ឧត្តរមានជ័យ ៖ បុគ្គលិកធនាគារស្ថាបនា ដែលប្រចាំការនៅស្រុកត្រពាំងប្រាសាទម្នាក់ ដែលគេស្គាល់ ឈ្មោះ អ៊ូ ចំរើន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៩នេះ ត្រូវបានអតិថិជនរបស់ខ្លួនរៀបចំពាក្យបណ្តឹងទៅសាលាដំបូងខេត្តឧត្តរមានជ័យ ដើម្បីជួយរកយុត្តិធម៌រឿងខ្ចីលុយមិនព្រមសង។
ពលរដ្ឋជនរងគ្រោះដែលមានឈ្មោះ ដោក ភី និង ប្រពន្ធឈ្មោះ ឆែ មុំរស់នៅភូមិពពេល ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទបានឲ្យដឹងថា នៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៩កន្លងទៅ ពួកគាត់បានទៅខ្ចីប្រាក់ពីធនាគារស្ថាបនាចំនួនសែសិបពីរលានរៀល(៤.២០០.០០០រៀល)ដោយមានឈ្មោះ អ៊ូ ចំរើនបុគ្គលិកធនាគារខាងលើ ជាអ្នករៀបចំឯកសារ។
ក្រោយពីខ្ចីប្រាក់បានហើយ ឈ្មោះអ៊ូ ចំរើន បានលួងលោម និងសុំខ្ចីលុយពីពួកគាត់ចំនួនប្រាំលានរៀន(៥.០០០.០០០រៀល) ដោយសន្យាថា សងវិញរយៈពេលដប់ថ្ងៃ និងឲ្យការប្រាក់ចំនួនមួយលានរៀល(១.០០០.០០០រៀល)ផងដែរ។
តែអ្វីនឹកស្មានមិនដល់នោះគឺមកដល់បច្ចុប្បន្ននេះមានរយៈពេលបីខែហើយ ដោយឈ្មោះអ៊ូ ចំរើនចេះតែសន្យាថាសងពីមួយថ្ងៃទៅមួយថ្ងៃដូចបំពង់រង់ចាំទឹកភ្លៀង។
ចំពោះករណីខាងលើក្រុមការងារយើងមិនអាចសុំការបំភ្លឺពីលោកអ៊ូ ចំរើន បុគ្គលិកធនាគារស្ថាបនាប្រចាំការនៅស្រុកត្រពាំងប្រាសាទ បានទេដោយទូរស័ព្ទមិនអាចទាក់ទងបាន។
ចំណែក លោក ទី សំបូរ ប្រធានសាខាធនាគារស្ថាបនាស្រុកត្រពាំងប្រាសាទ បានបញ្ជាក់ចំពោះបញ្ហានេះ លោកនឹងស៊ើបសួរព័ត៌មានឲ្យច្បាស់លាស់ និងមានវិធានការទៅតាមនីតិវិធីរបស់អង្គភាព៕
Source: Kampuchea Thmey Daily
0 Comments