Ad Code

អគ្គ​មេបញ្ជាការ​កងទ័ព​ជើងគោក ​៖ សម​យុទ្ធ “​ហនុមាន​មាស ២០១៩” មិនមែនជា​ការគំរាមកំហែង​ប្រទេសជិតខាង​នោះទេ តែ​ជាការ​ពង្រឹង​វិស័យ​ការពារជាតិ



កំពត ​៖ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ បាន​អះអាងថា សមយុទ្ធ “​ហនុមាន​មាស ២០១៩” មិនមែនជា​ការគំរាមកំហែង​ប្រទេសជិតខាង​ណាមួយ​នោះទេ តែ​ជាការ​ពង្រឹង​ទៅលើ​កងយោធពល​ខេមរភូមិន្ទ ដើម្បី​ពង្រឹង​វិស័យ​ការងារ​ការពារជាតិ ហើយក៏​បានប្រកាស​ប្រឆាំង​ដាច់ខាត​ចំពោះ អ្នកមាន​បំណង​ចង់​បំផ្លាញ​សន្តិភាព និង​ការអភិវឌ្ឍ​​ នៅ​ប្រទេស​កម្ពុជា​។​

អគ្គមេបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន មាន​ប្រសា​ស​ន៍​បែបនេះ នៅក្នុង​ពិធី​បិទ​សមយុទ្ធ​បាញ់​គ្រាប់​ពិត “​ហនុមាន​មាស ២០១៩” កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ ដែល​ពិធី​នោះ មានការ​អញ្ជើញ​ចូលរួម​ពី​លោក​ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​មេបញ្ជាការ​កងទ័ពជើងគោក ព្រមទាំង​សេនានុព័ន្ធ​យោធា នៃ​បណ្តា​ស្ថានទូត ស្ថាន​ឯកអគ្គរាជទូត របស់​ប្រទេស​ជា​មិត្ត​ប្រចាំ​នៅ​កម្ពុជា​។​

តាម​របាយ​ការណ៍​របស់លោក​ឧ​ត្ត​ម​សេនី​យ៍​ឯក ម៉ៅ សុផាន់ មេ​បព្ជាការ​កងពលតូច​ថ្មើ​ជើង​លេខ​៧០ បាន​ឲ្យ​ដឹងថា "​សមយុទ្ធ​ហនុមាន​មាស ២០១៩" មាន​លំ​ហាត់​ទីបញ្ជាការ និង​លំ​ហាត់​លើ​ទីលាន​ប្រើប្រាស់​កម្លាំង​ជាង​២​ពាន់​នាក់។ លទ្ធផល​នៃ​សមយុទ្ធ គឺ​គ្រប់​ជំនាញ​បាញ់​ចំ​គោលដៅ​១០០​ភាគរយ​។ "​សមយុទ្ធ ហនុមាន​មាស ២០១៩" គោល បំណង​ពង្រឹងសមត្ថភាព ជំនាញ​កងយោធពល​ខេមរភូមិន្ទ​។​

ថ្លែង​នៅក្នុង​ឱកាស​នោះ នាយ​ឧ​ត្ត​ម​សេនី​យ៍ វង្ស ពិ​សេន បាន​មាន​ប្រសា​ស​ន៍​ថា "​សមយុទ្ធ ហនុមាន​មាស ២០១៩" មិនមែនជា​ការគំរាមកំហែង​ទៅ​ប្រទេសជិតខាង ឬ​យក​ទ័ព​ទៅ​វាយ​ប្រទេស ជិតខាង​នោះទេ​។ តែ​គឺជា​ការពង្រឹង​ទៅលើ​កងយោធពល​ខេមរភូមិន្ទ​ដើម្បី​ពង្រឹង​វិស័យ​ការងារ​ការពារជាតិ​។ នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បាន​បញ្ជាក់ថា " ការធ្វើ​សមយុទ្ធ​នេះ អត់​មានគំនិត​ចង់ ទៅ​ឈ្លានពាន​អ្នកណា​ទេ សំខាន់បំផុត​ពង្រឹង​ទៅលើ​កង​យោធ ពល​ខេមរភូមិន្ទ ទៅលើ​វិស័យ​ការងារ​ការពារជាតិ​។ សមយុទ្ធ​របស់​យើង​នេះ មិនមែនជា​ការគំរាមកំហែង​យក​ទ័ព​របស់​យើង ទៅ​វ៉ៃ​ប្រទេស​នេះ​ប្រទេស​នោះ​គឺ​អត់​មាន​ទេ​"​។​

