ទាហានកូរ៉េខាងត្បូងបានឈរដោយគ្មានកម្រើកកាលពីថ្ងៃពុធនៅខាងក្រៅខ្ទមពណ៌ខៀវនៃភូមិផ្អាកសង្គ្រាម Panmunjom ជាកន្លែងតែមួយគត់នៅតាមបណ្ដោយព្រំប្រទល់ដែលយោធារវាងកូរ៉េទាំងពីរត្រូវឈរយាមកាមទល់មុខគ្នាតែអ្វីដែលមិនមានក្នុងដៃគួរឱ្យកត់សម្គាល់នោះគឺអាវុធរបស់ពួកគេ។
ដោយមានពាក់វ៉ែនតាខ្មៅដូចអ្នកបើកយន្តហោះផងនោះឆ្មាំទាំងអស់នៅក្នុងភូមិផ្អាកសង្គ្រាមក្នុងតំបន់គ្មានយោធា (DMZ) ដែលជាកន្លែងបែងចែកឧបទ្វីបកូរ៉េទាំងពីរបានឈរគម្លាតត្រឹមតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីទាហានកូរ៉េខាងជើង។
ការធ្វើដំណើរកម្សាន្តជាសាធារណៈទៅកាន់ភាគខាងត្បូងភូមិជាប់ព្រំប្រទល់អន្តរកូរ៉េត្រូវបានបន្តឡើងវិញកាលពីព្រឹកថ្ងៃពុធដោយមានការដកកងកម្លាំងប្រដាប់អាវុធនិងប៉ុស្តិ៍យាមចេញពីតំបន់សន្តិសុខរួម (JSA) បន្ទាប់ពីបានផ្អាកកាលពីខែតុលាកន្លងទៅដើម្បីសម្រួលកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ទីក្រុងសេអ៊ូលនិងព្យុងយ៉ាងក្នុងការដកទ័ពពីព្រំដែន។
ភូមិផ្អាកសង្គ្រាមគឺជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរព្រំប្រទល់ទាំងសង្ខាង។ការបន្តឱ្យមានដំណើរកម្សាន្តជាសាធារណៈឡើងវិញនេះគឺជាពេលវេលាដើម្បីកត់ចំណាំអំពីខួបលើកទី១នៃកិច្ចប្រជុំកំពូលនៅ Panmunjom ដែលជាកិច្ចចរចាអន្តរកូរ៉េលើកដំបូងរវាងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in និងសមភាគីកូរ៉េខាងជើង Kim Jong Un កាលពីឆ្នាំទៅមិញ។
ក្រុងសេអ៊ូលនិងក្រុងព្យុងយ៉ាងបានព្រមព្រៀងគ្នាបើកឱ្យបន្តមានកម្មវិធីទេសចរណ៍ពេញលេញនិងអនុញ្ញាតឱ្យភ្ញៀវទេសចរដើរពិនិត្យនិងទស្សនាភាគខាងជើងនិងខាងត្បូងភូមិនេះបាន។
ប៉ុន្តែគម្រោងការនេះមិនបានលេចរូបរាងឡើងដោយសារតែបញ្ជាការអង្គការសហប្រជាជាតិដឹកនាំដោយអាមេរិកដែលបានត្រួតត្រាកិច្ចការនៅតំបន់គ្មានយោធាចាប់តាំងពីចុងឆ្នាំ១៩៥០-៥៣មកនោះមិនទាន់បានយល់ព្រមចំពោះគំនិតនេះទេ។យ៉ាងណាមិញភាគីសេអ៊ូលបានសម្រេចចិត្តបន្តឱ្យមានដំណើរកម្សាន្តជាសាធារណៈទៅកាន់ភាគខាងត្បូងនៃតំបន់នោះតែប៉ុណ្ណោះ៕AFP
Source: Kampuchea Thmey Daily
0 Comments