នំពេញ​ ៖​ លោក​ហម ម៉េង​សែ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី ២​ ខែ​ឧសភា ឆ្នាំ​២០២៩​នេះ បាន​សម្រេច​ពន្យារពេល​ការ​កាត់ទោស​អតីត​អភិបាល​ខេត្ត​តាកែវ លោក​ឡាយ វណ្ណៈ ដោយ​មិន​កំណត់​ដោយសារ​លោក​ចៅក្រម​ឈ្មោះ​ស្វាយ តុញ ជា​ចៅក្រម​ប្រឹក្សា​ក្នុង​រឿងក្ដី​នេះ​ មាន​ជំងឺ​មិន​អាច​ចូលរួម​សវនាការ​បាន។

បន្ទាប់ពី​តុលាការ​ប្រកាស​លើក​ពេល​សវនាការ​ ដោយសារ​អវត្តមាន​ចៅក្រម​ប្រឹក្សា​ម្នាក់, អនុរក្ស​ពន្ធនាគារ​ បាន​បញ្ជូន​ជនជាប់ចោទ​ទាំង​៤​នាក់​ទៅកាន់​ពន្ធនាគារ​វិញ រង់ចាំ​ការ​កោះហៅ​របស់​តុលាការ​ជាថ្មី។

តាម​ការ​គ្រោង​ទុក នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែ​​ឧសភា ឆ្នាំ​២០១៩​នេះ តុលាការ​ នឹង​បន្ត​សវនាការ​លើ​សំណុំរឿង​អតីត​អភិបាល​ខេត្ត​តាកែវ លោក​ឡាយ វណ្ណៈ ព្រមទាំង​បងប្រុស ឡាយ ណា​រិ​ទ្ធ អតីត​ស្នងការ​រង​នគរបាល​ខេត្ត​តាកែវ ដែល​ជាប់ចោទ​ពី​បទ​ឃាតកម្ម ​​ក្នុង​បទ​លាក់​តម្រុយ។ សវនាការ​បន្ត​នេះ​ តុលាការ​នឹង​ផ្ដោត​លើ​ការ​បង្ហាញ​ភស្តុតាង​របស់​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​ដាក់​បន្ទុក​លើ​លោក​ឡាយ វណ្ណៈ អោយ​ជាប់ពិរុទ្ធ ព្រមទាំង​សាក្សី​មួយ​ចំនួន​ទៀត។

កាលពី​ខែ​មេសា ឆ្នាំ​២០១៩ តុលាការ​បាន​ស្ដាប់​និង​ពិនិត្យ​នូវ​របាយការណ៍​និង​ភស្តុតាង​មួយ​ចំនួន​របស់​សមត្ថកិច្ច​ខេត្ត​តាកែវ​ ដែល​បញ្ជាក់​ថា ​ជនរងគ្រោះ​ បាន​ធ្វើ​អត្តឃាត មិន​មែន​ជា​ករណី​ឃាតកម្ម​​​ដូច​ការចោទប្រកាន់​ទេ។

សូម​រំលឹក​ថា ​នៅ​ក្នុង​សំណុំ​រឿង​នេះ តុលាការ​បាន​ចោទប្រកាន់​លើ​ជនជាប់ចោទ ទី​១​ឈ្មោះ ឡាយ វណ្ណ​: ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ និង​ទី​២​ឈ្មោះ ឡាយ ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ (​ជា​បងប្រុស របស់​លោក​ឡាយ វណ្ណៈ​) ពី​បទ​ឃាតកម្ម​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ ​សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​១៩៩ ​នៃ​ក្រមព្រហ្មទណ្ឌ។

ជន​ជាប់ចោទ​ទី​៣​ឈ្មោះ​ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស ​អាយុ​៣៦​ឆ្នាំ ​ជា​តៃកុង​ឡាន​របស់​លោក ឡាយ វណ្ណ​: និង​ទី​៤​ឈ្មោះ ជឹម វុ​ធ ហៅ​ថូត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​លោក​ស្រី ចែវ សុ​វ​ឌ្ឍ​នា ពីបទ លាក់​បំបាំង​តម្រុយ​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ។
លោកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះឃើញ​ស្លាប់​ដោយ​ចងក​នៅ​ក្នុង​បន្ទប់​គេង​របស់​នាង នៅក្នុង​ផ្ទះជួល​ដ៏​ធំ​មួយ​ដែល​លោក ឡាយ វណ្ណៈ ជា​អ្នក​ជួល​ឲ្យ នៅក្នុង​ភូមិ​ផ្សារ​តា​កោរ សង្កាត់រ​ការ​ក្នុង ក្រុង​ដូន​កែវ ខេត្ត​តាកែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៨​កន្លងទៅ។

ភ្លាមៗ​ករណី​នេះ ត្រូវ​សមត្ថកិច្ច​ខេត្ត​តាកែវ​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត​ព្រោះតែ​វិបត្តិ​ស្នេហា ប៉ុន្តែ​ក្រោយពី​បើក​ការស្រាវជ្រាវ ​សមត្ថកិច្ច​ជំនាញ​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​រក​ឃើញ​ថា ​ករណី​ខាងលើ មិនមែន​ជា​រឿង អត្តឃាត​ឡើយ ពោល​គឺជា​រឿង ឃាតកម្ម​ទៅវិញ ដោយមាន​អ្នកបញ្ជា និង​រៀបចំ​ទុក​ដើម្បី​សម្លាប់​ជនរងគ្រោះ​។​ក្រោយពី​បើក​ការស៊ើបអង្កេត សមត្ថកិច្ច​ជំនាញ បាន​ឃាត់ខ្លួន​ក្រុម​ជនជាប់ចោទ​ទាំង ៤​នាក់​ខាងលើ​បញ្ជូនមក​តុលាការ​ឃុំខ្លួន​រហូតដល់​ថ្ងៃ​កាត់ទោស​នេះ។

សវនាការ​កន្លងមក​លោក​ឡាយ វណ្ណៈ ដែល​ជា​អ្នក​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​ក្នុង​អន្លង់​ស្នេហ៍​ដ៏​សែន​ផ្អែមល្ហែម​មាន​ជម្រៅ​កាត់ថ្លៃ​ពុំបាន តែងតែ​បដិសេធ​ថា ​ខ្លួន​មិន​ល្ងង់ខ្លៅ​រហូត​សម្លាប់​ស្រី​កំណាន់​របស់​ខ្លួន​នោះ​ឡើយ៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu