កំពង់ចាម ៖ កុមារាអាយុ១១ឆ្នាំម្នាក់ ធ្លាប់មានជំងឺប្រកាច់ ហើយដើរកាត់ស្រះទឹក ស្រាប់តែបាត់ខ្លួនរកមិនឃើញ ធ្វើឲ្យអាណាព្យាបាលមានការចាប់អារម្មណ៍ ក៏ចុះក្នុងស្រះ ទើបប្រទះឃើញលង់ទឹកស្លាប់។
ប៉ូលិសបានបញ្ជាក់ថា នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១២និង១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ បានទទួលព័ត៌មានពី ឈ្មោះ សុខ ស្រឿន មេភូមិទី១៣ ថា នៅចំណុចស្រះចិញ្ចឹមត្រី របស់ឈ្មោះ ខាន់ ហុង ភេទស្រី អាយុ៧៣ឆ្នាំ ស្ថិតក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានករណីក្មេងលង់ទឹកស្រះចិញ្ចឹមត្រីស្លាប់ដោយខ្លួនឯង គឺជនរងគ្រោះឈ្មោះ ស ផាន់នុត ភេទប្រុស អាយុ១១ឆ្នាំ ជនជាតិខ្មែរ នៅភូមិ ទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាម មានឪពុក ឈ្មោះ អំ ចក់ អាយុ៦៥ឆ្នាំ ម្តាយ ឈ្មោះ សេង ធឿង អាយុ៥១ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ។
ប៉ូលិសបានបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះសូទិន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតានង់ ចុះដល់កន្លែងកើតហេតុ បង្កើតគណៈកម្មាធិការ ត្រួតពិនិត្យសាកសព មានការចូលរួមពីគ្រូពេទ្យ មេភូមិ ក្រុមប្រឹក្សាឃុំ។
ផ្អែកតាមការធ្វើកោសល្យវិច័យពិនិត្យសាកសពឃើញថា ផ្នែកក្បាល ដងខ្លួន អវយវៈ ពុំមានស្លាកស្នាមអ្វីឡើយ។
ប្រភពព័ត៌មានពីអាណាព្យាបាលសពបានឲ្យដឹងថា ជនរងគ្រោះជាមនុស្សមិនសូវគ្រប់ និង មានជំងឺប្រចាំកាយជំងឺស្កន្ទជាន់(ឆ្កួតជ្រូក) បានដើរកាត់ស្រះចិញ្ចឹមត្រី សង្ស័យជំងឺរើឡើង ប្រកាច់ធ្លាក់ចូលស្រះបណ្តាលឲ្យលង់ស្លាប់តែម្តង។
ផ្អែកតាមការធ្វើកោសល្យវិច័យ តាមការបំភ្លឺរបស់គ្រួសារសព និង សាក្សី សមត្ថកិច្ចបានសន្និដ្ឋានថាឈ្មោះ ស ផាន់នុត លង់ទឹកស្លាប់ដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ។
សមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments