ប្រដាល់ ៖ ជ័យ ស៊ីនេត អ្នកប្រដាល់ជើងចាស់ក្លិបឃ្លាំងមឿងកីឡា ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយជើងថ្មីមាឃ វណ្ណារ៉ា អ្នកប្រដាល់ក្លិបរាជសីហ៍ខេត្តរតនគិរី នៅលើសង្វៀនបាយ័នស្ទឹងមានជ័យ នារសៀលថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ។ រវាងគោចាស់ជ័យស៊ីនេត និង មាឃ វណ្ណារ៉ា នេះ មិនធ្លាប់ដែលជួបគ្នាទេកន្លងមក។ ជ័យ ស៊ីនេតពីមុនគេមានឈ្មោះល្បី ប៉ុន្តែឥឡូវគេចាស់មានកម្លាំងស៊ុហ្វមិនខ្លាំងដូចពីមុនឡើយ។ តែយ៉ាងណា សម្រាប់ការជួបប្រកួតជាមួយមាឃ វណ្ណារ៉ា ដែលជាអ្នកប្រដាល់ស្រករក្រោយនោះ ប្រហែលជាស៊ីនេត មិនពិបាកក្នុងការយកឈ្នះនោះឡើយ។
ជ័យ ស៊ីនេត គេវាយនៅគ្រាន់បើដែរ ព្រោះគេបានឡើងសង្វៀនប្រកួតជាប់រហូតហើយលទ្ធផលរបស់គេ ក៏នៅល្អផងដែរសម្រាប់ពេលបច្ចុប្បន្ននេះ ពោលគឺមានឈ្នះមានចាញ់។ ស៊ីនេត ជាអ្នកប្រដាល់ដែលឆ្លងកាត់បទពិសោធន៍លើរេញមិនតិចជាង១ទសវត្សនោះទេ ស្នៀតពិសេសរបស់គេ គឺស្នៀតកណ្តាប់ដៃ និងទាត់ តែលើកនេះពុំដឹងថា ស្នៀតទាំងនេះ គេអាចយកមកផ្តួលជើងថ្មី មាឃ វណ្ណារ៉ា បាន ឬយ៉ាងណានោះទេ?។ ប៉ុន្តែបើតាមក្រុមអ្នកវិភាគប្រដាល់អះអាងនោះថា ស៊ីនេត មិនចាញ់មាឃ វណ្ណារ៉ា នោះឡើយ សម្រាប់ការជួបគ្នាលើកដំបូងនេះ។
សយ សុខ អ្នកប្រដាល់ជើងចាស់ក្លិបវិបុលដារិទ្ធពោធិសែនជ័យ នឹងត្រូវជួបប្រកួតជាមួយ អេរ៉ាវ៉ាន់ ចាន់រាជ អ្នកប្រដាល់ជើងថ្មីកុសលកីឡា។ ពីរនាក់នេះ ប្រកួតគ្នាក្នុងទម្ងន់៥៧គីឡូក្រាម។ ពួកគេទាំងពីរ ក៏ពុំដែលប៉ះគ្នាដែរកន្លងមក។
អេរ៉ាវ៉ាន់ ចាន់រាជ ជាអ្នកប្រដាល់ស្រករក្រោយ ដែលមានសមត្ថភាពបច្ចេកទេសល្អ មិនជាអន់ជាងសយ សុខ នោះទេ។ គេធ្លាប់ផ្ដួលយកឈ្នះជើងខ្លាំង នីម នន ក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១ ក្នុងទឹកទី៤ទៀតផង កាលពីពេលថ្មីៗកន្លងទៅនេះ។
ទោះបីជាអ្នកប្រដាល់ស្រករក្រោយក៏ដោយ ក៏អេរ៉ាវ៉ាន់ ចាន់រាជ គេមានផ្លែល្អជាងសយ សុខដែរ។ ចំណែក សយ សុខ វិញ គេប្រកួតចុងក្រោយវាយចាញ់ឡុង ណងសៅ ដោយពិន្ទុកាលពីថ្ងៃទី២៧មេសាកន្លងមកនេះ។
ជុន សាវុធ អ្នកប្រដាល់ជើងចាស់ក្លិបកងពលតូចដឹកជញ្ជូនលេខ៩០ នឹងជួបប្រកួតជាមួយ រិន ដេវីត អ្នកប្រដាល់ជើងថ្មីនារាជចតុមុខ ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម។ ពីរនាក់នេះ ក៏មិនធ្លាប់ប៉ះគ្នាដែរកន្លងមក។ សម្រាប់ការជួបលើកទី១នេះ ជុន សាវុធ ក៏ប្រហែលជាមិនប្រាកដថាអាចឈ្នះរិន ដេវីត បាននោះដែរ។ ព្រោះ ដេវីត វាយចេញលឿន រហ័សជាង ហើយមានផ្លែល្អទៀតផង។
ចំណែក លី តឿន អ្នកប្រដាល់ជើងចាស់ក្លិបមកុដរាជសីហ៍ ត្រូវគេផ្គូឲ្យជួបប្រកួតជាមួយ នួន រ៉ាថេន អ្នកប្រដាល់ស្រករក្រោយ នៃក្លិបតាឯកដំបងដែកមានរិទ្ធខេត្តព្រៃវែងក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។ អ្នកប្រដាល់ទាំងពីរនាក់នេះ មិនដឹងថានរណាឈ្នះនោះទេ ព្រោះពួកគេពុំធ្លាប់ដែលប៉ះគ្នា ហើយដែលម្នាក់ជាអ្នកប្រដាល់ចាស់ និងម្នាក់ជាអ្នកប្រដាល់ស្រករក្រោយ។ ដូច្នេះអ្នកណាឈ្នះ អ្នកណាចាញ់នោះ គឺស៊ីសងលើសមត្ថភាពនិងបច្ចេកទេសរបស់ខ្លួនហើយ៕
Source: Kampuchea Thmey Daily
0 Comments