ឆៃ សារ៉ា អ្នកប្រដាល់កម្ពុជាសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ នឹងជួបសាកកណ្តាប់ដៃជាមួយអ្នកប្រដាល់ថៃជើងចាស់ ឈួក ឆ័យ (Chhuok Chhai) នាយប់ថ្ងៃសៅរ៍ទី០៤ ឧសភា ២០១៩នេះ ក្នុងព្រឹត្តិការណ៍ប្រដាល់ជើងឯកTV5 Knock Out Series by K.Cement រដូវកាលទី៥ ទម្ងន់៥៤គីឡូក្រាម នៅសង្វៀនTV5 ព្រែកកំពឹស។
ឆៃ សារ៉ា និង ឈួក ឆ័យ មិនធ្លាប់ជួបគ្នាទេកន្លងមក ។ ពួកគេពីរនាក់នេះ ជួបគ្នាក្នុងប្រភេទទម្ងន់ ៦៧ គីឡូក្រាម ។ រវាង ឆៃ សារ៉ា និង ឈួក ឆ័យ មិនដឹងថា នរណាជាអ្នកឈ្នះទេសម្រាប់ការជួបគ្នាលើកដំបូងនេះ? ។
ឈួក ឆ័យ ប្រដាល់ថៃរូបនេះ គេជាជើងចាស់ មានប្រវត្តិប្រកួតចំនួន ៧៦ លើក ដោយវាយឈ្នះ៦៥លើក ចាញ់១១លើក មិនដែលស្មើ ។ គេមកប្រកួតលើកចុងក្រោយនៅស្រុកខ្មែរ គឹបានផ្តួលចាន់ ប៊ុនហឿន អ្នកប្រដាល់ក្លិបនិរោធមានជ័យ អោយបោះបង់ចោលការប្រកួតក្នុងទឹកទី៣ នាថ្ងៃទី០៥ មេសា ២០១៩។
ឆៃ សារ៉ា មិនដឹងថា អាចយកឈ្នះអ្នកប្រដាល់ថៃរូបនេះបានឬអត់នោះទេ ? ត្បិតឈួក ឆ័យជាជើងខ្លាំងម្នាក់ដែលពិបាកនឹងយកឈ្នះបាន។
ឈួក ឆ័យ តាមប្រវត្តិប្រកួតរបស់គេកន្លងមក គេធ្លាប់មកប្រកួតនៅស្រុកខ្មែរច្រើនលើកហើយកន្លងមក ដែលក្នុងការជួបប្រកួតជាមួយអ្នកប្រដាល់កម្ពុជាកន្លងមក គេមិនត្រឹមតែធ្លាប់ឈ្នះឡៅ ចន្ទ្រា ជើងខ្លាំងក្លិបកងពលតូចទ័ពឆ័ត្រយោង៩១១នោះទេ គឺគេធ្លាប់វាយឈ្នះឃីម ឌីម៉ា ជើងខ្លាំងរបស់កម្ពុជាយើងដោយពិន្ទុទៀត។ ប៉ុន្តែមកម្តងទៀត គេវាយចាញ់ មឿន សុខហ៊ុច ក្លិបពុទ្ធសេរីវង្សកីឡាក្នុងទឹកទី២ ដោយសារសុខហ៊ុចទាត់អោយខូចជើង។ ហើយមកលើកក្រោយនេះ គេផ្តួលសេង ស្រឿន ក្លិបមហិទ្ធរិទ្ធមេសរថ្ងកខេត្តស្វាយរៀង អោយសន្លប់ក្នុងទឹកទី១ និងផ្តួលចាន់ ប៊ុនហឿន ឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី៣ទៀត ។
តាមក្រុមអ្នកវិភាគប្រដាល់ថា ឆៃ សារ៉ា មិនអាចទៅរួចជាមួយឈួក ឆៃ នេះ បានឡើយ ។តែសម្រាប់លោក ថៃ អ៊ូ ដែលជាអ្នកដឹកនាំកីឡាករថៃមកប្រកួតនោះ អោយដឹងថា ឆៃ សារ៉ា គេល្អនិងខ្លាំងជាងមុន ដោយសារតែកន្លងមកថ្មីៗនេះ សារ៉ា បានផ្តួលកីឡាករថៃឲ្យបោះបង់ចោលការប្រកួតតែក្នុងមួយទឹកទី១ប៉ុណ្ណោះ ដូច្នេះសារ៉ាមិនខ្សោយទេ ហើយមួយទៀតសារ៉ាមានទម្ងន់៦៧គីឡូក្រាម ខណះដែលឈួក ឆ័យ មានទម្ងន់តែ៦៥គីឡូក្រាម។
ក្នុងស្ថិតិប្រកួតចំនួន៩៥លើកនោះ ឆៃ សារ៉ាឈ្នះ៧៧លើក ចាញ់ ១៦លើក ស្មើ០២លើក និងធ្លាប់ផ្តួលដៃគូអោយសន្លប់ជាច្រើននាក់។ ចាំមើល រវាងឆៃ សារ៉ា និង អ្នកប្រដាល់ថៃឈួក ឆ័យ តើនរណាជាអ្នកឈ្នះក្នុងការជួបគ្នានេះ ?៕
Source: Kampuchea Thmey Daily
0 Comments