គណបក្សប្រឆាំងរបស់ប្រទេសសិង្ហបុរីនៅក្នុងសភាបាននិយាយថា ខ្លួននឹងជំទាស់ចំពោះសេចក្តីព្រាងច្បាប់ព័ត៌មានក្លែងបន្លំដ៏ចម្រូងចម្រាសមួយដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស អ្នកកាសែតនិងក្រុមហ៊ុនបច្ចេកវិទ្យាខណៈការជជែកវែកញែកលើច្បាប់ដែលស្នើឡើងនេះបានឈានចូលដល់ថ្ងៃទីពីរ។
ទង្វើនេះទំនងជាមិនធ្វើឲ្យមានការបំផ្លាញដល់ច្បាប់នេះទេថ្វីបើសភានឹងពិចារណាលើការកែប្រែដែលអាចកាត់បន្ថយវិសាលភាពរបស់ខ្លួនមុនការបោះឆ្នោតចុងក្រោយក៏ដោយ។ ច្បាប់នេះត្រូវបានមនុស្សមួយចំនួនមើលឃើញថាជាការផ្តល់ឲ្យរដ្ឋាភិបាលនូវអំណាចធំធេងនិងរាំងស្ទះសេរីភាពនៃការបញ្ចេញមតិ។
មេដឹកនាំគណបក្សប្រឆាំងលោក Pritam Singh បានប្រាប់សភាកាលពីថ្ងៃអង្គារថា “គណបក្សពលករសូមប្រឆាំងនឹងច្បាប់នេះ។ យើងមិនយល់ស្របទេថា នាយកប្រតិបត្តិគួរតែជាអ្នកធ្វើសេចក្តីសម្រេចចិត្តដំបូងគេលើបញ្ហាពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍ក្លែងក្លាយ”។
គណបក្សពលករកាន់កាប់អាសនៈត្រឹមតែ៦ប៉ុណ្ណោះក្នុងចំណោមអាសនៈជាប់ឆ្នោតទាំង៨៩នៅក្នុងរដ្ឋសភាខណៈអាសនៈដែលនៅសេសសល់ដទៃទៀតត្រូវកាន់កាប់ដោយគណបក្សសកម្មភាពប្រជាជនដែលគ្រប់គ្រងចាប់តាំងពីសិង្ហបុរីទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីជាង៥០ឆ្នាំមុនមកម្ល៉េះ។
សេចក្តីព្រាងច្បាប់នេះគឺមានគោលបំណងប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយតម្រូវឲ្យប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញត្រូវអនុវត្តការកែតម្រូវឬលុបចោលនូវមាតិកាហើយការដាក់ទណ្ឌកម្មចំពោះជនល្មើសគឺត្រូវជាប់ពន្ធនាគាររហូតដល់១០ឆ្នាំឬពិន័យជាប្រាក់ដល់ទៅ១លានដុល្លារសិង្ហបុរី (៧៣៤,២០០ដុល្លារអាមេរិក)។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងច្បាប់លោក K. Shanmugam បានប្រាប់សភាថា ច្បាប់នេះមិនគួរភ័យខ្លាចឡើយ។ លោក Shanmugam បានថ្លែងថា “សេរីភាពនៃការបញ្ចេញមតិមិនគួរទទួលឥទ្ធិពលពីសេចក្តីព្រាងច្បាប់នេះទេ។ យើងកំពុងនិយាយនៅទីនេះអំពីរឿងកុហក។ យើងកំពុងនិយាយអំពីភាពមិនពិត គណនីក្លែងក្លាយនិងអ្វីៗផ្សេងទៀត”។
ទន្ទឹមនោះ សមាជិកសភាបីរូបដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយប្រធានាធិបតីនិងមិនចូលរួមជាមួយគណបក្សនយោបាយបានស្នើឲ្យធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់នេះ។
គួរបញ្ជាក់ថា ប្រទេសសិង្ហបុរីបានជាប់ចំណាត់ថ្នាក់ទី១៥១ក្នុងចំណោមប្រទេសចំនួន១៨០នៅក្នុងសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោករបស់អង្គការអ្នកកាសែតគ្មានព្រំដែនដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយដែលលើកកម្ពស់សេរីភាពខាងព័ត៌មាន៕ REUTERS
Source: Kampuchea Thmey Daily
0 Comments