Ad Code

វី​ង ពង្រីក​សេវា​ផ្ទេរប្រាក់​ទៅកាន់​ប្រទេស​ចិន តាមរយៈ​ភាពជា​ដៃគូ ជាមួយ​ក្រុមហ៊ុន UnionPay



​ភ្នំពេញ ​៖ ​ធនាគារ​ឯកទេស វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត ដែលជា​ក្រុមហ៊ុន​ផ្តល់​សេវា​ធនាគារ​ចល័ត ឈានមុខ​គេ​នៅ​កម្ពុជា បានប្រកាស​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន UnionPay International (UPI) ក្នុង​ការផ្ដល់សេវា​ផ្ទេរប្រាក់​ទៅ​ប្រទេស​ចិន ជាមួយ​ការចាប់ផ្ដើម​ដំណើរការ​សេវា Wing UnionPay MoneyExpress ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​កម្ពុជា​និង​ជនបរទេស​រស់នៅក្នុង​ប្រទេស​កម្ពុជា អាចធ្វើ​ការផ្ទេរ​ប្រាក់​ទៅកាន់​ប្រទេស​ចិន តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង​។​

តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន UnionPay ធនាគារ​ឯកទេស វី​ង បាន​ពង្រីក​ជម្រើស​បណ្ដា​ញ​សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់ខ្លួន​ដល់​អតិថិជន ដោយ​ផ្តល់ឱ្យ​ពួកគេ​នូវ​ជម្រើស និង​ការគ្រប់គ្រង​កាន់តែច្រើន​នៅក្នុង​របៀប​គ្រប់គ្រង​ការផ្ទេរ​ប្រាក់​របស់​ពួកគេ​។ អ្នក​ប្រើ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង អាច​ផ្ទេរប្រាក់​ទៅ​ប្រទេស​ចិន ហើយ​អ្នកទទួល​ក្នុងនាម​ជា​ម្ចាស់​កាត UnionPay អាច​ដក​ប្រាក់​ចេញពី​គ្រប់​ធនាគារ ឬ​ម៉ាស៊ីន​ដក​ប្រាក់ (​អេ​ធី​អឹម​) នៅក្នុង​ប្រទេស​ចិន​។​

ក្នុងនាម​ជា​ក្រុមហ៊ុន​ផ្ទេរប្រាក់​តាមរយៈ​បច្ចេកវិទ្យា​ឌីជីថល ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា វី​ង យល់ច្បាស់​អំពី​តម្លៃ​ក្នុងការ​បម្រើ​ដល់​អតិថិជន​មូលដ្ឋាន​របស់ខ្លួន ដែលមាន​ការកើនឡើង​ជា​លំដាប់ ហើយ​មាន​ទំនាក់ទំនង​ជាមួយ​ប្រទេស​ចិន និង​អ្នក​ដែល​កំពុង​ស្វែងរក​ភាពងាយស្រួល​ក្នុងការ​ផ្ទេរប្រាក់​ទៅ​ប្រទេស​ចិន ខណៈពេលដែល​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​ប្រទេស​ចិន កំពុង​បន្ត​កើនឡើង​។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស អគ្គនាយក​ធនាគារ​ឯក​ទេស វី​ង មានប្រសាសន៍ថា ការដាក់ឱ្យ​ដំណើរការ​សេវា​ផ្ទេរប្រាក់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន បានបង្ហាញ​យ៉ាងច្បាស់ ពី​ការប្តេជ្ញាចិត្ត​របស់ វី​ង ក្នុង​ការផ្តល់​ដំណោះស្រាយ​នៃ​ការផ្ទេរ​ប្រាក់​ឲ្យ​ដែលមាន​ភាពងាយស្រួល រវាង​ប្រទេស​និង​ប្រទេស ខណៈពេលដែល​ប្រទេស​កម្ពុជា បានក្លាយ​ទៅជា​ប្រទេស ដែល​កាន់​តែមាន​លក្ខណៈ​អន្តរជាតិ និង​ចម្រុះ​ក្នុង​ផ្នែក​ធុរៈកិច្ច​។​

