ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៣ ឆ្នាំ២០១៩ ដែលរៀបចំឡើងដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) សេនាធិការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(ស.ប.ក) បានចាប់ផ្ដើមពីចុងខែកុម្ភៈ មកម្ល៉េះដោយមានការប្រកួតបែងចែកចេញជា ២វគ្គដូចកាលពីឆ្នាំ២០១៨ ដែរគឺវគ្គប្រកួតជម្រុះថ្នាក់ខេត្ត និងវគ្គប្រកួតជម្រុះថ្នាក់ជាតិ។
ការប្រកួតវគ្គថ្នាក់ខេត្តចាប់ផ្ដើមមុនគេដោយចាប់ប្រកួតពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខណៈមានក្រុមទាំងអស់ចំនួន២៣ចូលរួម មកពី២៣ខេត្ត ដែលបែងចែកចេញជា ៦ពូលដែល១ពូលមាន ៤ក្រុម លើកលែងតែពូល F ដែលមានតែ៣ក្រុមធ្វើការប្រកួតចំនួនមួយជើងប៉ុណ្ណោះ។ ពេលនេះកម្មវិធីប្រកួតបានស្វែងរកឃើញក្រុមឡើងដល់វគ្គ៨ក្រុមចុងក្រោយហើយ ដោយក្នុងនោះមានក្រុមខេត្តសៀមរាប,ក្រុមខេត្តកែប,ក្រុមខេត្តព្រៃវែង,ក្រុមខេត្តកំពត,ក្រុមខេត្តកំពង់ធំ,ក្រុមខេត្តត្បូងឃ្មុំ ,ក្រុមកោះកុង និងរតនៈគីរី។
ចំពោះលទ្ធផលប្រកួតវគ្គ៨ក្រុមចុងក្រោយនេះមាននៅថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩ ក្រុមខេត្តត្បូងឃ្មុំ យកឈ្នះលើក្រុមខេត្តព្រៃវែង ២ទល់០ លើទីលានកីឡដ្ឋានខេត្តត្បូងឃ្មុំហើយក្រុមក្រុមខេត្តកោះកុង យកឈ្នះក្រុមខេត្តកំពត ១ទល់០ ក្រុមខេត្តកំពត នៅលើទីលានកីឡដ្ឋានខេត្តកោះកុង។ ចំណែកលទ្ធផលប្រកួត២គូទៀតនៅថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០១៩ ដោយក្រុមខេត្តសៀមរាប ឈ្នះក្រុមខេត្តកែប ដោយបាល់ប៉េណាំងទីកាត់សេចក្តី ៥ទល់៤ ក្រោយប្រកួតស្មើគ្នា២ទល់២ លើទីលានខេត្តសៀមរាប និងក្រុមខេត្តកំពង់ធំ ចាញ់ក្រុមខេត្តរតនគិរី ដោយលទ្ធផល៣ទល់២លើទីលានកីឡដ្ឋានខេត្តកំពង់ធំ។
បន្ទាប់មកក្រុមដែលបានឈានដល់វគ្គផ្ដាច់ព្រ័ត្រនៃវគ្គថ្នាក់ខេត្តចំនួន២ក្រុម នឹងទទួលបានកៅអីឡើងមកប្រកួតវគ្គថ្នាក់ជាតិបន្តទៀតជាមួយក្រុមចំនួន១៤ ដែលជាសមាជិកនៃលីគកំពូលកម្ពុជា រដូវកាល២០១៩ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ចាប់ពីថ្ងៃទី១៩ ខែមិថុនាប្រកួតចំនួន២ជើង (ក្នុងដី និងក្រៅដី) លើកលែងតែវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ដែលប្រកួតតែ ១ជើងវគ្គផ្ដាច់ព្រ័ត្រនឹងធ្វើឡើងថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩៕
Source: Kampuchea Thmey Daily
0 Comments