Ad Code

ការធ្វើ​ពហិការ​លែង​ចូល​សណ្ឋាគារ​ដែល​កាន់កាប់​ដោយ​ប្រ៊ុយណេ​ជុំវិញ​ការចេញ​ច្បាប់​កាត់ទោស​ប្រហារជីវិត​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា ​ទំនង​កាន់តែ​មានការ​កើនឡើង



បណ្ដា​សកម្មជន​និង​អ្នក​ប្រឹក្សា​យោបល់​បាន​និយាយថា​ក្រុមហ៊ុន​ជាច្រើន​នឹង​បន្ត​គេច​ចេញពី​ក្រុមហ៊ុន​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ប្រ៊ុយណេ​ដោយសារ​ពួកគេ​ត្រូវ​ស្ថិតក្រោម​សម្ពាធ​នៃ​ការតាំង​ចិត្ត​អនុវត្ត​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​ក្រោយពី​ព្រះ​ចៅ​ស៊ុ​ល​តង់​ប្រកាស​ឱ្យ​មានទោស​ប្រហារជីវិត​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​និង​អំពើ​ផិតក្បត់​។​

​ស្របពេល​ជាមួយគ្នានេះដែរ ក្រុមហ៊ុន​ប្រេង​លំដាប់​ពិភពលោក Shell ដែលមាន​ហ៊ុន​រួមគ្នា​ជាមួយ​រដ្ឋាភិបាល​ប្រ៊ុយណេ​កំពុង​ទទួលបាន​ការទទូច​ពី​វិនិយោគិន​ទាំងឡាយ​ដើម្បី​ធ្វើការ​ការពារ​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា សម្រាប់​បុគ្គលិក​ដែល​ភាគច្រើន​ជា​ជនជាតិ​មូស្លីម​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ធ្លាប់​គ្រប់គ្រង​ដោយ​អង់គ្លេស​។​

​គួរ​បញ្ជាក់ថា ប្រទេស​តូច​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មួយ​នេះ​បានធ្វើឱ្យ​ពិភពលោក​មានការ​ប្រឆាំង​ជាខ្លាំង ក្រោយ​បានដាក់​ចេញ​នូវ​បំណកស្រាយ​ច្បាប់​អ៊ីស្លាម ឬ​ច្បាប់ Sharia កាលពី​ថ្ងៃទី​៣ មេសា ដោយ​ដាក់ទណ្ឌកម្ម​លើ​ការ​រួមភេទ​រវាង​ប្រុស​និង​ប្រុស អំពើ​ផិតក្បត់ និង​ការរំលោភ​ដោយ​ទោស​ប្រហារជីវិត រួមជាមួយ​ការ​គប់​ដុំថ្ម និង​ករណី​លួច​ដោយ​ការ​កាត់​អវយវៈ​ចោល​។​

​ចលនា​ដែល​ត្រូវបាន​ថ្កោលទោស​ដោយ​អង្គការសហប្រជាជាតិ និង​សភា​អឺរ៉ុប​នេះ​បាន​នាំឱ្យ​សិល្បករ​ល្បីៗ​ដូចជា តារា​សម្ដែង George Clooney និង​តារាចម្រៀង Elton John អំពាវនាវ​ឱ្យមាន​ការធ្វើ​ពហិការ​ឈប់​ចូល​សណ្ឋាគារ​ទាំង​៩​ដែល​កាន់កាប់​ដោយ​សែស្រឡាយ​រាជវង្ស​ព្រះ​ចៅ​ស៊ុ​លត​ង់​។

​ធនាគារ​ជាច្រើន​រួមទាំង Morgan Stanley, Deutsche, Citi និង Nomura បាន​ហាមប្រាម​បុគ្គលិក​របស់ខ្លួន​មិន​ឱ្យចូល​សណ្ឋាគារ​មួយចំនួន​ដូចជា Dorchester ក្នុង​ទីក្រុង​ឡុង​និង​សណ្ឋាគារ Beverley Hills ក្នុង​ទីក្រុង Los Angeles ជាដើម​ខណៈ​ស្ថាប័ន​ជាច្រើន​ផ្សេងទៀត​ក៏បាន​លុបចោល​កម្មវិធី​ក្នុង​សណ្ឋាគារ​ទាំងនោះ​ដូចគ្នា​ដែរ​។​

​លោក Iain Anderson សកម្មជន​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​និយាយថា "​ដរាបណា​ប្រទេស​ប្រ៊ុយណេ​នៅតែ​មិន​កែប្រែ​បញ្ហា​នេះ​ទេ​ខ្ញុំ​គិតថា​អ្នកនឹង​ឃើញ​ចំនួន​ក្រុមហ៊ុន​កាន់តែ​ច្រើនឡើង​ដែល​លែង​ចូល​សណ្ឋាគារ​ទាំងឡាយរ​បស់ Dorchester ឬ​សូម្បីតែ​ក្រុមហ៊ុន​ផ្សេងទៀត​ដែល​កាន់កាប់​ដោយ​រដ្ឋាភិបាល​ប្រ៊ុយណេ​ក៏ដោយ​"៕ REUTERS



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu