ភ្នំពេញ ៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាសម្ចាស់ បទ វាសនាបុប្ផាស្វាយរៀង កញ្ញា សួស វីហ្សា បន្ទាប់ពីមានការយល់ច្រឡំ និងរិះគន់ថា ព្រោះតែនាងស្រលាញ់ថ្នមចិត្ត ទើបធ្វើឲ្យតារាស្រីរូបនេះ សម្រេចចិត្តចំណាយលុយខ្ទង់សែនដុល្លារទិញរថយន្តស៊េរីទំនើប ធ្វើជាកាដូរផ្គាប់ចិត្ត ថមមី នោះ គឺភ្លាមៗនេះ នាងក៏បានបញ្ចេញប្រតិកម្មបញ្ជាក់ថា ពុំមែនជាករពិតឡើយ។
បើតាមការឲ្យដឹងពីសាមីខ្លួន កញ្ញា សួស វីហ្សា បាននិយាយថា ចាស៎ សូមបញ្ជាក់ថា ខ្ញុំមិនបានទិញកាដូរឡានឲ្យ ថមមី ទេ គេទិញខ្លួនគេ លុយរបស់គេសុទ្ធសាធ ម៉ែឪគេអ្នកនាំទៅទិញទៀត ខ្ញុំមិនទាន់មានលទ្ធភាពទិញកាដូរឲ្យធំដល់ម្លឹងទេ ត្រឹមអាចរកលុយទិញដីទិញផ្ទះទុកលក់យកចំណេញរួមគ្នាទើបមាន ឡានគាត់ទិញថ្មី តែគ្រាន់តែរូបនេះថតនៅក្នុងផ្ទះថ្មីរបស់ខ្ញុំ។
តារាចម្រៀងរូបស្រស់ កញ្ញា សួស វីហ្សា បានបន្តថា ព័ត៌មាននេះវាល្អសម្រាប់ខ្ញុំ តែវាអាចធ្វើឲ្យ ថមមី អន់ចិត្ត ព្រោះគាត់អាចគិតថាគាត់អន់ដោយមិនមានសមត្ថភាពទិញរបស់របរខ្លួនឯង ទាល់តែស្រីទិញឲ្យ ទាំងដែលខំលក់ដីលក់ស្រែចង់ងាប់ទម្រាំគ្រប់យកមកទិញ អរគុណដែលបានចុះផ្សាយ តែសូមនិយាយឲ្យច្បាស់លាស់ និងជាការពិត។
ការចេញមុខប្រតិកម្មរបស់តារាស្រី កញ្ញា សួស វីហ្សា ខាងលើនេះ បានធ្វើឡើងភ្លាមៗដោយសារតែអត់ទ្រាំមិនបានលើបុគ្គលមួយចំនួនដែលនិយាយថា រថយន្តទំនើបរបស់គូស្នេហ៍ គឺលោក ថមមី ជាកាដូរ ដែលនាងទិញឲ្យដើម្បីលើកទឹកចិត្ត។ ម្យ៉ាងក៏មានសារព័ត៌មានក្នុងស្រុកមួយខ្លះទៀតបានធ្វើការចុះផ្សាយលើករណីនេះផងដែរ។
ទន្ទឹមគ្នានឹងការលើកឡើងរបស់តារាចម្រៀង កញ្ញា សួស វីហ្សា នេះដែរ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនបង្ហាញការគាំទ្រ និងលើកទឹកចិត្តកុំឲ្យនាងគិតច្រើនលើសម្តីគ្មានប្រយោជន៍ពីសំណាក់បុគ្គលមួយចំនួន៕
Source: Kampuchea Thmey Daily
0 Comments