Ad Code

ម៉ន ភា​រម្យ​ និង​គួ​ន ​សុវណ្ណ​ ជ្រុះ​ធ្លាក់ ខណៈ​ចាន់ សាន់​ និង​ ឡុង ណង​សៅ ​ឡើង​ទៅ​ជុំ​ទី​៣​ ​



ម៉ន ភារ​ម្យ អ្នក​ប្រដាល់​ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក និង ​គួ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ បាន​ជ្រុះ​ធ្លាក់​ហាលអាវ​ត្រឹម​ជុំ​ទី​២ បន្ទាប់ពី​ប្រកួត​ចាញ់ និង បោះ​បង់​ការប្រកួត​ក្នុង​ជម្រុះ​លើកដំបូង ​នៃ​ជុំ​ទី​២ ដណ្តើមពាន​រង្វាន់​ជើងឯក​TV5 Knock Out Series by K.Cement ទម្ងន់​៥៤​គីឡូក្រាម កាលពី​យប់​ថ្ងៃទី​០៤ ខែ​ឧសភា ឆ្នាំ​២០១៩។​

វគ្គ​ជម្រុះ​ជុំ​ទី​២ នៃ​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by K-Cement បានចាប់ផ្ដើម​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​២ ដែលមាន​ជើង​ខ្លាំង​១៦​រូប ដែល​ឈ្នះ​ពី​ការប្រកួត​ជម្រុះ​ជុំ​ទី​១​នោះ ត្រូវ​ចម្រាញ់​យក​៨​រូប ដើម្បី​ប្រកួត​វគ្គ​ជម្រុះ​ជុំ​ទី​៣​បន្តទៀត។​

នៅ​ថ្ងៃ​ប្រកួត​បើកឆាក​ដំបូង ​នៃ​វគ្គ​ជម្រុះ​ជុំ​ទី​២ អ្នក​ប្រដាល់​ពូកែ​ឌឺ ម៉ន ភារ​ម្យ មកពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក បាន​ខ្ទាត​ចេញពី​ការប្រកួត​ហើយ បន្ទាប់ពី​ប្រកួត​ចាញ់​អ្នក​ប្រដាល់ ចាន់ សាន់​មកពី​ក្លិប​តា​ព្រហ្ម​មានជ័យ​ដោយ​ពិន្ទុ​នោះ។​

​អ្នក​ប្រដាល់​ទាំង​២​រូបនេះ ប្រកួត​ក្នុងស្ថានភាព​ប្រហាក់ប្រហែលគ្នា។ ភា​រម្យ ​វាយ​ចេញ​ច្រើនតែ​មិន​សូវ​មាន​ប្រសិទ្ធភាព ឯ ចាន់ សាន់ វាយ​ចេញ​មួយៗ​តែ​ច្បាស់ ​និង​ចំ​គោលដៅ​បានល្អ។ ​ក្នុងចំណោម​ចៅក្រម​ទាំង​៥​រូប​មាន​៣​រូប ផ្ដល់​ពិន្ទុ​ឲ្យ​ចាន់ សាន់​ឈ្នះ និង ២​រូប​ផ្ដល់​ពិន្ទុ​ឲ្យ​ភា​រម្យ​ ឈ្នះ។ ភា​រម្យ​ខ្ទាត​ចេញពី​ការប្រកួត​ហើយ ឯ ចាន់ សាន់​ ត្រៀមខ្លួន​ប្រកួត​បន្ត​នៅ​ជុំ​ទី​៣​ទៀត។​

​ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​គួ​ន សុវណ្ណ ក្លិប​យុ​វាល​ស្បូវ​តែ​សុវណ្ណ​ កើត​ជំងឺ​គ្រុនពោះវៀន​មិនអាច​ប្រកួត​បាន។ ​ជា​រូបមន្ត​ការប្រកួត ឡុង ណង​សៅ ត្រូវ​ឈ្នះ​ដោយ​ស្វ័យប្រវត្តិ ឯ​គួ​ន សុវណ្ណ ត្រូវ​ចាញ់​ដោយ​ស្វ័យប្រវត្តិ ដោយសារ​បោះបង់​ការប្រកួត​នោះ។​
​ ​
ស្ថានភាព​បែបនេះ ឡុង​ណង​សៅ ត្រូវបាន​ដាក់​ឲ្យ​ប្រកួត​ជា​មិត្តភាព​ជាមួយ​អ្នក​ប្រដាល់ អេ​លី​ត ប៊ុន​សិទ្ធ ក្លិប​ឆ្មា​ស​សែន​សុខ​គុន​ខ្មែរ។​
​ ​
ការប្រកួត​នេះ ទោះបី​ចាញ់ ឬ ឈ្នះ ក៏​ឡុង ណង​សៅ មាន​កៅអី​សម្រាប់​ឡើងទៅ​ប្រកួត​ជុំ​ទី​៣​ដែរ ព្រោះ​ប៊ុន​សិទ្ធ មក​ប្រកួត​គ្រាន់តែ​ដើម្បី​តម្លៃ​ខ្លួន​ប៉ុណ្ណោះ។ ការប្រកួត​នេះ ឡុង ណង​ សៅ​ចាញ់​ពិន្ទុ​អេ​លី​ត ប៊ុន​សិទ្ធ តែ​គេ​បានទទួល​កៅអី​សម្រាប់​ជុំ​ទី​៣។​

​ការប្រកួត​ជា​មិត្តភាព​អន្តរជាតិ​ជាមួយ​អ្នក​ប្រដាល់​ថៃ​វិញ​នោះ អ្នក​ប្រដាល់​កម្ពុជា​ឆៃ សា​រ៉ា​ចាញ់​ពិន្ទុ​អ្នក​ប្រដាល់​ថៃ​ឈោ​ក ឆៃ​(Chhuok Chhai)​ដោយ​ពិន្ទុ។​

​ការប្រកួត​ជា​មិត្តភាព​រវាង​អ្នក​ប្រដាល់​កម្ពុជា​ក្រៅ​ក្របខ័ណ្ឌ​ពានរង្វាន់​វិញ​នោះ ង៉ែត វុ​ធ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ប្រកួត​ចាញ់​អ្នក​ប្រដាល់​លាភ រដ្ឋា ក្លិប​ដី​ឡូត៍​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ៕


Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu