កំពង់ឆ្នាំង ៖ ក្រុមគ្រូពេទ្យស្រុកបរិបូណ៌បានឲ្យដឹងថា នៅចន្លោះម៉ោង១០ ទៅ ១១ព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ មានប្រជាពលរដ្ឋចាស់ និងក្មេងចំនួន០៨នាក់ រស់នៅក្នុងភូមិពពេល ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យស្រុកបរិបូណ៌ បន្ទាប់ពីពួកគាត់បានហូបនំបញ្ចុក ដែលគេដឹកលក់តាមកង់ នៅតាមផ្ទះក្នុងភូមិ មានអាការៈពុលក្អួតចង្អោររួចមក។
ដោយឡែក ក្រោយពីក្រុមគ្រូពេទ្យបានដាក់ស៊ីរ៉ូមបន្សាបជាតិពុលនៅក្នុងមន្ទីរពេទ្យស្រុកអស់ម្នាក់២ស្បោងរួចមក ពួកគាត់មានអាការៈធូរស្រាលឡើងវិញ ដែលអ្នកខ្លះអាចនឹងត្រឡប់ទៅផ្ទះវិញបានហើយនៅល្ងាចថ្ងៃទី០២ឧសភា នេះ។ ករណីខាងលើនេះ ក្រុមគ្រូពេទ្យសន្និដ្ឋានថា មកពីការហូបចុកនំបញ្ចុក ខ្វះអនាម័យ បន្លែឆៅ និង ម្យ៉ាងទៀត មកពីសុខភាពអ្នកហូបនំបញ្ចុកខ្សោយផងដែរ។
ស្ត្រីម្នាក់ដែលជាអ្នកហូបនំបញ្ចុក កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកបរិបូណ៌ បានឲ្យដឹងថា នំបញ្ចុកដែលគេដឹកតាមកង់លក់ក្នុងភូមិនេះ គឺជាអ្នកស្រុកក្នុងភូមិនាំគ្នាទិញហូបរៀងរាល់ថ្ងៃមិនដែលអីឡើយ។ ប៉ុន្តែមិនដឹងជាយ៉ាងម៉េចទេ នៅព្រឹកថ្ងៃទី០២នេះ ពេលពួកគាត់ទិញហូបរួច ប្រមាណ២ម៉ោងក្រោយមក បែរជាមានអាការៈក្អួតចង្អោរមកគ្រប់ៗគ្នាទាំងចាស់ទាំងក្មេង សរុបមានគ្នា១០នាក់ គឺប្រុស៥នាក់ ស្រី៥នាក់ ក្នុងនោះមានក្មេងប្រុសតូចៗ២នាក់ផងដែរ។ ជនរងគ្រោះចំនួន៨នាក់បានមកព្យាបាលនៅក្នុងមន្ទីរពេទ្យស្រុកបរិបូណ៌ ឯ២នាក់ទៀត ព្យាបាលជាមួយគ្រូពេទ្យឯកជនក្នុងភូមិ ។ ប៉ុន្តែមកដល់ល្ងាចថ្ងៃទី០២ នេះ ពួកគាត់មានអាការៈធូរស្រាល បាត់វិលមុខ និងបាត់ក្អួតចង្អោរហើយ ដែលអ្នកខ្លះអាចនឹងចេញពីពេទ្យត្រឡប់ទៅផ្ទះវិញបាន។
ក្រុមគ្រូពេទ្យស្រុកបរិបូណ៌ បានណែនាំអ្នកជំងឺនៅក្នុងមន្ទីរពេទ្យស្រុកថា ៖ ក្នុងពេលនេះជារដូវក្តៅ ការហូបចំណីអាហារ និងទឹក ត្រូវតែប្រុងប្រយ័ត្ន កុំហូបបន្លែឆៅ កុំហូបទឹកឆៅ ដែលនឹងអាចឲ្យយើងរាករូស និងក្អួតចង្អោរជាដើម ហើយបើមានអាការៈពុលចំណី ត្រូវរូតរះដឹកអ្នកជំងឺមកកាន់មន្ទីរពេទ្យជាបន្ទាន់ ដើម្បីយក្រុមគ្រូពេទ្យជួយសង្គ្រោះព្យាបាលឲ្យបានទាន់ពេលវេលា៕
Source: Kampuchea Thmey Daily
0 Comments