កំពង់ធំ ៖ ឈ្មោះ ឆេង ស៊ើយ ហៅ (អ៊ុន) កើតរោគធុញទ្រាន់នឹងការរស់នៅ នឿយណាយដោយវិបត្តិក្នុងចិត្ត សម្រេចចិត្តចាប់យកស្រាជាមិត្តស្មោះស្ម័គ្រមេត្រី និងជាឧបករណ៍កំដរជីវិត រាល់ពេលយប់ថ្ងៃ មិនលើកលែងពេលណាមួយឡើង ទោះជាមានកម្មវិធីតូចធំក៏មាន សុរាមេរ័យជាមិត្តកំដរជានិច្ច ទីបំផុតក្លាយជាមនុស្សសរសៃប្រសាទ រហូតសម្លាប់ខ្លួនបានសម្រេចដូចបំណង។
សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឆេង ស៊ើយ ហៅ (អ៊ុន) ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរយោធាបម្រើការងារនៅវរសេនាតូចលេខ១ តាឡែក នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បានធ្វើអត្តឃាត(ចង.ក) វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ នៅភូមិសាលាវិស័យ ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។
ប្អូនស្រី គឿន អ៊ីន អាយុ៣៧ឆ្នាំ ជាប្រពន្ធឲ្យដឹងថា ប្ដីរបស់គាត់ជាមនុស្សញៀនស្រា ឲ្យតែផឹកម្ដងៗគឺ ៤-៥ថ្ងៃជាប់គ្នា ដោយមិនដែលគិតគូរពីរឿងបាយទឹកទេ នៅពេលស្រវឹងម្ដងៗ តែងតែរវើរវាយរត់ទៅលិចរត់ទៅកើត ហើយធ្លាប់បានរត់ទៅធ្វើអត្តឃាត(ចង.ក ខ្លួនឯង) ២ដងមកហើយ តែប្រពន្ធ និងកូនតាមទាន់។ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ប្តីគាត់បានឲ្យកូនប្រុសឌុបគាត់យកទៅបន្ទាយ លុះដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៥ល្ងាច ស្រាប់តែមានអ្នកធ្វើការជាមួយប្ដីគាត់បានទូរស័ព្ទ មកប្រាប់គាត់ថា ៖ ប្ដីគាត់ចង.ក លើផ្ទះ ក្នុងបន្ទាយស្លាប់បាត់ទៅហើយ មិនដឹងពីពេលណាទេ។
លោកវរសេនីយ៍ទោ ថនស៊ី សក្កដា មេបញ្ជាការវរសេនាតូចលេខ១ បញ្ជាក់ថា ឈ្មោះនេះជាមន្ត្រី
យោធា បម្រើការងារក្នុងអង្គភាពរបស់លោក ពិតជាមនុស្សញៀនស្រា ដាច់បាយ ដាច់ទឹក នៅពេលស្រវឹងម្ដងៗដើររវើរវាយខ្លាចនេះ ខ្លាចនោះប្រាកដមែន ហើយគាត់បានសុំច្បាប់លោកទៅលេងបុណ្យចូលឆ្នាំនៅផ្ទះរបស់គាត់ លុះដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៩ ទើបឃើញគាត់ត្រឡប់មកបន្ទាយវិញ និងបានសម្ងំនៅក្នុងផ្ទះមិនចេញមកក្រៅសោះ នៅថ្ងៃកើតហេតុ គាត់ក៏បានប្រើគេឲ្យទៅហៅជនរងគ្រោះមកហូបបាយ ស្រាប់តែឃើញជនរងគ្រោះចង.ក សម្លាប់ខ្លួនឯង ដោយយកក្រមាទៅចងនឹងឃ្នាបផ្ទះ ជាលក្ខណៈស្ទើរឈរ ស្ទើរអង្គុយ ស្លាប់បាត់ទៅហើយ។ ទទួលព័ត៌មាន ភ្លាម កម្លាំងជំនាញនគរបាលស្រុក និង ប៉ុស្ដិ៍នគរបាលសាលាវិស័យ និងលោកមេបញ្ជាការវរសេនាតូចលេខ១ បានចុះដល់កន្លែងកើតហេតុ និងពិនិត្យសាកសព ស្ថានភាពសាកសព មានស្នាមជាំជុំវិញ ក ចំនួន១កន្លែង លៀនអណ្ដាតចេញមកក្រៅ និង មានចេញទឹកថ្លាៗសើមចុងលិង្គ ក្រៅពីស្លាកស្នាមខាងលើ ពិនិត្យពុំឃើញមានអ្វីទៀតឡើយ។ ទើបសន្និដ្ឋានថា ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតប្រាកដមែន មិនពាក់ព័ន្ធបទល្មើសផ្សេងៗ ឡើយ។ មូលហេតុ ស្រវឹងស្រា(សរសៃប្រសាទ) ក្រោយពិនិត្យរួចរាល់ សាកសពបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
Source: Kampuchea Thmey Daily
0 Comments