ស្ទឹងត្រែង ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ២នាក់ ប្រុសម្នាក់ ស្រីម្នាក់ ជាមួយគ្រឿងញៀនប្រភេទមេតំហ្វេតាមីនអាយ ម្សៅក្រាមពណ៌ស ប្រមាណជិត 1 គីឡូក្រាម បញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្ត។
ប្រតិបត្តិការបង្ក្រាបការជួញដូរគ្រឿងញៀនខុសច្បាប់ បានធ្វើឡើងកាលពី ថ្ងៃទី 2 ខែឧសភា ឆ្នាំ 2019 វេលាម៉ោង 4និង 20 នាទីល្ងាច ត្រង់ចំណុចផ្លូវបំបែកចូលភូមិព្រះកិល ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោ ចែម ផានិត នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា ជនសង្ស័យ ប្រុស/ស្រី 2 នាក់ ជួញដូរគ្រឿងញៀនខុសច្បាប់ ដែលសមត្ថកិច្ចបង្ក្រាបមាន 1-ឈ្មោះ សុំ សាង ភេទប្រុស អាយុ 70 ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់។ 2 -ឈ្មោះ មុត សៃភេទស្រី អាយុ 60ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំព្រះរំកិល ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោកវរសេនីយ៍ទោនាយការិយាល័យប្រឆាំងគ្រឿងញៀនបានបន្តឲ្យដឹងទៀតថា ការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះ ក្រោមការស្រាវជ្រាវ និងស៊ើបអង្កេតយ៉ាងល្អិតល្អន់របស់កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ទើបឈានដល់ការបង្ក្រាបជនសង្ស័យទាំងពីរនាក់នេះបានរួមជាមួយគ្រឿងញៀនជិត 1 គីឡូក្រាម និងបានបញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរ។
ជនសង្ស័យទាំង 2 នាក់ម្នាក់ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថាគ្រឿងញៀនជិត 1 គីឡូក្រាមនេះ គាត់បានស៊ីឈ្នួលកាន់ឲ្យគេតែប៉ុណ្ណោះ ហើយគ្រឿងញៀន ត្រូវបានធ្វើតេស្តបឋមចំពោះមុខជនសង្ស័យ និងមានការចូលរួមពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង រកឃើញថាពិតជាមានសារធាតុញៀនពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ កំពុងស្ថិតការឃាត់ខ្លួននៅក្នុងស្នងការដ្ឋាននគរបាលខេត្ត និងរៀបចំសួរចម្លើយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនៅរសៀលថ្ងៃទី 3 ខែឧសភា ឆ្នាំ 2019 នេះដើម្បីចាត់ការបន្តទៅតាមនីតិវិធី៕
Source: Kampuchea Thmey Daily
0 Comments