កណ្ដាល ៖ មនុស្សម្នាក់ បានស្លាប់ភ្លាមៗនៅលើវាលស្រែក្នុងដីទំនាប(បឹង) ខណៈមានផ្គររន្ទះ និងភ្លៀង លាយខ្យល់កន្ត្រាក់ ហើយក៏មានលំនៅដ្ឋានជាច្រើនរបស់ប្រជាពលរដ្ឋបាក់រលំ និងរបើកដំបូល កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ១៣ រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៦និង១០នាទី នៅចំណុចក្នុងបឹងចំបក់ ស្ថិតក្នុងភូមិចំបក់ត្រប់ ឃុំព្រែករកា និងនៅភូមិទឹកនឹមឃុំកណ្តោក ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថា នៅភូមិចំបក់ត្រប់ឃុំព្រែករការ មានភ្លៀងខ្យល់ និងផ្គររន្ទះ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងផ្ទះរបស់ប្រជាពលរដ្ឋមួយចំនួនរបើកដំបូល។ ឯនៅភូមិទឹកនឹម ឃុំកណ្តោល១ខ្នង បាក់ទ្រេតរបើកដំបូល។
នគរបាលបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិតដោយរន្ទះបាញ់ ឈ្មោះ សឹម សើ ភេទប្រុស អាយុ៧០ឆ្នាំ រស់នៅភូមិបឹងក្អែក ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ដោយឡែកនៅភូមិទឹកនឹម ឃុំកណ្តោក លំនៅដ្ឋានដែលត្រូវខ្យល់កន្ត្រាក់កួចបំបាក់ ម្ចាស់ផ្ទះឈ្មោះ ង៉ាន់ ផៃ និងប្រពន្ធ ឈ្មោះ ភឿន លៀប។
តាមការបំភ្លឺរបស់ ឈ្មោះ ប៉ុន នួន ភេទស្រី ត្រូវជាប្រពន្ធរបស់ជនរងគ្រោះ ឈ្មោះ សឹម សើ បានឲ្យដឹងថា ជនរងគ្រោះ បានទៅឃ្វាលគោជាមួយចៅស្រី០២នាក់ នៅចំណុចវាលបឹងចំបក់ លុះដល់វេលាម៉ោង១៦និង៣០នាទី ស្រាប់តែមានភ្លៀងធ្លាក់លាយឡំដោយផ្គរ និងរន្ទះ បន្ទាប់មក នៅវេលាម៉ោង១៨និង១០នាទី ក៏មានដំណឹងថា ជនរងគ្រោះក៏ត្រូវបានរន្ទះបាញ់ចំបណ្តាលឲ្យស្លាប់ រួចក៏បានរាយការណ៍មកសមត្ថកិច្ច។
សមត្ថកិច្ចអាជ្ញាធរមូលដ្ឋានក្រោយទទួលបានហេតុការណ៍ បានបង្កើតគណៈកម្មការពិនិត្យរួមមាន ៖
កម្លាំងជំនាញស្រុក កម្លាំងប៉ុស្តិ៍ អាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចុះមកដល់កន្លែងកើតហេតុ ធ្វើការពិនិត្យទៅលើសាកសពឃើញថា សាកសពមានស្នាមជាំខ្លោចខ្មៅនៅថ្ងាសខាងឆ្វេង ប្រវែង១០Cm
តាមការពិនិត្យរបស់ជំនាញសាកសព ពិតជាស្លាប់ដោយសាររន្ទះបាញ់ប្រាកដមែន ក្រោយពេលពិនិត្យរួចបានប្រគល់សពជូនក្រុមគ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments