ក្រុមហ៊ុន Samsung បានចេញមុខការពារទូរស័ព្ទម៉ូដែលថ្មីរបស់ខ្លួន Galaxy S10 5G បន្ទាប់ពីមានអ្នកប្រើប្រាស់ស្មាតហ្វូនជនជាតិកូរ៉េខាងត្បូងម្នាក់បង្ហោះរូបភាពទូរស័ព្ទឆេះខ្លោចនៅលើអ៊ីនធើណិតដោយអះអាងថាឆេះដោយមិនដឹងមូលហេតុ។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលធ្លាប់បង្ខំចិត្តប្រមូលទូរស័ព្ទដ៏ថ្លៃ Galaxy Note 7 ចូលស្ដុកវិញនិងយ៉ាងអាម៉ាស់ទូទាំងពិភពលោកកាលពី៣ឆ្នាំមុនដោយសារតែករណីផ្ទុះថ្មនោះ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថាគឺការប៉ះទង្គិចផ្នែកខាងក្រៅច្រើនជាងដែលបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះមិនមែនមកពីគ្រឿងក្នុងរបស់ទូរស័ព្ទខូចឡើយ។
ប៉ុន្តែម្ចាស់ស្មាតហ្វូនដែលគេស្គាល់អត្តសញ្ញាណថាឈ្មោះ Lee បានអះអាងថាទូរស័ព្ទ Galaxy S10 5G របស់លោកស្រាប់តែនៅសុខៗឆេះដោយគ្មានមូលហេតុមែន។
"ទូរស័ព្ទខ្ញុំដាក់នៅតុសោះស្រាប់តែធុំក្លិនឈ្ងៀមហើយផ្សែងក៏ហុយចេញពីទូរស័ព្ទមកតែម្ដង។ពេលខ្ញុំទៅប៉ះវាក៏ត្រូវបោះវាចោលទៅលើដីដោយសារតែវាក្ដៅពេក តែក្រុមហ៊ុន Samsung បែរជាបដិសេធមិនព្រមសងសំណងលើទូរស័ព្ទដែលមានតម្លៃ១២០០ដុល្លារនេះទៅវិញ។" លោក Lee បានប្រាប់មកកាន់ទីភ្នាក់ងារព័ត៌មាន AFP។
គួររម្លឹកផងដែរថា ក្រុមហ៊ុនអេឡិចត្រូនិកយក្ស Samsung បានប្រកាសលក់ទូរស័ព្ទ Galaxy ម៉ូដែលថ្មីរបស់ខ្លួននេះថាជាស្មាតហ្វូនដំបូងគេបង្អស់ក្នុងលោកដែលអាចប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនង5G បាន។ ម៉ូដែលមួយនេះ បានចេញកាលពីថ្ងៃទី៥មេសាដោយកូរ៉េខាងត្បូងមានបំណងនាំមុខគេខាងបច្ចេកវិទ្យាថ្មីដែលអ្នកជំនាញនិយាយថានឹងអាចកែប្រែជីវិតរបស់មនុស្សបានរាប់លាននាក់។
ពាក្យបណ្ដឹងបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះបានចុះផ្សាយអំពីការធ្លាក់ចុះនៃចំណូលប្រចាំឆ្នាំ៥៦,៩% ធៀបជាមួយឆ្នាំមុនចំពេលនៃទីផ្សារហ៊ុនមានការធ្លាក់ចុះហើយដៃគូប្រកួតប្រជែងបែរជាមានការកើនឡើង។
កាលពីសប្ដាហ៍មុន Samsung បានពន្យារពេលបញ្ចេញទូរស័ព្ទបត់បាន តម្លៃ២ពាន់ដុល្លារឈ្មោះថា Galaxy Fold រួចមកហើយដោយសារបញ្ហាអេក្រង់ដោយបាននិយាយថាទូរស័ព្ទនេះត្រូវការការកែលម្អបន្ថែមសិន៕ AFP
Source: Kampuchea Thmey Daily
0 Comments