ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នឹងផ្ដល់អាហារូបករណ៍ ដល់សិស្សមានពិការភាពឲ្យចូល រៀន ថ្នាក់ឧត្ដមសិក្សា ដោយមិនបង់ថ្លៃសិក្សា ១០០% ដើម្បីលើកទឹកចិត្តដល់សិស្ស មានពិការភាពរួមមាន គ-ថ្លង់ និងពិការភ្នែកជាដើមនោះមានឱកាសទទួលបានការងារសមរម្យ និងទទួលបានប្រាក់ ខែខ្ពស់។
យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា ចាប់ពីឆ្នាំ២០១៩-២០២០នេះតទៅ ក្រសួងនឹងផ្តល់អាហារូបករណ៍នៅឧត្ដមសិក្សា ដល់សិស្សមានពិការអវយវៈ ដូចជា ពិការដៃ ជើង គ-ថ្លង់ និង ពិការភ្នែក ជាដើមនោះ ទទួលបានអាហារូបករណ៍ចូលរៀន ថ្នាក់បរិញ្ញាបត្រ មិនបង់ថ្លៃសិក្សា ១០០% នៅតាមគ្រឹះស្ថានឧត្តមសិក្សា ដែលបានផ្តល់អាហារូបករណ៍ ដូចមានចែងក្នុងកូនសៀវភៅកម្រងព័ត៌មានអាហារូបករណ៍ សម្រាប់ឆ្នាំសិក្សា២០១៩-២០២០ មួយ កន្លែងដោយស្វ័យប្រវត្តិ លើមុខជំនាញណា ដែលមិនទាមទារការប្រឡង។
សេចក្តីជូនដំណឹងរបស់ក្រសួងអប់រំដដែលបានបន្តថា ដើម្បីទទួលបានអាហារូបករណ៍នៅឧត្តមសិក្សានេះ បេក្ខជនជាសិស្សានុសិស្សមានពិការភាពត្រូវដាក់ពាក្យ ស្នើសុំអាហារូបករណ៍ និងបានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៩ ឬក៏បេក្ខជនមានពិការភាព អាចទៅទទួលសំណុំពាក្យសុំពីវិទ្យាល័យ ដែលកំពុងសិក្សា និងត្រូវដាក់ពាក្យនៅតាមវិទ្យាល័យរបស់ខ្លួនយ៉ាងយូរត្រឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ។
លោក ងិន សៅរ័ត្ន នាយកអង្គការជនពិការកម្ពុជាបានមានប្រសាសន៍ថា ការផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្ស ឬក៏យុវជនពិការភាព ឲ្យទទួលបានឱកាសបន្តការសិក្សានៅឧត្ដមសិក្សា ដោយមិនមានការបង់ប្រាក់នេះ គឺជាការលើកទឹកចិត្តយ៉ាងសំខាន់ សម្រាប់សិស្សមានពិការ ដែលចង់បន្តការសិក្សានៅថ្នាក់បរិញ្ញា បត្រ ដើម្បីទទួលបានការអប់រំជំនាញវិជ្ជាជីវៈច្បាស់លាស់ និងមានឱកាសទទួលបានការងារដ៏ល្អមួយនាពេលអនាគត។
លោកនាយកអង្គការជនពិការកម្ពុជា ក៏បានស្នើឲ្យក្រសួងអប់រំ យុវជន និងកីឡាធ្វើយ៉ាងណាជួយសម្រួលឲ្យគ្រូឯកទេសផ្នែកពិការភាពនិងផ្ដល់សំភារៈបច្ចេកទេស នៃការសិក្សាសម្រាប់សិស្សមានពិការភាព ដៃ ជើង គ ថ្លឹង និង ពិការភ្នែកជាដើមនោះ មានលក្ខណៈងាយស្រួល ក្នុងការសិក្សាថ្នាក់ឧត្ដមសិក្សា ដែលមានដូចជា ឲ្យទទួលបានជោគជ័យ និងមិនមានការលំបាក។
ទន្ទឹមនឹងនេះ លោកក៏បានស្នើឲ្យដល់ស្ថាប័នរដ្ឋពាក់ព័ន្ធផ្សេងៗ បន្តបង្កើនប្រសិទ្ធភាពការងារលើបងប្អូនជនពិការនៅកម្ពុជា ឲ្យទទួលបានឱកាសរៀនសូត្រ និងការងារល្អ ដើម្បីបំពេញតម្រូវការជីវភាពប្រចាំថ្ងៃ ក៏ជាចូលរួមលើកស្ទួយដល់បងប្អូនជនពិការនៅកម្ពុជាផងដែរ។
គួរបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងអប់រំយុវជន និងកីឡា តែងតែផ្តល់អាហារូបករណ៍ដល់សិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ សិស្សអាទិភាពតំបន់ជួបការលំបាក និងសិស្ស ជាប់ចំណាត់ថ្នាក់ពូកែទូទាំងប្រទេស ប៉ុន្តែសម្រាប់ឆ្នាំសិក្សា២០១៩-២០២០នេះតទៅ ក្រសួង នឹងចាប់ផ្ដើមលើកទឹកចិត្តដល់សិស្ស មានពិការភាព មានលទ្ធភាពប្រឡងយកអាហារូបករណ៍ដូចសិស្សដទៃទៀតដែរ៕
Source: Kampuchea Thmey Daily
0 Comments