Ad Code

ខឹង​សមត្ថកិច្ច​ចាប់​មង​ លួច​ទូក​សមត្ថកិច្ច​ទៅ​ពន្លិច​ក្នុង​ទឹក​ចោល ​ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​២នាក់



​ស្ទឹងត្រែង ៖ ជនសង្ស័យ​ជា​ជនជាតិ​វៀតណាម 2​នាក់​ ដែល​តែងតែ​លប​លួច​ធ្វើ​សកម្មភាព​ដាក់មង​នៅ​ក្នុង​តំបន់​ហាមឃាត់ ក្រោម​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម 2​ ​ ​ត្រូវបាន​សមត្ថកិច្ច​ចាប់យក​មង​ចំនួន 2 ដង​រួចមកហើយ ​តែ​ដោយសារ​តែ​ខឹង​សមត្ថកិច្ច ​ពួកគេ​ទាំងពីរ​នាក់​បាន​លួច​យក​ទូក​របស់​អាវុធហត្ថ​ទៅ​ពន្លិច​ចោល ​និង​លួច​យក​មក​មង​ត្រឡប់មកវិញ។

ជនសង្ស័យ 2 នាក់ ​ត្រូវបាន​អាវុធហត្ថ​ខេត្ត​ធ្វើការ​ឃាត់ខ្លួន ​កាលពី​វេលា​ម៉ោង 3 និង 25 នាទី​រសៀល​ថ្ងៃទី 30​ ខែ​មេសា​ ឆ្នាំ 2019 ត្រង់​ចំណុច​តំបន់​ហាមឃាត់​ ក្រោម​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម 2 ស្ថិត​ក្នុង​ភូមិ​ភ្លុក ឃុំ​ភ្លុ ស្រុក​សេសា​ន ខេត្ត​ស្ទឹងត្រែង។

អាវុធហត្ថ​ខេត្ត​បានឲ្យ​ដឹងថា ​ជនសង្ស័យ​ទាំងពីរ​នាក់​មាន ​1.ឈ្មោះ ​ចាំង យាំង​ហូ​ម​ ភេទ​ប្រុស​ អាយុ 29​ឆ្នាំ​ និង 2.ឈ្មោះ​ ចាំង​ យាំង​ភី ភេទ​ប្រុស ​អាយុ 22​ឆ្នាំ ​(​ជនជាតិ​វៀតណាម​ទាំង​២​នាក់ ​ជា​បងប្អូន​បង្កើត​) ​មាន​ទីលំនៅ​ក្នុងភូមិ​ភ្លុក​ ឃុំ​ភ្លុក ​ស្រុក​សេសា​ន​ ខេត្ត​ស្ទឹងត្រែង​។​

អាវុធហត្ថ​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា​ បន្ទាប់ពី​ទូក​របស់​សមត្ថកិច្ច​ និង​វត្ថុតាង​ដែល​បង្ក្រាបបាន​បាត់​កម្លាំង​អាវុធហត្ថ​ បាន​ចុះ​ស្រាវជ្រាវ​រក ​ប្រទះឃើញ​មង​ចំនួន 2​បាវ ​ដែល​សមត្ថកិច្ច​បង្ក្រាប​ ត្រូវបាន​ជនសង្ស័យ​ទាំង 2 នាក់ ​លួច​យក​មកវិញ ហើយ ​ក៏ត្រូវ​បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងពីរ​នាក់​នាំខ្លួន​យកមក​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើការ​សាកសួរ​។​

ជនសង្ស័យ​ជនជាតិ​វៀតណាម​ទាំង 2 នាក់​​ បាន​ឆ្លើយ​សារភាព​ចំពោះមុខ​សមត្ថកិច្ច​ថា ​ខ្លួន​ពិតជា​បាន​លួច​យក​ទូក​ និង​ម៉ាស៊ីន​របស់​កម្លាំង​អាវុធហត្ថ​យកទៅ​ពន្លិច​ចោល​នៅត្រង់ចំណុច​ទឹក​ជួរ​មួយ​កន្លែង​ ក្រោម​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម 2​ ដែលមាន​ជម្រៅ​រហូត​ទៅ 14 ម៉ែត្រ​ និង​បាន​លួច​យក​មង​របស់​សមត្ថកិច្ច​ដែល​បាន​បង្ក្រាប​មកវិញ​ ដែលមាន​ប្រវែង 400 ម៉ែត្រ​ និង​ជម្រៅ 7 ម៉ែត្រ ​ដែល​អាច​ចាប់​ត្រី​មេ​ពូជ​ធំៗ​បាន​ដែល​បង្ក​ឲ្យ​បាត់បង់​ធនធាន​មច្ឆជាតិ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំងពីរ​នាក់​ កំពុង​ស្ថិត​ក្រោម​ការ​ឃាត់​ខ្លួន​នៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ ដើម្បី​ធ្វើការ​សាកសួរ​ និង​ កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​៕​





Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu