ភ្នំពេញ ៖ នៅវេលាម៉ោង១០ និង២០ នាទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ នេះ លោក អង្គវង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានជួបពិភាក្សាការងារជាមួយលោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ដែលជំនួបនេះ បានធ្វើឡើងនៅទីស្តីការក្រសួង ហើយនៅក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់លោកស្រី រ៉ូណា ស្ម៊ីត នាពេលនេះ។
លោកស្រី រ៉ូណា ស្មីត មកបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៩ ខែមេសា ដល់ថ្ងៃទី ០៩ ខែឧសភា ឆ្នាំ ២០១៩ តាមការអញ្ជើញរបស់រាជរដ្ឋាភិបាល ហើយទស្សនកិច្ចនេះផ្តោតទៅលើស្ថានភាពសិទ្ធិមនុស្សនាពេលបច្ចុប្បន្ន និងតាមដានពីដំណើរវិវត្តន៍នានាចាប់តាំងពីបេសកកម្មរបស់លោកស្រី កាលពីខែវិច្ឆិកាកន្លងមក។ ជាមួយគ្នានោះលោកស្រី មានបំណងបន្តការពិនិត្យផងដែរ ទៅលើវិស័យសិទ្ធិមនុស្ស ទាក់ទងនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយពិនិត្យជាពិសេសទៅលើការមិនរើសអើង និងសមភាព ព្រមទាំងការចូលរួម និងគណនេយ្យភាព។
ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃនេះ លោកស្រី គ្រោងជួបប្រជុំជាមួយមន្ត្រី ជាន់ខ្ពស់របស់រដ្ឋាភិបាល តំណាងសង្គមស៊ីវិល និងសមាជិកសហគមន៍ការទូតនានា ហើយលោកស្រី នឹងបំពេញទស្សនកិច្ចផងដែរទៅតាមតំបន់ផ្សេងៗ ដើម្បីប្រមូលព័ត៌មានដោយផ្ទាល់ ហើយនៅក្នុងទិវាពលកម្មអន្តរជាតិដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ម្សិលមិញនេះ លោកស្រី រ៉ូណា ស្មីត ក៏បានអញ្ជើញចូលរួមអបអរសាទរពិធីនេះជាមួយសហព័ន្ធសហជីពផងដែរ៕
Source: Kampuchea Thmey Daily
0 Comments