ភ្នំពេញ ៖ យុវជន២នាក់បងប្អូន ខណៈជិះម៉ូតូឌុបគ្នា ចេញពីកន្លែងប្រគំតន្ត្រីវិញ ត្រូវបានក្រុមក្មេងស្ទាវចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង ដេញស្ទាក់តាមផ្លូវ ប្រើប្រាស់ចម្ពាមកៅស៊ូ បាញ់ពីរគ្រាប់ប្លន់ ហើយកៀរឲ្យឈប់ គំរាមយកម៉ូតូទៅបាត់ដោយសុវត្ថិភាព កាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុង ខាងត្បូងខ្លោងទ្វារវត្តស្ងួនពេជ្រ ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល។
ជនរងគ្រោះទាំង២នាក់បងប្អូន ទី១.ឈ្មោះ សុខ វ៉ាន់ដេត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ ដើរលក់គ្រឿងក្រអូប តាមមុខរោងចក្រ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងគល់ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិស្មែត ឃុំព្រៃស្លឹក ស្រុកទ្រាំង តាកែវ។ ទី២.ឈ្មោះ ផេន ចិត្ត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ លក់គ្រឿងក្រអូប ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា ស្នាក់នៅ និងស្រុកកំណើត ជាមួយគ្នា ។ ចំណែកម៉ូតូដែល ក្រុមជនសង្ស័យ គំរាមដណ្តើមយកទៅបាត់ ម៉ាក MSX ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1N-4671 (ទិញតពីបងថ្លៃ)។
តាមការរៀបរាប់ពីជនរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុ នៅវេលាម៉ោងប្រមាណ១១និង៣០នាទីយប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩ ខណៈដែលវិលត្រឡប់ចេញពីកន្លែងប្រគំតន្ត្រី នៅកំបូល ជិះម៉ូតូឌុបគ្នាទៅផ្ទះជួល ដោយជនរងគ្រោះ ឈ្មោះ សុខ វ៉ាន់ដេត ជាអ្នកបើកបរ ឆ្លងផ្លូវជាតិលេខ៤ ចូលតាមផ្លូវបេតុង ខ្លោងទ្វារវត្តស្ងួនពេជ្រ បានបន្តិច ស្រាប់តែក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូសេ១២៥ចំនួន២គ្រឿង មិនចាំស្លាកលេខ ដេញតាមមកដល់ស្រែកឲ្យឈប់ តែមិនបានឈប់ បន្ថែមល្បឿន ត្រូវបានក្រុមជនសង្ស័យ ដេញតាមប្រើប្រាស់ចម្ពាមកៅស៊ូ បាញ់២គ្រាប់ ត្រូវចំអ្នកជិះក្រោយ ហើយជនសង្ស័យ កៀរម៉ូតូឲ្យឈប់ គំរាម ដណ្តើមយកម៉ូតូ រួចជិះបត់ត្រឡប់ក្រោយ គេចទៅបាត់។
ក្រោយកើតហេតុ ភ្លាមជនរងគ្រោះមិនបាន ប្តឹងប៉ូលិសភ្លាមទេ លុះដល់ព្រឹកឡើងថ្ងៃទី០៨ ខែឧសភា ទើបសាច់ញាតិនាំមករកដាក់ពាក្យបណ្តឹង ដល់ប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ តែសាកសួរទៅ កើតហេតុនៅឯភូមិសាស្ត្រ សង្កាត់កន្ទោក ខណ្ឌកំបូល ទើបប្រាប់ឲ្យទៅ ដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍កន្ទោកវិញ៕
Source: Kampuchea Thmey Daily
0 Comments