អង្គការលើកលែងទោសអន្តរជាតិនៅថ្ងៃពុធ បានថ្កោលទោសចំពោះការឃុំខ្លួនយូរអង្វែងលើអ្នកសារព័ត៌មានចំនួន១០នាក់ដោយក្រុម Huthi ក្នុងប្រទេសយេមែនដោយនិយាយថា វាបានឆ្លុះបញ្ចាំងពី “ស្ថានភាពដ៏អាក្រក់នៃសេរីភាពសារព័ត៌មាន” នៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមមួយនេះ។
យោងតាមក្រុមសិទ្ធិនេះបានឲ្យដឹងថា អ្នកកាសែត១០នាក់ត្រូវបានឃុំខ្លួនចាប់តាំងពីរដូវក្តៅឆ្នាំ២០១៥មកហើយកំពុងត្រូវបានកាត់ទោសលើការចោទប្រកាន់ពីបទចារកម្ម។
អង្គការនេះបាននិយាយថា បុរសទាំងនោះត្រូវបានគេធ្វើទារុណកម្ម កាត់ផ្តាច់ទំនាក់ទំនងជាមួយអ្នកខាងក្រៅនិងដកហូតការថែទាំសុខភាព។
អ្នកស្រាវជ្រាវប្រចាំប្រទេសយេមែនរបស់អង្គការលើកលែងទោសនេះលោក Rasha Mohamed បាននិយាយថា “ការឃុំឃាំង ការធ្វើទារុណកម្មនិងសកម្មភាពអាក្រក់ដទៃទៀតដោយខុសច្បាប់និងអូសបន្លាយពេលលើអ្នកកាសែតទាំង១០នាក់នេះគឺជាការរំឭកដ៏គួរឲ្យរន្ធត់មួយនៃបរិយាកាសប្រព័ន្ធផ្សព្វផ្សាយដែលក្រុមអ្នកកាសែតកំពុងប្រឈមនៅក្នុងប្រទេសយេមែននិងបង្ហាញពីហានិភ័យដែលពួកគេត្រូវប្រឈមមុខនៅក្នុងដៃរបស់គ្រប់ភាគីនៅក្នុងជម្លោះ”។
លោកបាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “បុរសទាំងនេះកំពុងត្រូវបានគេដាក់ទណ្ឌកម្មដោយសារតែការអនុវត្តសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគេដោយសន្តិវិធី។ អាជ្ញាធរ Huthi គួរតែដោះលែងពួកគេភ្លាមៗនិងទម្លាក់ចោលការចោទប្រកាន់ទាំងអស់ប្រឆាំងនឹងពួកគេ”។
អង្គការលើកលែងទោសនិយាយថា ក្នុងខែធ្នូឆ្នាំ២០១៨ បុរសទាំងនោះត្រូវបានគេចោទប្រកាន់ពីបទល្មើសជាច្រើនរួមទាំងអំពើចារកម្មផងដែរដែលត្រូវទទួលការកាត់ទោសប្រហារជីវិតនៅប្រទេសយេមែននិងការសហការជាមួយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីតគាំទ្ររដ្ឋាភិបាល។
ទោះបីជាយ៉ាងណាក៏ដោយ វាមិនច្បាស់ទេថាតើសវនាការរបស់ពួកគេនឹងចាប់ផ្តើមនៅពេលណា។
គួរបញ្ជាក់ថា មនុស្សជិត១០,០០០នាក់ភាគច្រើនជាជនស៊ីវិលត្រូវបានសម្លាប់និងជាង៦០,០០០នាក់បានរងរបួសចាប់តាំងពីខែមីនាឆ្នាំ២០១៥មកនៅពេលដែលក្រុមចម្រុះធ្វើអន្តរាគមន៍ក្នុងសង្គ្រាមយេមែន។
ក្រុមអង្គការសិទិ្ធមនុស្សបានប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ពិតប្រាកដអាចកើនឡើងលើសនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments