ភ្នំពេញ ៖ តារាប្រុសរូបសង្ហាមានឈ្មោះល្បីលើវិថីសិល្បៈ លោក បញ្ញា សិទ្ធិ ថ្មីៗនេះ បានរងនូវព័ត៌មានអាស្រូវដ៏រសើបនិងអាម៉ាស់ ក្រោយពេលដែលខាង SOUND CLUB របស់ លោកឧកញ៉ា ឌួង ឆាយ បានប្រកាសឲ្យចូលដោះស្រាយបំណុលបង្កការចាប់អារម្មណ៍ និងភ្ញាក់ផ្អើលដល់មហាជនព្រមទាំងមិត្តភ័ក្ដិរួមអាជីពសិល្បៈ។
ដំណឹងដែលត្រូវបាន SOUND CLUB ប្រកាសជាសាធារណៈនៅលើបណ្ដាញសង្គម(Page) របស់SOUND CLUB មិនត្រឹមតែបង្កការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំងដល់មហាជននោះទេ ភ្លាមៗនោះ បានធ្វើឲ្យអ្នកគាំទ្រមួយចំនួនបង្ហាញការហួសចិត្ត ខណៈដែលតារាប្រុស លោក បញ្ញា សិទ្ធិ មិនគួរធ្វើបែបនេះរហូត ត្រូវបានSOUND CLUBប្រកាសឲ្យចូលខ្លួនដោះស្រាយដូច្នេះទេ។
បើយោងតាមសំណេរសរសេរនៅលើផេកផ្លូវការSOUND CLUB របស់ លោកឧកញ៉ា ឌួង ឆាយ បានលើកឡើងបែបនេះថា សូមសំណូមពរឲ្យ លោក បញ្ញា សិទ្ធិ ដែលជាអតីតបុគ្គលិកសោនក្លឹបមកធ្វើការដោះស្រាយបំណុលដែលបានខ្ចីប្រាក់ចងការរួចក្រុមហ៊ុនបានជួយសងជំនួសក្នុងអំឡុងពេលបំពេញការងារ មកទូទាត់សងឲ្យគ្រប់ចំនួននៅក្នុងខែនេះ។
ជុំវិញដំណឹងអាស្រូវ និងដ៏រសើបខាងលើនេះ កម្ពុជាថ្មីនៅព្រឹកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៩ មិនអាចស្វែងរកការបកស្រាយពី លោក បញ្ញា សិទ្ធិ បាននៅឡើយទេ ខណៈដែលបច្ចុប្បន្នលោកកំពុងចេញទៅសម្តែងនៅក្រៅស្រុក។
ដោយឡែក បើចាប់អារម្មណ៍ទៅមើលនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោកឯណោះវិញ ស្របពេលដែលផ្ទុះដំណឹងនេះ លោក បញ្ញា សិទ្ធិ បានចេញមុខបញ្ជាក់ថា ខ្ញុំមិនអីទេ អរគុណសម្រាប់ការបារម្ភពីបងប្អូន ខ្ញុំកំពុងនៅប្រទេសអូស្ត្រាលី ខ្ញុំកំពុងសម្ដែងនៅទីនេះ ហើយរឿងទាំងអស់ដែលមានជាមួយSound Club ខ្ញុំបានទាក់ទងទៅហើយ ហើយក៏បានបញ្ចប់ហើយដែលព័ត៌មានកុំបន្តចុះផ្សាយទៀត។
លោក បញ្ញា សិទ្ធិ បានបញ្ជាក់ថា សូមឲ្យអ្នកដែលជេរ និងព័ត៌មានទាំងអស់ សូមឲ្យដឹងការពិតចាំថាចាំជេរ មនុស្សម្នាក់ៗមិនថាអ្នកមាន ឬក៏អ្នកក្រក៏ចេះឈឺ ក៏ចេះ ញ៉ាំក៏ចេះមានកិត្តិយសដែរ ខ្ញុំជាកូនអ្នកក្រ និងជាកូនដែលកើតក្នុងត្រកូលកសិករ ប្រឹងរាល់ថ្ងៃនេះ គឺដោយសារគ្រួសារក្រ និង ខ្វះខាត និង មានម្តាយមានជំងឺប្រចាំកាយ ត្រូវរ៉ាប់រងច្រើន សូមកុំមើលងាយអ្នកក្រ។
បន្ថែមពីលើនេះ តារាប្រុស លោក បញ្ញា សិទ្ធិ បានលើកឡើងថា មួយរយៈចុងក្រោយនេះ ខ្ញុំបានចេញមកសម្តែងនៅប្រទេសអូស្ត្រាលី និងកំពុងមករកថវិកាខ្លះ ដើម្បីជួយដល់គ្រួសារ ជាពិសេសខ្ញុំកំពុងមានអ្នកម្តាយកំពុងឈឺសូមSOUND CLUB មេត្តាដល់ខ្ញុំ ដែលជាបុគ្គលិកចាស់ផង Facebook វាពិតល្បីណាស់ ឥលូវល្បីហើយ អស់ចិត្តនៅ។ ជាមួយគ្នានេះដែរ ខាងភាគី SOUND CLUBក៏បានបញ្ជាក់វិញដែរថា លោក បញ្ញា សិទ្ធិ បានទាក់ទងមកខាងក្រុមហ៊ុនហើយ ពីព្រោះគាត់ជាប់រវល់នៅក្រៅប្រទេសទើបមិនអាចទាក់ទងបាន៕
Source: Kampuchea Thmey Daily
0 Comments