Ad Code

មនុស្ស​ពីរ​នាក់ ​ស្លាប់​ក្នុងការ​បាញ់ប្រហារ​នៅ​បរិវេណ​សាកលវិទ្យាល័យ​អាមេរិក



មនុស្ស​ពីរ​នាក់​ត្រូវបាន​សម្លាប់​និង​យ៉ាងតិច​បួន​នាក់ ​បាន​រងរបួស​នៅក្នុង​ការបាញ់ប្រហារ​មួយ​កាលពី​ថ្ងៃ​អង្គារ​នៅឯ​បរិវេណ Charlotte របស់​សាកលវិទ្យាល័យ University of North Carolina​។​

ការិយាល័យ​គ្រប់គ្រង​គ្រោះមហន្តរាយ​របស់​សាកលវិទ្យាល័យ​នេះ​បាន​បង្ហោះ Twitter ព្រមាន​ថា ការបាញ់ប្រហារ​ត្រូវបាន​គេ​រាយការណ៍​នៅ​បរិវេណ​សាលា​ភ្លាមៗ​មុន​ម៉ោង​៦​ល្ងាច​ក្នុង​អ្វី​ដែលជា​ថ្ងៃ​ចុងក្រោយ​របស់​សិស្ស​នៅ​ឆ្នាំ​សិក្សា​នេះ​។​

សេវា​គ្រាអាសន្ន​ក្នុង​តំបន់​បាន​និយាយថា មនុស្ស​ពីរ​នាក់​ត្រូវបាន​សម្លាប់​ខណៈ​ពីរ​នាក់​ទៀត​រងរបួស​ធ្ងន់​ហើយពីរ​នាក់​ផ្សេងទៀត​កំពុង​ត្រូវបាន​ព្យាបាល​ដោយ​របួស​តិចតួច​។​
​ប៉ូលិស​បាន​បញ្ជាក់ថា អ្នកបាញ់​ប្រហារ​ដែល​ត្រូវ​បានកំណត់​អត្តសញ្ញាណ​ដោយ​ទូរទស្សន៍ NBC ថា​ជា​និស្សិត​ប្រវត្តិសាស្ត្រ​អាយុ​២២​ឆ្នាំ​នៅឯ​បរិវេណ​សាលា​នោះ​គឺ​ត្រូវបាន​ឃុំខ្លួន​។​

ទន្ទឹមនឹង​នេះដែរ បណ្តាញ​ទូរទស្សន៍ Fox ក្នុងស្រុក​បានកំណត់​អត្តសញ្ញាណ​អ្នកស្លាប់​ជា​ក្មេងប្រុស​អាយុ​១៧​និង​១៨​ឆ្នាំ​។​

នាយកដ្ឋាន​ប៉ូលិស​ក្រុង Charlotte-Mecklenburg បាន​បង្ហោះ Twitter ថា “​កន្លែងកើតហេតុ​មាន​សុវត្ថិភាព​។ មនុស្ស​ម្នាក់​ត្រូវបាន​ឃុំខ្លួន​។ គ្មាន​ហេតុផល​ដែល​ត្រូវ​ជឿថា មាន​អ្នកផ្សេង​ពាក់ព័ន្ធ​ក្នុង​រឿងនេះ​ទេ​”​។​

ការបាញ់ប្រហារ​នេះ​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ខ្មាន់កាំភ្លើង​វ័យក្មេង​ម្នាក់​បើក​ការបាញ់ប្រហារ​លើ​ព្រះវិហារ​ក្នុង​ទីក្រុង Poway នៃ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា​ដោយ​សម្លាប់​មនុស្ស​ម្នាក់​និង​រងរបួស​បីនាក់​ទៀត​។ វា​គឺ​ការបាញ់ប្រហារ​សម្លាប់រង្គាល​ចុងក្រោយ​បំផុត​នៅ​ទូទាំង​សហរដ្ឋអាមេរិក​។​

យោងតាម​តួលេខ​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មនុស្ស​ចំនួន​៤០,០០០​នាក់​ត្រូវបាន​សម្លាប់​ដោយ​កាំភ្លើង​នៅ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៧​ដោយ​ក្នុងនោះ​មាន​ពីរភាគបី​គឺជា​អ្នកធ្វើ​អត្តឃាត​ហើយ​នេះ​ជា​ចំនួន​អ្នកស្លាប់​ច្រើន​បំផុត​ក្នុង​រយៈពេល​ប្រាំ​ទសវត្សរ៍​ចុងក្រោយ​៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu