ប្រជាជនអាហ្វ្រិកខាងត្បូង បានទៅបោះឆ្នោត កាលពីថ្ងៃពុធនៅក្នុងការបោះឆ្នោតជាតិ ដោយគណបក្ស ANC ដែលកាន់អំណាចចាប់តាំងពីឆ្នាំ១៩៩៤មកនោះគឺជាគណបក្សដែលគេរំពឹងថានឹងឈ្នះបើទោះបីជាមានរឿងអាស្រូវអំពើពុករលួយនិងកំណើនសេដ្ឋកិច្ចមិនសូវលូតលាស់ព្រមទាំងភាពអត់ការងារធ្វើក្នុងកម្រិតកំណត់ត្រាក៏ដោយ។
ANC បានឈ្នះរាល់ការបោះឆ្នោតទាំង៥លើកកន្លងមកនេះប៉ុន្តែការបោះឆ្នោតកាលពីថ្ងៃពុធត្រូវបានគេមើលឃើញថាជាការធ្វើតេស្តមួយទៅលើថាតើគណបក្សនេះបានធ្លាក់ចុះប្រជាប្រិយភាពដែរឬទេ។
គណបក្សនេះត្រូវបានគេសន្និដ្ឋានថានឹងឈ្នះឆ្នោតប៉ុន្តែអាចមានការថយចុះសំឡេងភាគច្រើនហើយលទ្ធផលនឹងបង្ហាញថាតើមេដឹកនាំថ្មីរបស់ខ្លួនគឺលោកប្រធានាធិបតី Cyril Ramaphosa អាចយកឈ្នះការអាក់អន់ចិត្តយ៉ាងខ្លាំងក្នុងចំណោមអ្នកបោះឆ្នោតអាហ្វ្រិកខាងត្បូងបានដែរឬអត់។
លោក Ramaphosa បានឆក់យកតំណែងពីអ្នកសម្បូររឿងអាស្រូវឈ្មោះ Jacob Zuma ដែលក្រោមការដឹកនាំរបស់គាត់ គណបក្ស ANC បានជួបប្រទះការធ្លាក់ចុះយ៉ាងខ្លាំងក្នុងការគាំទ្រចាប់តាំងពីឆ្នាំ១៩៩៤មក។
ការបោះឆ្នោតនេះមានរយៈពេល២៥ឆ្នាំចាប់តាំងពីលោក Mandela បានដឹកនាំគណបក្សសមាជជាតិអាហ្វ្រិក (ANC) ឲ្យកាន់អំណាចនៅក្នុងការបោះឆ្នោតពហុជាតិសាសន៍លើកដំបូងរបស់ប្រទេសនេះ។
ការគាំទ្រសម្រាប់គណបក្ស ANC បានធ្លាក់ចុះនៅក្នុងរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ២០០៤មកដោយគណបក្សនេះទទួលបានសំឡេងត្រឹមតែ៥៤ភាគរយប៉ុណ្ណោះនៅក្នុងការបោះឆ្នោតមូលដ្ឋានឆ្នាំ២០១៦បើប្រៀបធៀបទៅនឹង៦២ភាគរយនៅក្នុងការបោះឆ្នោតជាតិលើកចុងក្រោយកាលពីឆ្នាំ២០១៤។
លោក Ramaphosa វ័យ៦៦ឆ្នាំបានឡើងកាន់តំណែងកាលពីឆ្នាំមុននៅពេលលោក Zuma ត្រូវបានបង្ខំឲ្យលាលែងពីតំណែងជាប្រធានាធិបតីដោយគណបក្ស ANC បន្ទាប់ពីការគ្រប់គ្រងរយៈពេល៩ឆ្នាំដែលពោរពេញទៅដោយការចោទប្រកាន់ពីបទពុករលួយនិងបញ្ហាសេដ្ឋកិច្ច។
ការស្ទាបស្ទង់មតិភាគច្រើនបានបង្ហាញថា ANC នឹងទទួលបានសំឡេងគាំទ្រជិត៦០ភាគរយនៅថ្ងៃពុធដោយសារតែឥទ្ធិពលរបស់លោក Ramaphosa និងគណបក្សប្រឆាំងដែលទន់ខ្សោយនិងបាក់បែកគ្នា៕ AFP
Source: Kampuchea Thmey Daily
0 Comments