Ad Code

ការិយាល័យ​ឥណទាន​កម្ពុជា ​នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ នៅ​ចុងខែ​នេះ ​ឬ​ដើមខែ​ក្រោយ​



​ភ្នំពេញ ​៖ ​ការិយាល័យ​ឥណទាន​កម្ពុជា​ដែល​ហៅ​កាត់​ថា​ស៊ី​ប៊ី​ស៊ី​ នឹងដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល ​ឬ​ក្រុមហ៊ុន​នៅ​ចុងខែ​នេះ​ ឬ​ដើមខែ​ក្រោយ​ ដើម្បី​ផ្តល់​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ ​ស្តីពី​ក្រុមហ៊ុន​នានា​ ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​។​

លោក អឿ សុធា​រ័ត្ន ប្រធាន​នាយក​ប្រតិបត្តិ​ការិយាល័យ​ឥណទាន​កម្ពុជា​មានប្រសាសន៍​ថា ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល ​ឬ​ក្រុមហ៊ុន​នេះ ​អាច​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​និង​ធនាគារ​ដឹង​ព័ត៌មាន​ផ្សេងៗ​ទាក់ទង​នឹង​ពី​ប្រវត្តិ​ក្រុមហ៊ុន ការចុះបញ្ជី​កា អាស័យដ្ឋាន ពិសេស​ប្រវត្តិ​ នៃ​ការខ្ចីប្រាក់​ និង​ការ​សង​ប្រាក់​ជាដើម​។​

ថ្លែង​ក្រោយ​ចូលរួម​នៅក្នុង​សិក្ខាសាលា​ ស្ដីពី​ឥណទាន​នៅ​កម្ពុជា ​កាលពី​ព្រឹក​ថ្ងៃទី​០៣ ​ខែឧសភា ​ឆ្នាំ​២០១៩ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ លោក​បាន​បន្តថា​ការដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​នេះ ​ក៏​អាច​ឲ្យ​គ្រឹះស្ថាន​ហិរញវត្ថុ​និង​ធនាគារ​អាចធ្វើ​ការសម្រេច​ចិត្តបាន​ត្រឹមត្រូវ​ និង​សុក្រឹត​ជាង​មុន​ មុននឹង​សម្រេច​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ដែល​ស្នើសុំ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​ផងដែរ​។​

ជាមួយគ្នានេះដែរ​ លោក​បាន​បន្ថែមទៀតថា ​ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​នឹង​ជួយ​ឲ្យ​កម្ពុជា​កាន់តែ​ទទួលបាន​ពិន្ទុ​ល្អ​ថែមទៀត​ក្នុង​ផ្តល់​សេវា​ឥណទាន​របស់​ធនាគារ​ពិភពលោក ​ខណៈ​ឆ្នាំមុន​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២២ ​ក្នុងចំណោម​ប្រទេស​១៩០​ នៅលើ​ពិភពលោក​។​

លោកស្រី​ ជា​ សេរី ប្រធានការិយាល័យ​ឥណទាន​កម្ពុជា​និង​ជា​អគ្គនាយក​នៃ​ធនាគារជាតិ ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា ​«​នៅពេល​ព័ត៌មាន​ឥណទាន​នីតិបុគ្គល​ដំណើរការ​ពេញលេញ​ វា​នឹង​ជួយ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ និង​ភាគី​ពាក់ព័ន្ធ​ឲ្យ​ទទួល​បាន​នូវ​ព័ត៌មាន​ឥណទាន​ពេញលេញ​របស់​បុគ្គល​ទាំងឡាយ​ដែល​ដាក់ពាក្យ​ស្នើសុំ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​នៅក្នុង​ទីផ្សារ​នេះ​។​

ជាងនេះទៅទៀត​ ក៏មាន​សារៈសំខាន់​ផងដែរ​សម្រាប់​ធនាគារ​កណ្តាល​តាមដាន​មើល​ទីផ្សារ​ទាំង​មូល​ ដើម្បី​រក្សា​ស្ថិរភាព​ហិរញ្ញវត្ថុ​»​។​

លោក​បណ្ឌិត ​អ៊ិន ចាន់នី ​ប្រធាន​សមាគម​ធនាគារ​នៅ​កម្ពុជា​សង្ឃឹមថា ​ប្រព័ន្ធ​នេះ​ នឹង​ជួយ​ឲ្យ​ធនាគារ ​និង​គ្រឹះស្ថាន​មីក្រូហិរញវត្ថុ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ក្រុមហ៊ុន​ដែល​ដាក់ពាក្យ​ប្រាក់កម្ចី​ពាណិជ្ជកម្ម​កាន់តែច្រើន​ថែមទៀត​ ខណៈ​បច្ចុប្បន្ន​ភាគច្រើន​ខ្ចី​ជា​លក្ខណៈ​ឯកត្ត​បុគ្គល​ប៉ុណ្ណោះ​។​

លោក ​ខាយ ខេ​ល​ហូ​ហ្វ័​រ នាយក​គ្រប់គ្រង​របស់​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ឡាវ​ និង​វៀតណាម​បាន​មានប្រសាសន៍ថា ​ប្រព័ន្ធ​នេះ​នឹងមាន​តម្លៃ​សម្រាប់​ការពង្រីក​ហិរញ្ញវត្ថុ​ធុរកិច្ច​នៅ​កម្ពុជា​ប្រកបដោយ​សុវត្ថិភាព ​និង​បរិ​យា​ប័ន្ន​ពិសេស​សម្រាប់​សហគ្រាស​ធ​ន់​តូច​ និង​មធ្យម​៕​

 



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu