អ្នកតាមដានទីផ្សារបាននិយាយកាលពីថ្ងៃអង្គារថាទូរសព្ទ Huawei របស់ចិនត្រូវបានលក់ដាច់ជាង iPhone របស់ Apple គិតត្រឹមត្រីមាសទី១ឆ្នាំនេះដែលដណ្ដើមបានតំណែងមកឈរនៅលេខ២ហើយទម្លាក់ក្រុមហ៊ុនរបស់កាលីហ្វ័រញ៉ាមួយនេះឱ្យនៅឈរពីក្រោយខ្លួនក្នុងទីផ្សារស្មាតហ្វូនដ៏តឹងតែងដែលនាំមុខដោយ Samsung ។
យោងតាមទិន្នន័យបឋមពីសាជីវកម្មទិន្នន័យអន្តរជាតិរបស់ចិនបានឱ្យដឹងថាស្មាតហ្វូនសរុបប្រមាណ៣១០,៨លានគ្រឿងត្រូវបានដឹកជញ្ជូនទូទាំងពិភពលោកក្នុងអំឡុងពេល៣ខែនៃដើមឆ្នាំនេះដែលប្រហែលនឹង៦,៦% ធ្លាក់ចុះធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។
អ្នកតាមដានទីផ្សារបានបន្ថែមថានេះជាត្រីមាសបន្តគ្នាទី៦ហើយនៃការធ្លាក់ចុះចំនួននៃការដឹកជញ្ជូនស្មាតហ្វូនទូទាំងពិភពលោក។ជាមួយគ្នានេះដែរសាជីវកម្មទិន្នន័យអន្តរជាតិ (IDC) បានមើលឃើញលទ្ធផលទាំងនេះថាជាសញ្ញាមួយដែលបង្ហាញថា២០១៩នឹងជាឆ្នាំធ្លាក់ចុះបន្តទៀតសម្រាប់ការដឹកជញ្ជូនស្មាតហ្វូនលើកលែងតែក្រុមហ៊ុន Huawei ដែលមានការកើនឡើងយ៉ាងគំហុក។
លោក Ryan Reithនាយកផ្នែកកម្មវិធីទូរសព្ទចល័តរបស់ IDC បានឱ្យដឹងថា "វាបង្ហាញកាន់តែច្បាស់ថា Huawei មានចេតនាផ្ដោតលើការពង្រីកកេរ្តិ៍ឈ្មោះរបស់ខ្លួនក្នុងពិភពលោកទូរសព្ទចល័តដោយប្រើស្មាតហ្វូនជាសេះនាំមុខ"។
ខណៈទីផ្សារស្មាតហ្វូនទាំងអស់បន្តជួបការប្រកួតប្រជែងយ៉ាងស្វិតស្វាញស្ទើរតែគ្រប់តំបន់នោះ Huawei បែរជាអាចកើនឡើងនៃចំនួនការដឹកជញ្ជូនដល់ទៅ៥០%ទៅវិញ!
ជាមួយគ្នានេះក្រុមហ៊ុនអេឡិចត្រូនិចយក្សរបស់កូរ៉េខាងត្បូង Samsung បានមើលឃើញការដឹកជញ្ជូនស្មាតហ្វូនមានការធ្លាក់ចុះ៨,១% ស្មើនឹង ៧១,៩លានគ្រឿងក្នុងត្រីមាសទី១នេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments