ប្រទេសអ៊ីរ៉ាក់ បានសន្យាធានាសុវត្ថិភាពដល់ផលប្រយោជន៍របស់អាមេរិកពីប្រទេសអ៊ីរ៉ង់។ នេះបើតាមសម្តីរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Mike Pompeo កាលពីថ្ងៃអង្គារ ខណៈដែលលោកបានធ្វើ ដំណើរគួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងបាកដាដដែលជាកន្លែងលោកបានចោទប្រកាន់ទីក្រុងតេរ៉ង់ថា មានផែនការធ្វើការវាយប្រហារជាក់ស្តែង។
ដំណើរទស្សនកិច្ចមិនបានប្រកាសរបស់អ្នកការទូតជាន់ខ្ពស់អាមេរិករូបនេះបានគូសបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែងមួយដើម្បីជំរុញចំណងទាក់ទងរបស់ទីក្រុងវ៉ាស៊ីនតោនជាមួយទីក្រុងបាកដាដខណៈខ្លួនបានបង្កើនសម្ពាធអតិបរមាប្រឆាំងនឹងរដ្ឋាភិបាលក្រុងតេរ៉ង់។
លោក Pompeo បានលុបចោលការចរចាជាបន្ទាន់នៅក្នុងប្រទេសអាល្លឺម៉ង់និងការធ្វើដំណើរទៅកាន់អឺ រ៉ុបដើម្បីចំណាយពេល៤ម៉ោងនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលជាកន្លែងលោកបានជួបទាំងជាមួយលោកប្រធានាធិបតី Barham Saleh និងលោកនាយករដ្ឋមន្ត្រី Adel Abdel Mahdi។
លោក Pompeo បានប្រាប់ក្រុមអ្នកយកព័ត៌មានក្រោយកិច្ចប្រជុំថា “យើងបាននិយាយទៅកាន់ពួកគេអំពីសារៈសំខាន់នៃប្រទេសអ៊ីរ៉ាក់ដើម្បីធានាថា ពួកគេអាចការពារពលរដ្ឋអាមេរិកឲ្យបានគ្រប់គ្រាន់នៅក្នុងប្រទេសរបស់ពួកគេ”។ លោកនិយាយថា “ពួកគេទាំងពីរបានផ្តល់ការធានាថា ពួកគេយល់ថានេះគឺជាការទទួលខុសត្រូវរបស់ពួកគេ”។
លោក Pompeo បាននិយាយថា លោកបានធ្វើដំណើរនេះពីព្រោះកងកម្លាំងអ៊ីរ៉ង់កំពុងបង្កើនសកម្មភាពរបស់ពួកគេហើយបាននិយាយថា ការគំរាមកំហែងនៃការវាយប្រហារគឺមានជាក់ស្តែង។
ទោះបីជាយ៉ាងណាក៏ដោយ លោកបានបដិសេធនិយាយលម្អិតបន្ថែមទៀតលើផែនការដែលត្រូវបានគេចោទប្រកាន់នេះហើយសមាជិកសភាបក្សប្រជាធិបតេយ្យឈានមុខមានការព្រួយបារម្ភថា រដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump កំពុងស្វែងរកការធ្វើសង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។
នៅក្នុងទង្វើចុងក្រោយបំផុតរបស់សហរដ្ឋអាមេរិក, មន្ទីរបញ្ចកោណបាននិយាយថា ខ្លួនបានបញ្ជូនយន្តហោះ B-52 ដែលមានសមត្ថភាពនុយក្លេអ៊ែរជាច្រើនគ្រឿងទៅកាន់តំបន់នេះ។
មន្ទីរបញ្ចកោណបាននិយាយថា ការដាក់ពង្រាយនេះគឺឆ្លើយតបទៅនឹងសញ្ញាថ្មីៗនិងច្បាស់លាស់ដែលថា កងកម្លាំងអ៊ីរ៉ង់កំពុងត្រៀមរៀបចំដើម្បីបើកការវាយប្រហារលើកងកម្លាំងអាមេរិក៕ AFP
Source: Kampuchea Thmey Daily
0 Comments