Ad Code

ពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​​២១​គ្រួសារ​ បាន​ទទួល​អំណោយ​មនុស្សធម៌​សាខា​កាក​បាទក្រហម​កម្ពុជា​ ខេត្ត​ឧ​ត្ត​រ​មានជ័យ​



ឧ​ត្ត​រ​មានជ័យ ​៖ នៅវេលា​ម៉ោ​០៨​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១៩​នេះ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ និង​ លោក យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ អភិបាលរង​ខេត្ត​និង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​.​ស្រុក​ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងបី បាន​នាំ​យក​អំណោយ​មនុស្សធម៌​កាកបាទក្រហមកម្ពុជា ជា​គ្រឿងឧបភោគ បរិភោគ សម្ភារៈ​មួយចំនួន​ចែកជូន​គ្រួសារ រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ ចំនួន​២១ កាលពី​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី​ល្ងាច ចំនួន​២​ភូមិ ឃុំ​បេង ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុង​នោះ​ក៏​មាន​គ្រួសារ​កងទ័ព​ចំនួន​១៩​គ្រួសារ​ផងដែរ​។​

អំណោយ​ដែល​ផ្តល់ជូន​នាពេលនោះ ​ក្នុង​មួយ​គ្រួសារៗ​ ទទួល​បាន អង្ករ​៥០​គីឡូក្រាម មុង​០១ ភួយ​០១ ក្រមា​០១ សារុង​០១ ត្រីខ​០១​យួរ មី​០១​កេះ ទឹកស៊ីអ៊ីវ​០១​យួរ និង​ថវិកា​៥០,០០០​រៀល ព្រមទាំង​ស័ង្កសី​សរុប​រួម​១១០​សន្លឹក​ទៀត​ផង​។

ជាមួយគ្នា​នោះ​ដែរ​ លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​មានប្រសាសន៍​ពាំនាំ​ផ្ដាំផ្ញើ​សាកសួរ​សុខ​ទុក្ខ​ពី​សំណាក់ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហម​កម្ពុជា សម្ដេច​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​កម្ពុជា ដែល ​សម្ដេច​ទាំង​ទ្វេ​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ពី​សុខ​ទុក្ខ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ គ្រប់​ទីកន្លែង​ដោយ​មិន​គិត​ពណ៌ សម្បុរ ​និង​និន្នាការ​នយោបាយ​អ្វី​ឡើយ ហើយ​ក៏​មិន​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ស្លាប់​ដោយ​ដាច់​បាយ​នោះ​ឡើយ​។​

លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​បន្ត​ថា ទោះបី​អំណោយ​ថ្ងៃនេះ​មាន​ចំនួន​តិចតួច​ក្ដី តែ​វា​អាច​ដោះ​ស្រាយ​នូវ​ជីវភាព​បាន​មួយ​រយៈពេល​ផង​ដែរ​៕​


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu