ប្រដាល់ ៖ សេង ស្រឿន អ្នកប្រដាល់កម្ពុជាក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង ត្រូវប៉ះប្រកួតជាមួយអ្នកប្រដាល់ថៃជើងចាស់ ឃុម ភេត (Khum Phat) នារសៀលថ្ងៃសៅរ៍ ទី០៤ ខែឧសភា ឆ្នាំ២០១៩នេះ ក្នុងព្រឹត្តិការណ៍ប្រដាល់អន្តរជាតិខារ៉ាបាវ នៅសង្វៀនSEATV។
សេង ស្រឿន និង ឃុម ភេត មិនធ្លាប់ជួបគ្នាទេកន្លងមក។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់៦៣,៥០០គីឡូក្រាម។ សេង ស្រឿន គេជាជើងឯករងខ្សែក្រវាត់ទម្ងន់៦៥គ.ក្រ។ អ្នកប្រដាល់រូបនេះ គេល្អទាំងកណ្តាប់ដៃ ជង្គង់ និង កែង។ សេង ស្រឿន ធ្លាប់ជួបប្រកួតជាមួយថៃ២៩លើកហើយកន្លងមក ដោយឈ្នះ១៩លើក និងចាញ់០៨លើក និង ស្មើ០២លើក។ ប្រវត្តិប្រកួតរបស់ សេង ស្រឿន គឺ៨៧លើក ឈ្នះ៦៧លើក ចាញ់១៩លើក និងស្មើ០១លើក។
អ្នកប្រដាល់ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀងរូបនេះ មួយរយៈកន្លងមកនេះ គេមានការរីកចម្រើនខាងក្បាច់គុនច្រើន ធ្វើឲ្យគេទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការប្រកួតជាមួយអ្នកប្រដាល់ថៃកន្លងមកនោះ។ ប៉ុន្តែក្នុងការប្រកួតចុងក្រោយរបស់គេ គឺវាយចាញ់ អ្នកប្រដាល់ថៃលំ ឡេង ក្នុងទឹកទី៤ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ តែសម្រាប់លើកនេះ សេង ស្រឿន មិនដឹងថាអាចយកឈ្នះឃុម ភេត បានឬអត់នោះទេ? ព្រោះថាអ្នកប្រដាល់ថៃរូបនេះគេជាជើងខ្លាំង និងធ្លាប់ឈ្នះអ្នកប្រដាល់ខ្មែរច្រើននាក់ហើយនាពេលកន្លងមក។
ឃុម ភេត អ្នកប្រដាល់ថៃ ដែលមកជួប សេង ស្រឿន នេះ គេធ្លាប់មកប្រកួតនៅស្រុកខ្មែរប៉ុន្មានដងហើយកន្លងមក ដោយវាយចាញ់ រឿង សោភ័ណ្ឌ ក្លិបមកុដរាជសីហ៍ ត្រឹមពិន្ទុប៉ុណ្ណោះ ហើយមកជួបឡៅ ចន្ទ្រា ពីរលើកក្រោយមកទៀតនោះ ក៏ចាញ់ឡៅ ចន្ទ្រា ដែរ។ យ៉ាងណាឃុម ភេត ជាជើងខ្លាំងមួយរូបនៅស្រុកថៃ និងជាម្ចាស់ខ្សែក្រវាត់ផងដែរ។ នេះបើតាមប្រវត្តិរបស់ឃុម ភេត។
អ្នកប្រដាល់ជើងខ្លាំងរបស់ថៃរូបនេះ គេប្រកួតមានប្លង់តាមលក្ខណៈបច្ចេកទេស ទាំងកណ្ដាប់ដៃ ទាំងជើងទាត់ ជង្គង់កែង គឺមានកំប្លេតែម្តង។ ឃុម ភេត មានកំណត់ត្រាប្រកួតចំនួន៧៣លើក ឈ្នះ៥៩លើក ចាញ់១១លើក និងស្មើ០៣លើក។
ចាំមើល ការមកប្រកួតលើកនេះ សេង ស្រឿន អាចយកឈ្នះអ្នកប្រដាល់ថៃរូបនោះ បានឬអត់?។
ចំពោះ ព្រឿង សុជាតិ អ្នកប្រដាល់ជើងខ្លាំងស្រករក្រោយកម្ពុជា មកពីក្លិបកងពលធំអន្តរាគមន៍លេខ២ នឹងត្រូវជួបប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មួក ភេត(Chhmuok Phat) ដោយជួបគ្នាក្នុងទម្ងន់៦០គីឡូក្រាម។ ពួកគេទាំងពីរនាក់នេះ មិនធ្លាប់ជួបគ្នាទេកន្លងមក។
សុជាតិ គេជាអ្នកប្រដាល់ជើងថ្មី ដែលមានកាយសម្បទារឹងមាំ និងវាយខ្លាំង និងធ្លាប់ផ្ដួលជើងចាស់អស់ច្រើននាក់មកហើយ។ គេឡើងសង្វៀនបានប្រមាណ៦៣លើក ដោយ វាយឈ្នះ៤៦លើក ចាញ់១៥លើក និងស្មើ០២លើក។
យ៉ាងណាមួយរយៈចុងក្រោយនេះ ព្រឿង សុជាតិ គេវាយចាញ់ថៃជាបន្តបន្តបន្ទាប់ រហូតបាត់មុខពីសង្វៀនតាំងពីថ្ងៃទី១១វិច្ឆិកា២០១៨ បន្ទាប់ពីការប្រកួតចុងក្រោយជាមួយថៃ គេវាយចាញ់ណាំផេត ឆរ. ដោយពិន្ទុនោះ។
ឈ្មួក ភេត ជាអ្នកប្រដាល់ថៃចំណូលថ្មី មិនធ្លាប់មកប្រកួតនៅស្រុកខ្មែរម្តងណានៅឡើយទេកន្លងមក។ អ្នកប្រដាល់ថៃរូបនេះ មានកំណត់ត្រាប្រកួតចំនួន៦៥លើក ឈ្នះ៥០លើក និង ចាញ់១០លើក មិនដែលស្មើ។ បើធៀបជាមួយព្រឿង សុជាតិ គឺប្រហាក់ប្រហែលសុជាតិ ដែរ។
បើតាមពិនិត្យកម្រិតសមត្ថភាពបច្ចេកទេស និងកាយសម្បទារបស់ពួកគេទាំងពីរនេះ គេមិនរំពឹងថា ព្រឿង សុជាតិ អាចវាយឈ្នះឈ្មួក ភេត នោះទេ ដោយសារសុជាតិខានប្រកួតយូរ។ ឈ្មួក ភេត មានកម្ពស់១,៦៩ម៉ែត្រ ឯ ព្រឿង សុជាតិ កម្ពស់១,៦៨ម៉ែត្រ។
ទោះជាយ៉ាងនេះក្តី សម្រាប់ការជួបគ្នានេះ មិនទាន់ប្រាកដថា ព្រឿង សុជាតិ ចាញ់ ឈ្មួក ភេត នោះដែរ ព្រោះថាអ្នកប្រដាល់ក្លិបកងពលធំអន្តរាគមន៍លេខ២ រូបនេះ គេជាអ្នកប្រដាល់ដែលមានចិត្តធំនិងស៊ូចំពោះការប្រកួត។ ដូច្នេះការជួបគ្នាលើកនេះ មិនដឹងថា នរណាជាអ្នកឈ្នះនោះឡើយ សម្រាប់ជំនួបលើកដំបូងនេះ។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញ ធី តុងហ៊ី អ្នកប្រដាល់ក្លិបពន្លឺវិបុលដារិទ្ធពោធិសែនជ័យ ត្រូវគេផ្តល់ឱកាសឲ្យជួបសងសឹកជាមួយ តូច ទូ អ្នកប្រដាល់សមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ដោយប្រកួតក្នុងទម្ងន់៦៩គីឡូក្រាម។ ពីរនាក់នេះ ធ្លាប់ប៉ះគ្នាពីរដងហើយពីមុនមក ដោយតុងហ៊ី វាយចាញ់តូច ទូ ទាំងពីរដង។ ចាំមើល ជួបគ្នាលើកទី៣នេះ ធី តុងហ៊ី អាចសងសឹកតូច ទូ បានសម្រេចឬអត់?។
អេលីត កែវឡុង អ្នកប្រដាល់ក្លិបឆ្មាសសែនសុខគុនខ្មែរ នឹងជួបប្រកួតជាមួយ ណាម ម៉ូរ៉ាក់ អ្នកប្រដាល់ក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបង ហើយសូត្រ វាសនា អ្នកប្រដាល់ក្លិបបក្សីស្លាបដែក នឹងជួបសងសឹករឿន សុខលី អ្នកប្រដាល់ក្លិបការិយាល័យទី៥ កងទ័ពជើងគោក ក្នុងទម្ងន់៥៤គីឡូក្រាម៕
Source: Kampuchea Thmey Daily
0 Comments