Ad Code

មា​ជ សុខ​រ៉ា ជួប គ្រៀង ក្រៃ ឯ ខាំ ផានី ជួប ផេ​ត​ ឆ័​ត្រ​ឆ័យ លើស​ង្វៀន​បាយ័ន​ស្ទឹងមានជ័យ​



អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​២​រូប គឺ​មា​ជ សុខ​រ៉ា អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ និង​ខាំ ផានី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃអាទិត្យ ​ទី​០៥ ខែ​ឧសភា​ ឆ្នាំ​២០១៩​នេះ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

មា​ជ សុខ​រ៉ា ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​គ្រៀង ក្រៃ​(Kreangkrai Tor.Silachai) ហើយ ខាំ ផានី ជួប ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម (Phet chchharchai Sor.Bunyeam) ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​ដូចគ្នា។ សម្រាប់​ជំនួប​រវាង​មា​ជ សុខ​រ៉ា និង​គ្រៀង ក្រៃ នេះ ពួកគេ​ទាំងពីរ​នាក់​នេះ មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក។​

មា​ជ សុខ​រ៉ា បើ​ប្រៀបធៀប​ជាមួយ​គ្រៀង ក្រៃ នោះ ក៏​ប្រហែលជា​ពុំ​អាច​គ្រៀង ក្រៃ បានដែរ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូបនេះ មានបទពិសោធន៍​ច្រើន ហើយ​មាន​ផ្លែ​ល្អ និង​វាយ​ខ្លាំង ជាង មា​ជ សុខ​រ៉ា។​

អ្នក​ប្រដាល់​ថៃ​រូបនេះ មា​ន​កំណត់​ត្រ​ប្រកួត​ចំនួន​១១៦​លើក ដោយ​វាយ​ឈ្នះ​៨៩លើក ចាញ់​២៣​លើក និង​ស្មើ​០៤​លើក។ គ្រៀង ក្រៃ​នេះ មិនធម្មតា​ទេ ដោយ​គេ​មាន​ស្នៀត​ប្រដាល់​ល្អ វាយ​ចេញ​ចូល​រហ័ស កម្លាំង​ស៊ុ​ហ្វ​ខ្លាំង រឹងមាំ មិន​ងាយស្រួល​នឹង​បង្ក្រាប​នោះឡើយ។

គ្រៀង ក្រៃ គេ​មាន​ប្រវត្តិ​ប្រកួត​ច្រើនជាង​សុខ​រ៉ា ជិត​៣០​លើក​ឯណោះ ដោយ​សុខ​រ៉ា គេ​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៨៩​លើក ឈ្នះ​៧១​លើក ចាញ់​១៥​លើក និង​ស្មើ​០៣​លើក។​

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះ​ឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ។ ប៉ុន្តែ​យ៉ាងណា មា​ជ សុខ​រ៉ា បាន​អះអាងថា ចំពោះ​ការប្រកួត​លើក​នេះ ថ្វីត្បិតតែ​គេ​មិន​ធ្លាប់​ដែល​ជួប​គ្រៀង ក្រៃ តែ​គេ​មិន​ញញើត​នោះឡើយ។

គួរ​បញ្ជាក់ថា មា​ជ សុខ​រ៉ា ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នេះ គឺ​បាន​ប្រកួត​ឈ្នះ​ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម ក្នុង​ទឹក​ទី​២ កាលពី​ថ្ងៃទី​២១ ខែ​មេសា​ ឆ្នាំ​២០១៩ កន្លងមកនេះ។ ​ចំណែក​ការប្រកួត​ចុង​ក្រោយ​របស់​គ្រៀង ក្រៃ ​វិញ គឺ ​គេ​វាយ​ឈ្នះ​ខាំ ផានី អ្នក​ប្រដាល់​កម្ពុជា​មកពី​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយ​មាន​ជ័យ ក្នុង​ទឹក​ទី​២​ដែរ។​
​ចំពោះ​ការជួបគ្នា​រវាង​ខាំ ផានី អ្នក​ប្រដាល់​ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ខេត្ត​បន្ទាយមានជ័យ ជាមួយ​អ្នក​ប្រដាល់​ថៃ​ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​ដែរនោះ ផានី​ ប្រហែលជា អាច​ជួប​សំណាងល្អ​ ឈ្នះ​ ផេ​ត ឆ័​ត្រ​ឆ័យ ព្រោះ​អ្នក​ប្រដាល់​ថៃ​រូបនេះ​អន់​ដែរ​ទេ។​

​ផានី គេ​ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ ហើយ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​ខ្លាំង​មិន​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន​ដែរ​។ ​អ្នក​ប្រដាល់​រូបនេះ ក៏​វាយ​សម្រុក​មិនចេះ​ខ្លាច​គូប្រកួត​ដែរ។ នេះ​ជា​លើក​ទី​៧ ដែល​ខាំ ផានី ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស ដែល​ការជួប​៦​លើក​កន្លងមក គេ​វាយ​ឈ្នះ​អ្នក​ប្រដាល់​អាល្លឺម៉ង់​Ali ទឹក​ទី​៣ បន្ទាប់មក​ចាញ់​Erhan Gungor(​អាល្លឺម៉ង់​)​ទឹក​ទី​៣​វិញ វាយ​ចាញ់​ថៃ​Kong Thailen ក្នុង​ទឹក​ទី​៣ វាយ​ឈ្នះ​ផេ​ត ស្រ៊ី​គាវ ក្នុង​ទឹក​ទី​៣ និង​ចាញ់​កេង កាត់ វ៉​.​ស៊ូ​ង​នឹ​ន ដោយ​ពិន្ទុ ហើយ​ចុង​ក្រោយនេះ គេ​ចាញ់​គ្រៀង ក្រៃ ក្នុង​ទឹក​ទី​២។​

យ៉ាងណា សម្រាប់​ការប្រកួត​លើក​នេះ គេ​មិន​រំពឹងថា ខាំ ផានី ចាញ់​ផេ​ត ឆ័​ត្រ​ឆ័យ សរ​.​ប៊ុន​យៀម នោះ​ឡើយ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​៧១​លើក ឈ្នះ​៦០​លើក និង ចាញ់​១១​លើក មិនដែល​ស្មើ។ ផេ​ត ឆ័​ត្រ​ឆ័យ នេះ មិនជា​ខ្លាំង​នោះទេ ដោយ​វាយ​ចាញ់​ពីរ​ប្រកួត​ចុងក្រោយ​ជាប់ៗ​គ្នា។

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ យ៉ុ​ន ដា​រ័ត្ន អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ក្នុង​ទម្ងន់​៦៣,៥០០​គីឡូ​ក្រាម។ ពួកគេ​ទាំងពីរ ធ្លាប់​ជួបគ្នា​កន្លងមក តែ​យ៉ុ​ន ដា​រ័ត្ន មិនដែល​ឈ្នះ​សុខ សុវណ្ណ នោះទេ។​ចាំមើល ដា​រ័ត្ន លើក​នេះ គេ​អាច​យកឈ្នះ​សុខ សុវណ្ណ បានដែរ​ឬ​អត់?៕​



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu