ព្រឹត្តិការណ៍ប្រដាល់មួយ ដែលមានអ្នកប្រដាល់ជើងខ្លាំងកម្ពុជា៤រូប និង អ្នកប្រដាល់ជើងខ្លាំងថៃ៤រូប ដើម្បីជួបគ្នាវាយដណ្តើមខ្សែក្រវាត់ខារ៉ាបាវ រដូវកាលទី៩ ទម្ងន់៦០គីឡូក្រាមនោះ នឹងចាប់ផ្តើមធ្វើការប្រកួតជម្រុះនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ នៅលើសង្វៀនSEA-TV ។
លោក យិន ខេមរា នាយកផ្នែកទីផ្សារ និងទំនាក់ទំនងសាធារណៈ នៃស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ បានថ្លែងក្នុងសន្និសីទកាសែត នៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩នេះ ឲ្យដឹងថា ការប្រកួតជើងឯកខារ៉ាបាវ ទម្ងន់៦០គីឡូក្រាមលើកនេះ មានអ្នកប្រដាល់ខ្លាំងៗចំនួន៨រូប ចូលរួមប្រកួត គឺខ្មែរ៤នាក់ ថៃ៤នាក់។
អ្នកប្រដាល់ខ្មែរទាំង៤នាក់នោះ រួមមានវៀត ប៊ុនឌឿន សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ, សុខ សាវិន ក្លិបឆ្មាសសែនសុខគុនខ្មែរ , ចាន់ សំអាត ក្លិបអប់រំកាយកីឡាស្រុកអន្លង់វែងខេត្តឧត្តរមានជ័យ និង សូត្រ ប៊ុនធី ក្លិបបក្សីស្លាបដែក។ ឯ អ្នកប្រដាល់ថៃ៤នាក់វិញ មាន Khan Thep , Phut Phat Noy , Chhai Yo និង Super Pek។
លោក ហ៊ុយ សុខា ប្រធានទីផ្សារក្រុមហ៊ុនខារ៉ាបាវ បានចាត់ទុកថា នេះជាព្រឹត្តិការណ៍ដ៏ធំមួយដែលបង្កឲ្យអ្នកប្រដាល់ទាំង៨រូប(ខ្មែរ៤ ថៃ៤) ត្រូវប្រជែងគ្នាយករង្វាន់ដែលអាចជួយកែប្រែជីវភាពបាន។
លោកបន្តថា ខារ៉ាបាវ មិនមែនតែជួយឧបត្ថម្ភម្តងនេះទេ គឺចូលរួមច្រើនលើក និងបន្តថែមទៀត ដើម្បីការរីកចម្រើនរបស់វិស័យកីឡានៅកម្ពុជា។
ការប្រកួតនេះ អ្នកដែលដណ្តើមបានតំណែងជើងឯកម្ចាស់ខ្សែក្រវាត់ខារ៉ាបាវទម្ងន់៦០គីឡូក្រាមនោះ នឹងទទួលបានប្រាក់រង្វាន់ គឺជើងឯក៤.០០០ដុល្លារអាមេរិក លេខ២ បាន២.៥០០ដុល្លារអាមេរិក លេខ៣បាន១.៥០០ ដុល្លារអាមេរិក និង លេខ៤ បាន១.០០០ដុល្លារអាមេរិក។
លោកឧត្ដមសេនីយ៍រាជ សុផែន ដែលតំណាងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបញ្ជាក់ថា ការប្រកួតតាមរូបមន្តវិលជុំជម្រុះដោយគិតពិន្ទុ ដែលមានបីដំណាក់កាល។ ដំណាក់ទី១ អ្នកប្រដាល់ទាំង៨នាក់នោះ ចែកជាពូលខ្មែរ និងពូលបរទេស ដែលមាន៤នាក់មួយពូល។ អ្នកប្រដាល់ខ្មែរទាំង៤នាក់ ត្រូវប្រកួតវិលជុំជាមួយពូលអ្នកប្រដាល់ថៃ ដោយជម្រុះចោលទុកតែ២នាក់ពីរនាក់ក្នុងមួយពូល គឺពូលខ្មែរ២នាក់ ពូលថៃ២នាក់ សម្រាប់ឡើងទៅប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ដណ្តើមខ្សែក្រវាត់ និងប្រាក់រង្វាន់។
សម្រាប់រូបមន្តប្រកួតនេះ គឺខ្មែរមិនប៉ះខ្មែរគ្នាឯងទេ ឯអ្នកប្រដាល់បរទេស ក៏មិនប៉ះគ្នាដែរក្នុងវគ្គជម្រុះនោះ។ អ្នកឈ្នះក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រត្រូវជួបអ្នកឈ្នះដូចគ្នា ដើម្បីដណ្តើមជើងឯកក្នុងវគ្គផ្ដាច់ព្រ័ត្រ ឯអ្នកចាញ់ជួបអ្នកចាញ់ ដណ្តើមចំណាត់ថ្នាក់លេខ៣។
លោកឧត្ដមសេនីយ៍ រាជ សុផែន បញ្ជាក់ថា សម្រាប់ការប្រកួតលើកនេះ មានកំណែទម្រង់ផ្នែកបច្ចេកទេស គឺក្នុងករណីពូលណាមួយទាំងកម្ពុជានិងបរទេស ការប្រកួតបើពីឈ្នះក្នុងមួយប្រកួត គឺកីឡាករក្នុងពូលនោះ មិនអាចបន្តឡើងទៅប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របានជាដាច់ខាត។
ក្នុងករណីបែបនេះ គណៈកម្មការបច្ចេកទេស និងជ្រើសរើសកីឡាករក្នុងពូល ដែលមានពិន្ទុខ្ពស់បន្ទាប់មកធ្វើការប្រកួតខ្វែង ឬពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងឈានទៅផ្ដាច់ព្រ័ត្រ ដើម្បីដណ្ដើមចំណាត់ថ្នាក់។
លោក ម៉ិល កាដូ អគ្គនាយករងកីឡា នៃ ក្រសួងអប់រំយុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានក្រើនរំលឹកដល់គណៈកម្មការបច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម ត្រូវតែកាត់ក្តីឲ្យបានត្រឹមត្រូវ សុក្រឹត យុត្តិធម៌ ចៀសវាងកើតមានបាតុភាពមិនប្រក្រតី ដូចជាពេលកន្លងមក។ ហើយលោកក៏បានសន្យានឹងដាក់ពិន័យដល់មន្ត្រីបច្ចេកទេសនិងអ្នកប្រដាល់ដែលចូលរួមប្រកួតដណ្ដើមខ្សែក្រវាត់ឲ្យធ្ងន់ជាងការប្រកួតធម្មតាផងដែរ ព្រោះនេះជាការប្រកួតក្នុងលក្ខណៈពិសេសបំផុត និងមួយទៀត ដើម្បីអនុវត្តតាមអនុសាសន៍និងអភិក្រមទាំង៥ របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ឲ្យមានប្រសិទ្ធភាពខ្ពស់៕
Source: Kampuchea Thmey Daily
0 Comments