Ad Code

ក្រសួង​ការងារ​ រក​ឃើញ​ម្ចាស់​ជ័យ​លាភី​សម្រស់​ឯក​វាយនភណ្ឌ​ប្រចាំ​ឆ្នាំ​២០១៩



ភ្នំពេញ ​៖​ ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ​បាន​រក​ឃើញ​ម្ចាស់​ជ័យលាភី​សម្រស់​ឯក​វាយនភណ្ឌ​ប្រចាំ​ឆ្នាំ​២០១៩​ហើយ​ បន្ទាប់ពី​ធ្វើការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កាលពី​រាត្រី​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៩​រួចមក ​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន​ស្ទឹងមានជ័យ ក្រោម​អធិបតីភាព​លោក​បណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ។

បេក្ខជន​-​បេក្ខនារី​សម្រស់​ឯក​វាយនភណ្ឌ ឆ្នាំ​២០១៩​នេះ រួមមាន​សម្រាប់​បេក្ខជន​ ៖ ​ជ័យលាភី​លេខ​១ បាន​ទៅលើ​បេក្ខជន លឿង វិសាល ពាក់​ស្លាក​លេខ​៨ មកពី​មណ្ឌល​រាជធានី​ភ្នំពេញ​ជ័យលាភី​លេខ​២ បាន​ទៅលើ​បេក្ខជន សុខ មនោ​ចិន ពាក់​ស្លាក​លេខ​៩ មកពី​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​ជ័យលាភី លេខ​៣ បាន​ទៅលើ​បេក្ខជន រដ្ឋា ថៃ​លី ពាក់​ស្លាក​លេខ​៧ មកពី​មណ្ឌល​ខេត្តស្វាយរៀង​។​

សម្រាប់​បេក្ខនារី​វិញ​ជ័យលាភី​លេខ​១ បាន​ទៅលើ​បេ​ក្ខ​នារី យ៉ុ​ន កាន់​ទី​ម៉ា ពាក់​ស្លាក​លេខ​២ មកពី​មណ្ឌល​រាជធានី​ភ្នំពេញ​ជ័យលាភី​លេខ​២ បាន​ទៅលើ​បេ​ក្ខ​នារី សុន ស្រី​ពៅ ពាក់​ស្លាក​លេខ​៣ មកពី​មណ្ឌល​ខេត្ត​ស្វាយរៀង​ជ័យ​លាភី​លេខ​៣ បាន​ទៅលើ​បេ​ក្ខ​នារី លី ណៃ​ហ៊ាង ពាក់​ស្លាក​លេខ​៧ មកពី​មណ្ឌល​រាជធានី​ភ្នំពេញ​។​

ចំពោះ​រង្វាន់​សម្រាប់​បេក្ខជន​-​បក្ខ​នារី ដែល​ចូលរួម​ក្នុងការ​ប្រឡង​វិញ រួមមាន​៖​ជ័យលាភី​លេខ​១ ទទួលបាន​ថវិកា​ចំនួន ៥​លាន​រៀល​, ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​,​ថវិកា ៥០០​ដុល្លារ ពី​ទ្រូ​ម៉ា​នី​, គូ​ប៉ុង​ចំនួន ១​លាន​រៀន​ពី​ហាង​លក់​សម្លៀក​បំពាក់ Mr. Man, រ៉ូ​ប​រាត្រីសមោសរ និង​អាវ​ខ្មែរ​ពី​ហាង​កាត់ដេរ បូរ៉ា​និ​ច​។​

ជ័យលាភី​លេខ​២ ទទួលបាន​ថវិកា​ចំនួន ៤​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​ជ័យលាភី​លេខ​៣ ទទួលបាន​ថវិកា​ចំនួន ៣​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​ជ័យលាភី​កិត្តិយស​ទទួល​បាន​ថវិកា​ចំនួន ២​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​និង​បេក្ខជន​ដែល​មិន​ទទួលបាន​ជ័យលាភី ក៏​ទទួលបាន​ថវិកា​ចំនួន ១​លាន​រៀល និង​ម៉ូតូ Honda Beat ចំនួន ១​គ្រឿង​ផងដែរ​។​

លោក​បណ្ឌិត អ៊ិត សំហេង បាន​មានប្រសាសន៍ថា​ការរៀបចំ​កម្មវិធី​សម្រស់​ឯក​វាយ​ន​ភណ្ឌ ត្រូវបាន​បង្កើតឡើង​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ចំនួន​៤​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០១៥ ឆ្នាំ​២០១៦ ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ដោយ​ទទួល​បាន​ជោគជ័យ និង​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សាធារណជន ជាពិសេស​ពី​ក្មួយៗ​កម្មករ​-​កម្មការិនី​យើង។

លោក​រដ្ឋមន្ត្រី​បាន​បន្តថា ឆ្នាំនេះ គឺជា​លើក​ទី​៥ ហើយ ដែល​ក្រសួង​ការងារ​បាន​រៀបចំ​កម្ម​វិធី​សម្រស់​ឯក​វាយនភណ្ឌ ដែល​កាន់​តែ​មាន​លក្ខណៈ​ទូលំទូលាយ​ជាង​មុន ដោយមាន​ការចូលរួម​ពី​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) អគ្គនាយកដ្ឋាន​វិទ្យុ និង​ទូរទស្សន៍​បាយ័ន ក្រុមប្រឹក្សា​សហជីព​ជាតិ​កម្ពុជា (CCNU) និង​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា (NACC) និង​ដៃគូ​ពាក់ព័ន្ធ​នានា សំដៅ​លើក​តម្លៃ​កម្មករ​-​កម្មការិនី និង​បង្កើត​នូវ​បរិយាកាស​សប្បាយរីករាយ​ជូន​កម្មករ​-​កម្មការិនី ដែល​កំពុង​បម្រើ​ការងារ​ក្នុង​ឧស្សាហកម្ម​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា និង​វិស័យ​សេដ្ឋកិច្ច​ផ្សេងៗ​ទៀត ក្នុង​ឱកាស​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​១៣៣ ទិវា​ពលកម្ម​អន្តរជាតិ ក្រោម​ប្រធានបទ «​កិច្ច​គាំពារ​សង្គម ដើម្បី​ផលិតភាព »​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមទៀតថា ​« ការរៀបចំ​កម្មវិធី​ដ៏​សប្បាយរីករាយ​ថ្ងៃនេះ ផ្តើម​ពី​ជោគជ័យ​របស់​រាជរដ្ឋាភិបាល​ក្នុងការ​រក្សាបាន​នូវ​សុខសន្តិភាព ស្ថិរភាព និង​ការអភិវឌ្ឍ​ ​ដែល​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​ខ្ពស់ជាង ៧%​ក្នុង​មួយឆ្នាំ ដែល​បង្កើត​នូវ​ឱកាស​ការងារ​ជូន​ប្រជាពលរដ្ឋ​យើង​ជាង ៩៩,៣% ជោគជ័យ​នៃ​ការអនុវត្ត​នូវ​សិទ្ធិ​ការងារ ការ​លើកកម្ពស់​លក្ខខណ្ឌ​ការងារ ការ​លើកកម្ពស់​តម្លៃ​ការងារ និង​ជីវភាព​រស់នៅ​ដល់​ក្មួយៗ​កម្មករ​និយោជិត រួម​ទាំង​កិច្ច​គាំពារ​សង្គម​ប្រកបដោយ​ផ្លែផ្កា​»​។

លោក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀតថា​ តាមរយៈ​កម្មវិធី​នេះ យើង​សង្ឃឹម​ជឿជាក់ថា ក្មួយៗ​កម្មករ កម្មការិនី របស់​យើង​នឹង​កាន់តែ​ស្រឡាញ់ និង​មាន​មោទនភាព​ចំពោះ​ការងារ​ដែល ខ្លួន​កំពុងតែ​ធ្វើ សំដៅ​ចូលរួម​ធ្វើឱ្យ​កាន់តែ​ប្រសើរ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​។​

តាមរយៈ​ការប្រឡង​នេះ លោក​បណ្ឌិត​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​ក្មួយៗ​កម្មករ​-​កម្មការិនី​ត្រូវមាន​មោទនភាព​ថា ពិតជា​បានបង្ហាញ​ពី​សមត្ថភាព និង​ទេពកោសល្យ​របស់​ខ្លួន ដោយ​មិន​ត្រឹមតែ​ពូកែ​ការងារ​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​រូប​សម្ផស្ស​ស្រស់​ស្អាត មាន​ចំណេះដឹង​ពី​ច្បាប់​ពាក់ព័ន្ធ​វិស័យ​ការងារ និង​សន្តិសុខ​សង្គម និង​មាន​សមត្ថភាព​សិល្បៈ​ផ្សេងៗ​ទៀតផង។

លោក​បណ្ឌិត អ៊ិត សំហេង បាន​បញ្ជាក់​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​បន្ត​រៀបចំ​កម្មវិធី​នេះ​នៅ​ឆ្នាំក្រោយៗ​ទៀត ហើយ​សង្ឃឹមថា​កម្មករ​-​កម្មការិនី​នឹង​បន្ត​ចូលរួម​ក្នុង​កម្មវិធី​នេះ កាន់តែ​អធិកអធម​ថែមទៀត​។​

គួរ​បញ្ជាក់ថា​ សម្រស់​ឯក​វាយនភណ្ឌ ឆ្នាំ​២០១៨​កន្លងទៅ​សម្រាប់​បេក្ខជន​ជ័យលាភី​លេខ​១​បាន​ទៅលើ​បេក្ខជន ឌិន សិត ពាក់​ស្លាក​លេខ​៨ មកពី​មណ្ឌល​ភ្នំពេញ​។​ជ័យលាភី​លេខ​២ បាន​ទៅលើ​បេក្ខជន គង់ វិ​តាក់ ពាក់​ស្លាក​លេខ​១២​មកពី​មណ្ឌល​ភ្នំពេញ​។​ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេក្ខជន ទូត ទិ​ត្យា ពាក់​ស្លាក​លេខ​១៤ មកពី​មណ្ឌល​ព្រះសីហនុ​។​

សម្រាប់​បេ​ក្ខ​នារី​វិញ​ជ័យលាភី​លេខ​១ បាន​ទៅលើ​បេ​ក្ខ​នារី ញឿ​ន ស៊ូ​វិក​ញ្ញា ពាក់​ស្លាក​លេខ​៣ មកពី​មណ្ឌល​ភ្នំពេញ​។​ ជ័យលាភី​លេខ​២​បាន​ទៅលើ​បេក្ខនារី ប៊ិន អ៊័​ន ពាក់​ស្លាក​លេខ​៧ មកពី​មណ្ឌល​ព្រះសីហនុ​។ ​ជ័យលាភី​លេខ​៣ បាន​ទៅលើ​បេ​ក្ខ​នារី ហុក ណាគ្រី​ពាក់​ស្លាក​លេខ​១២ មកពី​មណ្ឌល​បន្ទាយមានជ័យ៕





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu