នៅយប់ថ្ងៃទី២ ខែឧសភានេះ ខេមរៈសហព័ន្ធតេក្វាន់ដូWT(World Taekwondo) នឹងបញ្ជូនកីឡាករ-កីឡាការិនីចំនួន១៤នាក់ និងគ្រូបង្វឹកចំនួន៣រូប ទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡាតេក្វាន់ដូ WT ជើងឯកអាស៊ាន ២០១៩ លើកទី១៤ “14nd ASEAN Taekwondo Championships 2019” នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន។
ក្នុងចំណោមកីឡាករ-កីឡាការិនីចំនួន១៤នាក់នោះ មានកីឡាករ-កីឡាការិនីថ្នាល៦នាក់ ដែលក្នុងនោះកីឡាការិនីមួយរូប និងកីឡាករ៥រូប។ ចំណែកកីឡាករ កីឡាការិនីជម្រើសជាតិវិញ មានចំនួន៨រូប គឺកីឡាករ៤រូប និង កីឡាការិនី៤រូប។
អ្វីដែលគួរឲ្យកត់សំគាល់នោះ កីឡាការិនី ស៊ន សៀវម៉ី ក៏មានឈ្មោះក្នុងបញ្ជី នៃការចូលរួមប្រកួតនេះដែរ។ កីឡាការិនីស៊ន សៀវម៉ី ដែលពេលនេះបានអះអាងថា ជង្គង់ដែលវះកាត់នោះបានជាសះស្បើយហើយ ហើយនាងនឹងធ្វើអ្វីៗឲ្យអស់ពីសមត្ថភាព។
ការចេញទៅប្រកួតនេះ ដឹកនាំដោយលោកChoi Yong Sok រួមជាមួយគ្រូជំនួយថ្នាល គឺ លោក ប៉ាន់ ខេមរា និង លោក លី ស៊ុនរដ្ឋា។ លោកChoi Yong Sok ហាក់ដូចជាមានជំនឿចិត្តចំពោះកីឡាការិនីស៊ន សៀវម៉ី ដោយលោកនិយាយថា យើងចេញទៅប្រជែងយកមេដាយ មិនមែនចេញទៅដើម្បីចាញ់នោះទេ។ ចំពោះកីឡាករថ្នាល ក៏ជាក្ដីសង្ឃឹមសម្រាប់ព្រឹត្តិការណ៍នេះដែរ។
លោក ជាតិ ខេមរា ដែលជាសមាជិកប្រតិបត្តិរបស់ខេមរសហព័ន្ធតេក្វាន់ដូ WTបានប្រាប់ដឹងថា ការប្រកួតខាងលើនេះ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងម៉ានិល ប្រទេសហ្វីលីពីន ហើយក្រុមកីឡាករ-កីឡាការិនីចំនួន១៤នាក់ និងគ្រូបង្វឹកចំនួន៣នាក់ នឹងចេញដំណើរនាយប់ថ្ងៃទី២ឧសភា៕
Source: Kampuchea Thmey Daily
0 Comments