ជាមួយគ្នា​នោះ នាយ​ឧ​ត្ត​ម​សេនី​យ៍ វង្ស ពិ​សេន បានប្រកាសថា កងយោធពល​ខេមរភូមិន្ទ​ប្រឆាំង​ដាច់ខាត​ពួក​អមិត្ត ដែលមាន​បំណង​ចង់​បំភ្លេច​បំផ្លាញ​សន្តិភាព និង​ការអភិវឌ្ឍ​​ ដែល​កំពុង​តែមាន​នាពេល​បច្ចុប្បន្ន​នៅក្នុង​ប្រទេស​កម្ពុជា​។ សន្តិភាព​មិនអាច​រក​បាន​ដោយ​ងាយ ដូច្នេះ​យើងទាំងអស់គ្នា​ត្រូវតែ​ការពារ​ឲ្យ​បាន​ដាច់ខាត ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ ក្នុង​លក្ខណៈ​ណាក៏ដោយ រូប​ភាពជា​ក្រុម​ក្តី ជា​បុគ្គល​ក្តី គឺ​យើង​ត្រូវតែ​ប្រឆាំង​ដាច់ខាត និងមាន​វិធាន ការ​ផ្លូវច្បាប់ ចំពោះ​អ្នកណា​ចង់​បំផ្លាញ​សន្តិភាព​។​

ចំណែក​លោក​ឧ​ត្ត​ម​សេនី​យ៍ឯក អួន សារឿន មេបញ្ជាការ​កងទ័ពជើងគោក​បាន​ថ្លែងថា សម យុទ្ធ “​ហនុមាន​មាស​២០១៩" ដែល​បាន​ធ្វើឡើង​ពីថ្ងៃ​ទី​៤-​ទី​៨ ខែឧសភា ឆ្នាំ​២០១៩ គឺជា​សម យុទ្ធ​លើក​ទី​១ និង​ជា​ប្រវត្តិសាស្ត្រ នៃ​បញ្ជាការដ្ឋាន​កងទ័ពជើងគោក និង​មាន​គោលបំណង​ដើម្បី​ពង្រឹង​សមត្ថ ភាព​ចំណេះដឹង​បណ្តា​ជំនាញ​ដល់​នាយទាហាន នាយទាហានរង និង​ពល​ទា ហាន​កងទ័ពជើងគោក នៃ​កងយោធពល​ខេមរភូមិន្ទ​ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី នាពេល បច្ចុប្បន្ន និង​ដើម្បី​វាស់​ស្ទង់​សមត្ថភាព គុណភាព ផ្តល់​ចំណេះដឹង​ការងារ​សេនាធិការ​ក្នុង​ការធ្វើ​សមយុទ្ធ ដល់​កម្មសិក្សា នាយទាហាន​សេនាធិការ​ក្នុង​កិច្ចសហការ​វាង​ប្រភេទ​កងទ័ព និង​ទ័ព​ជំនាញ ក្នុងពេល​ហ្វឹកហ្វឺន​ក៏ដូចជា​ក្នុងពេល​ប្រយុទ្ធ​។​

