ប្រតិបត្តិករក្រុមហ៊ុន Boeing ទទួលបានសិទ្ធិគ្រប់គ្រងត្រឡប់មកវិញពីបណ្ដាម្ចាស់ភាគហ៊ុនកាលពីថ្ងៃច័ន្ទ ដោយបង្ហាញសញ្ញានៃការរំពឹងរបស់ខ្លួនថា និយតករនឹងចាត់វិធានការសំខាន់នៅសប្ដាហ៍ក្រោយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានយន្តហោះ 737 MAX ត្រឡប់មកហោះហើរបានឡើងវិញ បន្ទាប់ពីមានករណីធ្លាក់យន្តហោះ២លើកមុននោះ។
ក្រុមហ៊ុនយក្សផលិតយន្តហោះដែលស្ថិតក្រោមការពិនិត្យពិច័យក្រោយពីមានករណីធ្លាក់យន្តហោះដែលបានសម្លាប់អ្នកដំណើរនិងបុគ្គលិកលើយន្តហោះចំនួន៣៤៦នាក់និងបានផ្អាកដំណើរការយន្តហោះប្រភេទ MAX ទូទាំងពិភពលោកមកនោះបានយកឈ្នះការបោះឆ្នោតទំនុកចិត្តពីក្រុមវិនិយោគិនហើយស្របពេលជាមួយគ្នានោះថ្នាក់គ្រប់គ្រងរបស់ក្រុមហ៊ុនត្រូវប្រឈមមុខនឹងការឆ្លើយសំណួរដ៏តឹងតែងជុំវិញការឌីហ្សាញយន្តហោះនិងកំហុសទាំងឡាយដែលអាចកើតមានពេលនាំយកយន្តហោះប្រភេទនេះចូលទៅកាន់ទីផ្សារ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនបានឱ្យដឹងកាលពីថ្ងៃច័ន្ទថា Boeing រំពឹងថារដ្ឋបាលសហព័ន្ធអាកាសចរណ៍ FAA នឹងធ្វើការហោះហើរសាកល្បងលើកម្មវិធីជួសជុលដែលក្រុមហ៊ុនបានបង្កើតឡើងសម្រាប់ប្រព័ន្ធហោះហើរលើយន្តហោះ 737 MAX នៅចុងសប្ដាហ៍ក្រោយនេះ។
នាយកប្រតិបត្តិលោក Dennis Muilenburgត្រូវបានគេចោទជាសំណួរនៅក្នុងសន្និសីទកាសែតថាតើលោកនឹងពិចារណាលាឈប់ពីតំណែងដែរឬយ៉ាងណា។លោកក៏បានឆ្លើយតបថា "យើងផ្ដោតទៅលើបញ្ហាសុវត្ថិភាពជាចម្បងហើយខ្ញុំអាចប្រាប់អ្នកថាគ្រោះថ្នាក់ទាំងនេះមានទម្ងន់ធ្ងន់ខ្លាំងណាស់ចំពោះយើងជាក្រុមហ៊ុន។ចេតនាដ៏ច្បាស់លាស់របស់ខ្ញុំគឺបន្តនាំមុខគេផ្នែកសុវត្ថិភាពគុណភាព និងសុចរិតភាព។"
បើតាមក្រុមហ៊ុនផលិតយន្តហោះមួយនេះបានរាយការណ៍កាលពីសប្ដាហ៍កន្លងទៅថាវិបត្តិមួយនេះបានបន្ថែមបន្ទុកប្រហែល១ពាន់លានដុល្លារសម្រាប់ការចំណាយនៅត្រីមាសទីមួយនេះ៕ AFP
Source: Kampuchea Thmey Daily
0 Comments