ភ្នំពេញ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក សួន បវរ ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ផ្ទេរភារកិច្ច ពីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មកបម្រើការងារនៅក្រសួងមហាផ្ទៃវិញ ដែលព្រះរាជក្រឹត្យនេះ ធ្វើឡើងតាមសំណើ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយផ្អែកតាមសេចក្តីត្រូវការចាំបាច់របស់រាជរដ្ឋាភិបាល នេះបើតាព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩។
ការសម្រេចផ្ទេរភារកិច្ចលោក សួន បវរ នេះ ត្រូវបានគេមើលឃើញថា បានធ្វើឡើងបន្ទាប់ពីលេចធ្លាយរឿងស្ត្រីម្នាក់បានចេញមុខអះអាងថា គាត់ជាស្រីស្នេហ៍របស់លោក សួន បវរ ហើយត្រូវបានលោក សួន បវរ ដោះដៃបោះបង់ចោល។
យោងតាមលិខិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី០៨ ខែឧសភា ឆ្នាំ ២០១៩ ដែលទូលថ្វាយ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ការសម្រេចផ្ទេរតំណែងលោក សួន បវរ នេះ ដោយផ្អែកតាមសេចក្តីត្រូវការ ចាំបាច់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងដោយបានពិនិត្យលើលក្ខណៈសម្បត្តិ សមត្ថភាព និងបទពិសោធន៍ការងាររបស់មន្ត្រីរាជការ ព្រមទាំងដើម្បីលើកកម្ពស់ប្រសិទ្ធភាពការដឹកនាំ និងការគ្រប់គ្រងការងាររដ្ឋបាល ឲ្យមានដំណើរការល្អប្រសើរ។
តាមសំណើដែលបានទូលថ្វាយព្រះមហាក្សត្រនោះរួមមាន ទី១, ផ្ទេរភារកិច្ចលោក សួន បវរ ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ២ ពីអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ មកឲ្យបម្រើការងារនៅទីស្ដីការក្រសួងមហាផ្ទៃ ដើម្បីទទួលភារកិច្ចថ្មី។ ទី២, តែងតាំងលោក អ៊ុំ រាត្រី ឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ជាអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជំនួសលោក សួន បវរ។ ទី៣, ផ្ទេរបញ្ចូលលោក គឹង វណ្ណៈ ពីឋានន្តរសក្តិឧត្តមសេនីយ៍ឯក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា មកជាឋានន្តរសក្តិឧត្តមមន្ត្រីថ្នាក់លេខ២ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ ដើម្បីមានឧបនិស្ស័យតែងតាំងមុខតំណែងជាអភិបាលរងខេត្តបន្ទាយមានជ័យ។
ទាក់ទងការផ្ទេរភារកិច្ចលោក សួន បវរ នេះ តាមលិខិតលោក ប្រាក់ សំអឿន អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ច នឹងត្រូវធ្វើនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៣០នាទី នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គួររំលឹកថា ថ្មីៗនេះ ស្ត្រីម្នាក់បានចេញមុខ ស្នើសុំឲ្យអោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយរកយុត្តិធម៌ ដោយសំអាងថា លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានយកគាត់ជាគូស្នេហ៍អស់រយៈពេល៥ឆ្នាំហើយ តែបានលែងទទួលខុសសត្រូវ និងចង់ចាប់ដាក់គុកទៀត។
ការចោទប្រកាន់នេះ បានធ្វើឡើងតាមរយៈ Account facebook ឈ្មោះ So Phy ដោយបានសរសេរយ៉ាងនេះថា “សម្តេចជួយរកយុត្តិធម៌ឲ្យញុំផង អភិបាលខេត្តបន្ទាយមានជ័យ សួន បវរ យកញុំហើយបោះបង់ញុំចោល ខ្ញុំអត់មានផ្ទះនៅទេ”, សម្តេចជួយរកយុត្តិធម៌ឲ្យញុំផង ម្តាយញុំដេអង្រឹងឲ្យសម្តេច និងកងទ័ព អភិបាលខេត្ត សួន បវរ យកញុំចោល ហើយរកចាប់ខ្ញុំដាក់គុកទៀត, សម្តេចជួយរកយុត្តិធម៌ឲ្យញុំផង អភិបាលខេត្តបន្ទាយមានជ័យយកញុំប្រាំឆ្នាំហើយ តាំងពីគាត់នៅក្រ ដល់ថ្ងៃ១៧ មេសា ឆ្នាំ២០១៩ គាត់ឈប់យកញុំហើយ ញុំអត់មានអ្វីទាំងអស់ អភិបាលខេត្តសួនបវរ”។
ស្ត្រីដែលជាស្រីកំណាន់ចិត្តរបស់លោក សួន បវរ ត្រូវបានដឹងថា មានឈ្មោះ ឡៅ សុភី មានអាយុ៤១ឆ្នាំ រស់នៅខេត្តកំពង់ចាម ហើយបានស្គាល់គ្នាចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ តែមិនសូវជិតស្និទ្ធនោះទេ។ រហូតដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ គាត់ និងលោក សួន បវរ បានរស់នៅជាមួយគ្នាដូចជាប្តីប្រពន្ធ ហើយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ បន្ទាប់ពីថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែររួច លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានផ្ញើសារមកគាត់ថា ឲ្យឈប់ទាក់ទងគាត់តទៅទៀត។
តាមស្ត្រីរូបនោះ ដោយសារគាត់ និងលោកអភិបាលខេត្តស្រលាញ់គ្នាយូរឆ្នាំហើយ គាត់ក៏បានបង្ហោះសារលើហ្វេសប៊ុកផ្ទាល់ខ្លួន និងបានបញ្ចេញមតិ (Comments) ក្នុងផេកហ្វេសប៊ុក សម្តេចតេជោ ហ៊ុន សែន ដើម្បីអោយបងប្អូន និងសម្តេចជួយស្វែងរកយុត្តិធម៌ជូនគាត់។
ក្រោយពីបែកធ្លាយរឿងនេះ ស្ត្រីឈ្មោះ ឡៅ សុភី ដែលអះអាងថា ជាស្រីកំណាន់របស់លោក សួន បវរ បានលេខថ្នាំសម្លាប់ខ្លួន ហើយត្រូវបានយកមកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត។ បន្ទាប់ពីស្ត្រីឈ្មោះ ឡៅ សុភី បានទៅតវ៉ានៅមុខសាលាខេត្ត លោក សួន បវរ ក៏បានរកមេធាវីមកចរចា ដោយផ្តល់លុយចំនួន២ម៉ឺនដុល្លារ ប៉ុន្តែត្រូវបានស្ត្រីឈ្មោះ ឡៅ សុភី អះអាងថា លោក សួន បវរ បានលួងគាត់ ហើយបោកប្រាស់ ដោយបានសន្យាថា នឹងទិញផ្ទះមួយល្វែង និងផ្តល់មុខរបប តែទីបំផុតឲ្យតែលុយ២ម៉ឺនដុល្លារ។
ស្ត្រីឈ្មោះ ឡៅ សុភី បានថ្លែងប្រាប់កម្ពុជាថ្មី យ៉ាងដូច្នេះថា “លោក សួន បរវ គាត់លួងញុំ បោកប្រាស់ចិត្តញុំ អោយទៅជួបគាត់ ហើយមុននឹងទៅជួបគាត់ គាត់បានតេតាមទូរស័ព្ទជាច្រើនដង ដោយគាត់បានសន្យាថា នឹងទិញផ្ទះមួយល្វែង ទីបំផុត គាត់ប្រើល្បិចបោកប្រាស់ចិត្តញុំ។ លោក សួន បវរ គាត់បានលួងញុំបោកប្រាស់ចិត្តញុំ អោយញុំទៅជួបគាត់ ហើយញុំផ្តិតមេដៃ ហើយមុនថ្ងៃទៅជួបគាត់នៅយប់ថ្ងៃទី២៩ គាត់បានតេមកញុំច្រើនដង ដល់ថ្ងៃទី៣០អ្នកបើកឡានអោយគាត់ បានតេមកញុំច្រើនដងទៀត អោយញុំទៅជួបមេរបស់គេ គឺលោកសួន បវរ ទីបំផុត គេអោយញុំផ្តិតមេដៃ តែមិននិងផ្តិតមេដៃ គាត់បានសន្យាថា គាត់និងទិញផ្ទះមួយល្វេងអោយញុំ ហើយនិងមុខរបបរកស៊ី ទីបំផុត គាត់អោយលុយត្រឹម២០០០០$ ប៉ុណ្ណោះ ញុំចាញ់ល្បិចរបស់លោក សួន បវរ”៕
Source: Kampuchea Thmey Daily
0 Comments