ទាក់ទង​បញ្ហា​នេះ នាយ​ឧ​ត្ត​ម​សេនី​យ៍ ឈុំ សុជាតិ អ្នកនាំពាក្យ​ក្រសួងការពារជាតិ​បានបញ្ជាក់​កាលពី​រសៀល​ថ្ងៃទី​០៨ ឧសភា ថា សមយុទ្ធ "​ហនុមាន​មាស ២០១៩" បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​តាម​ផែនការ​។ សមយុទ្ធ នេះ មាន​រយៈពេល​៥​ថ្ងៃ នៅលើ​ទីលាន​បាញ់​គ្រាប់​ពិត​តេ​ជោ​សែន​ជុំ​គិរី ខេត្តកំពត​។ ជោគជ័យ​សម្រាប់​សមយុទ្ធ "​ហនុមាន​មាស ២០១៩" នេះ គឺ​កើតឡើង​ដោយសារ​កត្តា​២​យ៉ាងនោះ គឺ​បញ្ជាការ​របស់​យើង​បានរៀបចំ​ផែនការ​ប្រយុទ្ធ​បានល្អ ហើយ​កម្លាំង​សមយុទ្ធ​របស់​យើង ក៏បាន​អនុវត្តតាម​ផែនការ បាន​យ៉ាង​ល្អប្រសើរ​ផងដែរ​។ ក្នុង​សមយុទ្ធ "​ហនុមាន​មាស ២០១៩" ៥​ថ្ងៃ​មកនេះ មាន​កម្លាំងយោធា​ចូលរួម​ចំនួន ២៣៣២​នាក់ មកពី​អង្គភាព​ផ្សេងៗ​នៃ​កងទ័ពជើងគោក​។ អាវុធយុទ្ធភណ្ឌ​ដែល​ប្រើ​ក្នុង​សកម្មភាព​សមយុទ្ធ​នោះ រួមមាន​រថក្រោះ​, រថពាសដែក​, ឧទ្ធម្ភាគចក្រ​, ត្រូ​ន រួមទាំង​កាំភ្លើងត្បាល់​120mm ផងដែរ​។​
"​ហនុមាន​មាស ២០១៩" ត្រូវបាន​ធ្វើឡើង​ដើម្បី​ពង្រឹងសមត្ថភាព ចំណេះដឹង បណ្តា​ជំនាញ​ដល់ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងទ័ពជើងគោក ក្នុង​កិច្ចការពារ​បូរណភាព​ទឹកដី នាពេល​បច្ចុប្បន្ន និង​អនាគត​។ សមយុទ្ធ​នេះ​ក៏​ជា​ការ​វាស់ស្ទង់​សមត្ថភាព ក្រោយពី​ធ្វើការ​ហ្វឹកហ្វឺន​តាម​បណ្តា​សាលា និង​កងឯកភាព​រួច​ផងដែរ​។ មួយវិញទៀត សមយុទ្ធ​ហនុមាន​មាស នឹង​ជួយ​លើកកម្ពស់​សមត្ថភាព គុណភាព ផ្តល់​ចំណេះដឹង​ការងារ​សេនាធិការ ក្នុង​ការធ្វើ​សមយុទ្ធ​ដល់​កម្មសិក្សា នាយទាហាន​សេនាធិការ ក្នុងការ​សហការ​រវាង​ប្រភេទ​ទ័ព និង​ទ័ព​ជំនាញ ក្នុងពេល​ហ្វឹកហ្វឺន ក៏​ដូច​ក្នុងពេល​ប្រយុទ្ធ​ថែមទៀត​។​

សមយុទ្ធ​ហនុមាន​មាស បាន​ប្រើប្រាស់​យុទ្ធវិធី​វាយបក​យក​ទីតាំង​ដែល​ខ្មាំង​ដណ្តើមបាន​ត្រឡប់មកវិញ ខុសប្លែក​អំពី​សមយុទ្ធ​នាគ​មាស ២០១៩ ដែល​កម្លាំង​សមយុទ្ធ​បាន​វាយ​រំដោះ​ចំណាត់​ខ្មាំង​ពី​ជំរុំ​ខ្មាំង​ជាដើម​៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu