Ad Code

ពលរដ្ឋ​១,៣៩៧​គ្រួសារ​ ទទួលរង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ពីថ្ងៃ​ទី​១​ ដល់​២៧​ បាន​ទទួល​អំណោយ និង​ធ្វើការ​ជួសជុល​ពី​អង្គភាព​ចំណុះ​កងពលតូច​ថ្មើរ​ជើង​លេខ​៥១



​បន្ទាយមានជ័យ ៖ តាម​ការអះអាង​របស់ លោក​ឧត្ដមសេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការ​រង​យោធ​ភូមិ​ភាគ​ទី​៥ ទទួល​ទិស​ទី​១ ​ខេត្ត​បន្ទាយមានជ័យ​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង​ថា​ ខេត្ត​បន្ទាយ​មាន​ជ័យ ចាប់ពី​ថ្ងៃទី​១ ដល់​ថ្ងៃ​ទី​២៧ ខែ​មេសា ឆ្នាំ​២០១៩​នេះ ​ប្រជាពលរដ្ឋ​ទាំង​៩​ក្រុង​/ស្រុក ទទួល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ សរុប​មាន​ចំនួន​១,៣៩៧​គ្រួសារ រងគ្រោះ​ធ្ងន់​១៩៥​ខ្នង សាលារៀន​១៦​ខ្នង សាលា​បាលី​២​ខ្នង សាលាឆាន់​៣​ខ្នង និង​កុដិ​២​ខ្នង​ ក្រោយពី​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​រួចមក ​មាន​អង្គភាព​ចំណុះ​កងពលតូច​ថ្មើរ​ជើង​លេខ​៥១​ ដឹកនាំ​លោក​ឧត្ដមសេនីយ៍​ទោ ឈុន ម៉ៅ មេបញ្ជាការ​រង​យោធភូមិភាគ​ទី​៥ ទទួល​ទិស​ទី​១ ​ខេត្ត​បន្ទាយមានជ័យ ​បាន​នាំ​យក​​អំណោយ​និង​ជួយ​ធ្វើការ​ជួសជុល​ជា​បន្តបន្ទាប់ហើយ​ជូន​ប្រជាពលរដ្ឋ​ទាំងអស់នោះ​។

លោក​ឧត្ដមសេនីយ៍​ទោ ឈុន ម៉ៅ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ឲ្យ​ដឹងថា​ ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​មាននៅ​ស្រុក​ម៉ាឡៃ ព្រះនេត្រព្រះ​ស្វាយចេក អូរជ្រៅ និង​ ក្រុង​សិរីសោភ័ណ មាន ១.៣៩៧​ខ្នង ធ្ងន់​១៩៥​ខ្នង ស្រាល​១.២០២​ខ្នង សាលារៀន​១៦​ខ្នង សាលា​បាលី​២​ខ្នង កុដិ​៤​ខ្នង សាលា​ឆាន់​៣​ខ្នង មូលដ្ឋាន រោង​ដាក់​ម៉ាស៊ីន ​និង​សម្ភារៈ​៦​ខ្នង។​

លោក​បាន​បន្តថា​ ជាងនេះទៅទៀត ក៏​មាន​រន្ទះបាញ់​បណ្តាល​ស្លាប់​មនុស្ស​៥​នាក់ ​របួស​៦​នាក់ និង ស្លាប់​គោ​១៣​ក្បាល ខូច​ម៉ូតូ​៣​គ្រឿង គោយន្ត​១​គ្រឿង ហើយ​ឆេះ​ផ្ទះ​មួយ​ខ្នង​ផង។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ ដើម្បី​ឆ្លើយតប មន្ត្រី​ថ្នាក់ដឹកនាំ មន្ត្រី​អាជ្ញាធរ កងកម្លាំង​នគរបាល កងទ័ព កងរាជអាវុធហត្ថ​ និង​ក្រុមការងារ​ផ្សេងទៀត បាន​ចុះ​ជួយ​រុះរើ សម្រួល​ផ្ទះ​ និង​សំណង់​ខូច​ខាត និង​រៀបចំ​ជម្រក​បណ្ដោះអាសន្ន ផ្តល់​គ្រឿងសំណង់​មា​ន​ស័ង្កសី ឈើ​ជាដើម​ និង​បាន​ជួយ​ជួស​ជុល កសាងឡើង​វិញ​ជា​បណ្តើរៗ​វិញ​អស់ហើយ។

​លោក​បាន​បន្ថែមទៀតថា ​មន្ត្រី​ថ្នាក់ដឹកនាំ ​នៃ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​បន្ទាយមានជ័យ អ្នក​តំណាងរាស្ត្រ អាជ្ញាធរ​ដែនដី​ និង​កាកបាទក្រហម​កម្ពុជា​សាខា​ខេត្ត​ បាន​ដោះស្រាយ​ទាន់ពេល ​និង​ចែក​អំណោយ​ជា​សម្ភារៈ និង​ម្ហូបអាហារ​ជា​បន្តបន្ទាប់។​

លោក​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា ​លោក​សែន​សោកស្ដាយ​ជាទីបំផុត​ បាន​សម្តែង​មនោសញ្ចេតនា​ចូលរួម​រំលែក​ទុក្ខ​ និង​ការលំបាក​ចំពោះ​ការបាត់បង់​សមាជិក​គ្រួសារ ផ្ទះសម្បែង ទ្រព្យសម្បត្តិ​ក្នុង​នោះ​ លោក​បានផ្តល់​កម្លាំងចិត្ត​ឲ្យ​ដល់​បងប្អូន​តស៊ូ​ជម្នះ​ផល​អាក្រក់​ពី​បម្រែបម្រួល​អាកាសធាតុ​នេះ ដោយ​ខិតខំ​ប្រឹងប្រែង​កែលំអ​ទីជម្រក​ និង​ស្តារ​ជីវភាព​ឡើងវិញ​ផងដែរ​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu