ភ្នំពេញ ៖ ប្រជាពលរដ្ឋ៨គ្រួសារ ដែលមានទំនាស់ដីធ្លីរ៉ាំរ៉ៃរយៈពេលជាង១០ឆ្នាំ នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ជាមួយ លោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផាន អ៊ីម៉ិច ដ៏មានឥទ្ធិពល បានផ្ទុះការតវ៉ាជាថ្មីម្តងទៀត ហើយកាលពីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈដែលក្រុមហ៊ុនផាន អ៊ីម៉ិចនេះ បានធ្វើសកម្មភាពបូមខ្សាច់ ចាក់បំពេញដីដែលមានទំនាស់ ដែលតុលាការបានចេញដីការក្សាការពាររួចហើយនោះ។
ប្រជាពលរដ្ឋបានលើកដៃសំពះពីចម្ងាយស្នើសុំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធិបណ្ឌិត មេត្តាជួយអន្តរាគមន៍ក្នុងរឿងនេះ ដោយជួយផ្តល់យុត្តិធម៌ជូនពួកគាត់ដែលកំពុងរងគ្រោះនូវអំពើអយុត្តិធម៌ផង។
ពាក់ព័ន្ធករណីនេះ លោក រៀល ណារិទ្ធ តំណាងប្រជាពលរដ្ឋ៨គ្រួសារ បានអះអាងប្រាប់អ្នកសារព័ត៌មានយើងថា ដីធ្លីនេះ ប្រជាពលរដ្ឋទាំង៨គ្រួសារ បានទទួលពីក្រុមសាមគ្គី សរុបទំហំ៤ហិកតា ដោយក្នុងមួយគ្រួសារទទួលបានប្រហែល៤៤៤០ម៉ែត្រការ៉េ និង បានធ្វើការកាន់កាប់ដោយសុចរិត ក្នុងឆន្ទៈជាម្ចាស់ដីតាំងពី កំឡុងឆ្នាំ១៩៩៥ មកម្ល៉េះ។
តំណាងប្រជាពលរដ្ឋ បញ្ជាក់ថា ចាប់តាំងពីបានធ្វើការកាន់កាប់មក ពួកគាត់បានធ្វើការបង្កបង្កើនផល លើដីជាក់ស្តែង ប្រកបអាជីវកម្មចិញ្ចឹមទា និង ដាំដំណាំស្វាយ ចេក ជាដើម។ រហូតដល់ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០០៥ ស្រាប់តែក្រុមហ៊ុន ផាន អ៊ីម៉ិច បានយកគ្រឿងចក្រមកឈូសឆាយដំណាំ និង ផ្ទះដែលជាទ្រព្យសម្បត្តិនៅលើដី ដែលពួកគាត់កំពុងកាន់កាប់។ ស្របពេលជាមួយគ្នានេះ ពួកគាត់ពុំមានលទ្ធភាពក្នុងការតតាំងឡើយ ដោយហេតុថា នៅពេលក្រុមហ៊ុនចុះមកធ្វើការឈូសឆាយនោះ មានការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ឈរការពារ។
លោក រៀល ណារិទ្ធ បន្តថា ការរំលោភបំពានពីសំណាក់ក្រុមហ៊ុន ផាន អ៊ីម៉ិច បានធ្វើឲ្យពួកគាត់ជាប្រជាពលរដ្ឋស្លូតត្រង់ ត្រូវបាត់បង់ទ្រព្យសម្បត្តិដែលពួកគាត់បានគ្រប់គ្រង និង កាន់កាប់ ដោយសុចរិត ព្រមទាំងជាទីកន្លែងចាំបាច់សម្រាប់ប្រកបរបរចិញ្ចឹមជីវិតថែមទៀតផង។
លោកបន្តថា ក្រោយពីមានការតវ៉ាទៅស្ថាប័នផ្សេងៗ ក៏ដូចជាស្ថាប័នតុលាការរួចមក ថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៨ លោកចៅក្រមរស់ ពិសិដ្ឋ បានទទួលចាត់ការលើសំណុំរឿងរក្សាការពារលេខ ៦០០ ចុះថ្ងៃទី ១៧ធ្នូឆ្នាំ ២០១៨ ដែលមានភាគីម្ចាស់បំណុលឈ្មោះរៀល ណារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ និងឈ្មោះ ហៀម ដារ៉ា ភេទប្រុស អាយុ៤៩ឆ្នាំ បានដាក់ពាក្យស្នើសុំដីកាសម្រេចរក្សាចុះថ្ងៃទី១៧ ខែធ្នូឆ្នាំ២០១៨។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ តុលាការបានសម្រេចដីកាសម្រេច ចាត់ចែងបណ្ដោះអាសន្នលេខ ៥០១ ត ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ដែលបានសម្រេចចាត់ចែងជាបណ្ដោះអាសន្នហាមឃាត់កូនបំណុលឈ្មោះស៊ុយ សុផាន ជាប្រធានក្រុមហ៊ុនផានអ៊ីម៉ិច មិនឲ្យលក់ដូរ បញ្ចាំដាក់ធានា ធ្វើប្រទានកម្ម ធ្វើ អច្ច័យទានធ្វើអំណោយ មរតក បង្កើតហ៊ីប៉ូតែក ធ្វើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថ កាយយកអាចម៍ដី និងធ្វើសកម្មភាពផ្សេងៗ ចំពោះដីស្រែមានទំនាស់នេះ។ ប៉ុន្តែនៅដើម នៅដើមខែមេសា ឆ្នាំ២០១៩ នេះ ស្រាប់តែក្រុមហ៊ុន ផានអ៊ីម៉េច បានធ្វើសកម្មភាពបូមខ្សាច់ចាក់បំពេញទៅលើដីដែលមានទំនាស់ជាថ្មីម្តងទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានការតវ៉ាជាថ្មី។ បញ្ហានេះប្រជាពលរដ្ឋបានស្នើសុំទៅ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់ផង។
ការលើកឡើង និងការចោទប្រកាន់ពីសំណាក់តំណាងប្រជាពលរដ្ឋខាងលើនេះសារព័ត៌មានយើង បានធ្វើការទំនាក់ទំនងទៅលោកស្រី ស៊ុយ សុផាន ប្រធានក្រុមហ៊ុន ផាន អ៊ីម៉េចផងដែរ នៅថ្ងៃទី០៨ ឧសភានេះតែមិនអាចទំនាក់ទំនងបាន៕
Source: Kampuchea Thmey Daily
0 Comments