Ad Code

ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន Naruhito ប្តេជ្ញា​ធ្វើការ​ដើម្បី​ជា​និមិត្តរូប​របស់​ប្រជាជន



ព្រះ​ចៅ​អធិរាជ​ថ្មី​របស់​ជប៉ុន​ព្រះនាម Naruhito បាន​ឡើង​សោយរាជ្យ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ពុធ​ពោលគឺ​មួយថ្ងៃ​បន្ទាប់ពី​ការដាក់រាជ្យ​ជា​ប្រវត្តិសាស្ត្រ​របស់​ព្រះបិតា​ហើយ​ទ្រង់​បាន​ប្តេជ្ញា​ថា​នឹង​ឈរ​ជាមួយ​ប្រជាជន​ខណៈពេល​ប្រទេស​នេះ​ចាប់ផ្តើម​សករាជ​អធិរាជ​ថ្មី​។​

នៅក្នុង​សុន្ទរកថា​ខ្លី​មួយ​ដែលជា​លើកដំបូង​របស់​ទ្រង់​ចាប់តាំងពី​ឡើង​គ្រង​រាជបល្ល័ង្ក ព្រះអង្គ Naruhito បាន​ប្តេជ្ញា​ថា​នឹង​ធ្វើតាម​រដ្ឋធម្មនុញ្ញ​ហើយ​ផ្លាស់ប្តូរ​ទស្សនៈ​របស់​ទ្រង់​ទៅរក​ប្រជាជន​និង​ឈរ​ជាមួយ​ពួកគេ​។​

ព្រះអង្គ Naruhito បាន​ក្លាយជា​អធិរាជ​ជា​ផ្លូវការ​នៅ​ពាក់កណ្ដាល​អធ្រាត្រ​ប៉ុន្តែ​ដំណើរការ​នេះ​ត្រូវ​បានរៀបចំ​ជា​ផ្លូវការ​នៅក្នុង​ពិធី​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​

ព្រះ​ចៅ​អធិរាជ​បាន​ចូល​បន្ទប់ Pine Room របស់​ព្រះបរមរាជវាំង​ក្នុង​សំលៀកបំពាក់​បែប​លោកខាងលិច​ដែល​អមដំណើរ​ដោយ​សមាជិក​ក្រុមគ្រួសារ​ភេទ​ប្រុស​រួមទាំង​បងប្រុស​របស់​ទ្រង់​ព្រះនាម Akishino ផងដែរ​។​

អធិរាជ​ព្រះជន្ម​៥៩​វស្សា​អង្គ​នេះ​ត្រូវបាន​គេ​បង្ហាញ​នូវ​វត្ថុ​ដែល​ព្រះបិតា Akihito លះបង់​នៅ​មួយថ្ងៃ​មុន​នោះ​ដូចជា​ដាវ​និង​គ្រឿងអលង្ការ​ពិសិដ្ឋ​ព្រមទាំង​ត្រា​រដ្ឋ​និង​ត្រា​អធិរាជ​ផ្ទាល់​ផងដែរ​។​
​ស្ត្រី​តែ​ម្នាក់​គត់​ដែល​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូលរួម​គឺជា​សមាជិក​ស្ត្រី​តែ​ម្នាក់​គត់​នៅក្នុង​ជួរ​គណៈរដ្ឋមន្ត្រី​របស់​លោកនាយក​រដ្ឋមន្ត្រី Shinzo Abe​។​

ពិធី​នេះ​បានធ្វើ​ឡើង​នៅ​ថ្ងៃ​ដំបូង​នៃ​សករាជ​អធិរាជ​ថ្មី Reiwa ដែល​មានន័យថា “​ភាព​សុខដុម​ដ៏​ស្រស់ស្អាត​” ដែល​នឹងមាន​រយៈពេល​ពេញ​មួយ​រជ្ជកាល​របស់​ព្រះ​ចៅ​អធិរាជ Naruhito ។​

ព្រះ​ចៅ​អធិរាជ​មានបន្ទូលថា ព្រះអង្គ​នឹង​ឆ្លុះបញ្ចាំង​យ៉ាង​ជ្រាលជ្រៅ​ទៅលើ​គំរូ​ដែល​បាន​បន្សល់ទុក​ដោយ​ព្រះបិតា​របស់​ទ្រង់​ព្រះនាម Akihito​។​

ស្របពេល​ជាមួយគ្នា​នោះ លោក Abe ដែល​បាន​ឆ្លើយតប​ជំនួសមុខ​ឲ្យ​ប្រជាជន​បាន​និយាយថា “​យើង​ប្តេជ្ញា​បង្កើត​អនាគត​ដ៏​ភ្លឺស្វាង​មួយ​សម្រាប់​ប្រទេស​ជប៉ុន​ដែល​ពោរពេញ​ទៅដោយ​សន្តិភាព​និង​ក្តីសង្ឃឹម​ចំ​ពេលដែល​ស្ថានភាព​អន្ដរជាតិ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​”​។​

ព្រះ​ចៅ​អធិរាជ Naruhito នឹង​បង្ហាញខ្លួន​ជា​សាធារណៈ​លើកដំបូង​នៅ​ថ្ងៃ​សៅរ៍​នៅពេលដែល​ទ្រង់​នឹង​ថ្លែង​ទៅកាន់​ប្រជាជន​ជប៉ុន​ជាថ្មី​ម្តងទៀត។

ព្រះ​ចៅ​អធិរាជ Naruhito នឹង​ស្វាគមន៍​ប្រមុខរដ្ឋ​ជា​លើកដំបូង​របស់​ទ្រង់​ក្នុងនាម​ជា​អធិរាជ​នៅ​ចុងខែ​នេះ​នៅពេលដែល​ប្រធានាធិបតី​អាមេរិក​លោក Donald Trump ធ្វើ​ទស្សនកិច្ច​ប្រទេស​ជប៉ុន​ដើម្បី​ជួប​អធិរាជ​ថ្មី៕ AFP



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu