ក្រុមអ្នកធ្វើយុទ្ធនាការបាននិយាយថា កាលពីថ្ងៃព្រហស្បតិ៍ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានដោះលែងសកម្មជននារីចំនួន៤នាក់បន្ថែមទៀតដើម្បីរង់ចាំការជំនុំជម្រះដែលជាហេតុនាំឲ្យចំនួនសរុបនៃស្ត្រីដែលត្រូវបានដោះលែងជាបណ្តោះអាសន្នឡើងដល់ប្រាំពីរនាក់។
ពួកគេស្ថិតក្នុងចំណោមសកម្មជនទាំង១១នាក់ដែលកំពុងរង់ចាំការកាត់ក្តីលើបទចោទប្រកាន់ជាច្រើនដែលរួមមានទាំងទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយ អ្នកការទូតនិងក្រុមសិទ្ធិមនុស្សបរទេសផងដែរ។
ក្រុមសិទ្ធិមនុស្ស ALQST ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍បាននិយាយនៅលើ Twitter ថា “នាង Hatoon al-Fassi, Amal al-Harbi, Maysaa al-Manea, និង Abeer Namankani ត្រូវបានដោះលែងជាបណ្ដោះអាសន្ន”។
មេធាវីអារ៉ាប៊ីសាអ៊ូឌីតម្នាក់ដែលមានសិទ្ធិទទួលការកាត់ក្តីនៅតុលាការព្រហ្មទណ្ឌទីក្រុងរីយ៉ាដបានបញ្ជាក់ដាច់ដោយឡែកពីការដោះលែងនារីទាំង៤នាក់នេះ។
ក្រុម Prisoners of Conscience ដែលជាក្រុមអារ៉ាប៊ីសាអ៊ូឌីតតាមដានអ្នកទោសនយោបាយបានរាយការណ៍ពីការដោះលែងបណ្តោះអាសន្នលើស្ត្រីទីប្រាំដែលជានិស្សិតសាកលវិទ្យាល័យឈ្មោះ Shadan al-Anezi។
សកម្មជនម្នាក់ផ្សេងទៀតបានប្រាប់ AFP ថា ក្រុមគ្រួសារនៃស្ត្រីយ៉ាងតិចពីរនាក់ត្រូវបានគេកោះហៅទៅតុលាការដែលជាហេតុនាំឲ្យមានក្តីសង្ឃឹមនៃការបង់ប្រាក់ធានាប៉ុន្តែពួកគេត្រូវបានបដិសេធដោយគ្មានការពន្យល់ណាមួយ។
ទោះបីជាយ៉ាងណាក៏ដោយ ពុំមានសេចក្តីអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរអារ៉ាប៊ីសាអ៊ូឌីតទេ។
ស្ត្រីបីនាក់ទៀតដែលត្រូវកាត់ទោសរួមមានឈ្មោះ Aziza al-Yousef, blogger Eman al-Nafjan និង Rokaya al-Mohareb ត្រូវបានដោះលែងជាបណ្ដោះអាសន្នកាលពីចុងខែមីនា។
ទីក្រុងរីយ៉ាដបានប្រឈមនឹងសម្ពាធពីរដ្ឋាភិបាលលោកខាងលិចឲ្យដោះលែងនារីទាំងនោះដែលភាគច្រើនត្រូវបានឃុំខ្លួនកាលពីរដូវក្តៅមុននៅក្នុងការបង្ក្រាបប្រឆាំងនឹងសកម្មជននានាមុនពេលមានការលើកលែងជាប្រវត្តិសាស្ត្រនៃបម្រាមអាយុកាលច្រើនទសវត្សរ៍លើអ្នកបើកបរភេទស្រី៕ AFP
Source: Kampuchea Thmey Daily
0 Comments