លោក ចូ​ចូ ម៉ា​ឡូ​ឡូ​ស បាន​បន្តទៀតថា​៖ “​ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វប្បធម៌​រវាង​កម្ពុជា​និង​ចិន កាន់​តែមាន​ភាពរឹងមាំ ប្រជាជន​កម្ពុជា​កាន់តែ​ច្រើន កំពុង​ស្វែងរក​ឱកាស​ធ្វើ​ធុរៈកិច្ច​ជាមួយ​ប្រទេស​ចិន​។ ធនាគារ​ឯកទេស វី​ង មាន​សេចក្តីរំភើប​រីករាយ ក្នុងការ​ចូលរួម​ជាមួយ​ក្រុមហ៊ុន UnionPay ដែលជា​បណ្តាញ​ទូទាត់​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ចិន ដើម្បី​ផ្តល់​សេវា​ផ្ទេរប្រាក់​ទៅ​ក្រៅប្រទេស​ថ្មី ជាមួយនឹង​ការរំពឹងទុក​ថា សេវាកម្ម​នេះ​នឹង​រួមចំណែក​ដល់​ការ​រឹតចំណង​មិត្តភាពរ​វា​ង​ប្រទេស​ទាំងពីរ​។​”

តាមរយៈ​ភាពជា​ដៃគូ​នេះដែរ លោក Yang Wenhui អ្នកចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន UnionPay International ប្រចាំ​អាស៊ី​អា​គ្នេ​យ៏ បាន​មានប្រសាសន៍ថា ក្រុមហ៊ុន UnionPay មាន​សេចក្តី​រីករាយ ក្នុងការ​ធ្វើជា​ដៃគូ​ជាមួយ ធនាគារ​ឯកទេស វី​ង ដើម្បី​ពង្រីក​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ ជូន​ដល់​ប្រជាជន​កម្ពុជា និង​ជនបរទេស ដែល​រស់នៅក្នុង​ប្រទេស​កម្ពុជា​។​

លោក Yang បាន​បន្តថា ”​ធនាគារ​ឯកទេស វី​ង បាន​ចែករំលែក​នូវ​គុណ​តម្លៃ​ស្នូល​មួយ​របស់​ក្រុមហ៊ុន UnionPay ក្នុង​ការបង្កើត​តម្លៃសង្គម ដើម្បី​បន្ថែម​ឲ្យ​សម្រេចបាន តម្លៃ​ពាណិជ្ជកម្ម និង "​កំណើន​ភាគហ៊ុន​" ។ អ្វីៗ​ទាំងអស់​ដែល វី​ង ធ្វើ​និង​តំណាង គឺ​ដើម្បី​បង្កើត​តម្លៃ​នៅក្នុង​អាជីវកម្ម​របស់​ពួកគេ និង​នៅក្នុង​សង្គម ហើយ​ពួកគេ​គឺជា​អ្នកដឹកនាំ​នៅក្នុង​វិស័យ​ទាំងពីរ​នេះ​។​”

អស់​រយៈពេល​ជាង ១០ ឆ្នាំ​មកហើយ ដែល​ធនាគារ​ឯកទេស វី​ង បានផ្តល់​សេវា​ផ្ទេរប្រាក់​ក្នុងស្រុក នៅក្នុង​ប្រទេស​កម្ពុជា ហើយ​បានចាប់ផ្តើម​ផ្ដល់​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​របស់ខ្លួន កាល​ខែកុម្ភៈ ឆ្នាំ ២០១៨​។ ចាប់តាំងពី​ពេលនោះ​មក មាន​តម្រូវការ​យ៉ាងខ្លាំង​ក្លា និង​កំពុង​កើនឡើង​សម្រាប់​សេវាកម្ម​បែបនេះ ជាពិសេស​ពី​ប្រជាជន​កម្ពុជា​ដែលមាន​សាច់ញាតិ រស់នៅ​និង​ធ្វើការ​នៅក្រៅ​ប្រទេស​។ សេវា​ផ្ទេរប្រាក់​អន្តរជាតិ​របស់​វី​ង​ឥឡូវនេះ មាន​បណ្ដាញ​នៅ​ជាង​២០០​ប្រទេស ជាមួយនឹង​ការពង្រីក​ជា​សកល​របស់ខ្លួន ដែល​ត្រូវបាន​រំពឹងថា នឹង​ពង្រីក​បន្ថែមទៀត ខណៈដែល​ធនាគារ​ឯក​ទេស វី​ង កំពុង​សម្លឹង​រក​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជាច្រើន​បន្ថែមទៀត​នៅក្នុង​ឆ្នាំ ២០១៩ ។

ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត គឺជា​អ្នកផ្តល់​សេវាកម្ម​ធនាគារ​តាម​ទូរស័ព្ទ​ចល័ត​ដំបូង​គេ​នៅ​កម្ពុជា​។ បង្កើតឡើង​ក្នុង​ឆ្នាំ​២០០៩ ធនាគារ​ឯកទេស​វី​ង បាន​ប្តេជ្ញា​ផ្តល់​សេវា​ហិរញ្ញវត្ថុ តាមរយៈ​សេវាកម្ម​ហិរិ​ញ្ញ​វត្ថុ តាម​ទូរស័ព្ទ​ចល័ត ទៅកាន់​អ្នក​មិនមាន​គណនី​ធនាគារ​និង​មិន​ស្ថិតក្នុង​បណ្តាញ​ធនាគារ ដោយ​ផ្តល់ជូន​នូវ​សេវាកម្ម​ដូចជា ការផ្ទេរ​ប្រាក់​ក្នុងស្រុក​, ទូទាត់​វិក័យប័ត្រ​និង​បញ្ចូល​ទឹកប្រាក់​ទូរស័ព្ទ​, ទូទាត់​តាម​អ៊ិន​ធឺ​ណែ​ត និង QR កូដ ក៏ដូចជា​សេវាកម្ម​ផ្ទេរប្រាក់​អន្តរជាតិ​ភ្លាមៗ​ពី​ជាង ២០០​ប្រទេស​។​

គួរ​បញ្ជាក់ថា​ធនាគារ​ឯកទេស​វី​ង នៅតែ​ជា​អ្នក​នាំមុខគេ​នៅក្នុង​ទីផ្សារ នៃ​សេវា​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទ​ចល័ត និង​អេ​ឡិច​ត្រូ​និ​ច នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​សេវា​គ្របដណ្តប់​ដល់​ស្រុក ១០០% តាមរយៈ​ភ្នាក់ងារ Wing Cash Xpress នៅ​ទូទាំងប្រទេស​ជាង ៦០០០ កន្លែង​។ វី​ង មាន​ដៃគូ​អាជីវកម្ម ជាង ៣០០០០ កន្លែង រួមទាំង​ក្រុមហ៊ុន​ធំ​ដូចជា Mastercard និង WorldRemit ។ លើសពីនេះ​ទៀត​សហគ្រាស​ធុន​តូច​និង​មធ្យម ក៏ដូចជា​ក្រុមហ៊ុន​ធំ ៗ អាច​ប្រើប្រាស់​សេវា​ប្រាក់បៀវត្សរ៍ និង​ចំណាយ​របស់ វី​ង ដើម្បី​ជួយ​អភិវឌ្ឍ​ប្រព័ន្ធ​អេកូ​ទូទាត់ របស់ខ្លួន​។​

ចំណែក​ក្រុមហ៊ុន UnionPay International (UPI) គឺជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​អន្តរជាតិ​របស់​ក្រុមហ៊ុន Union Pay ដែល​ផ្តោតលើ​ការរីកចម្រើន និង​ការគាំទ្រ​ដល់​ពាណិជ្ជកម្ម​ពិភពលោក​របស់ UnionPay ។​

តាមរយៈ​ភាពជា​ដៃគូ​ជាមួយ​ស្ថាប័ន​ជាង ២០០០ នៅ​ទូទាំង​ពិភពលោក UnionPay International បានអនុញ្ញាត​ឱ្យមាន​កា​រ​ទទួលយក​ការទូទាត់​ប្រាក់​តាមរយៈ​កាត UnionPay នៅក្នុង ១៧៤ ប្រទេស​និង​តំបន់ ដែលមាន​អ្នកផ្ដល់​កាត​ទូទាត់​ប្រាក់ UnionPay នៅក្នុង ៥២ ប្រទេស​និង​តំបន់​។

ក្រុមហ៊ុន UnionPay International ផ្តល់ជូន​នូវ​សេវា​ទូទាត់​ប្រាក់​ឆ្លងកាត់​ប្រទេស ដែលមាន​គុណភាព​ខ្ពស់​, ចំណាយ​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព ដល់​អ្នក​កាន់​ប័ណ្ណឥណទាន ធំជាងគេ​នៅលើ​ពិភពលោក និង​ធានាបាន​នូវ​សេវា​ក្នុងស្រុក​យ៉ាង​ងាយស្រួល ចំពោះ​ម្ចាស់​ប័ណ្ណ និង​ម្ចាស់​អាជីវកម្ម​របស់ UnionPay ដែល​កំពុង​កើនឡើង​៕



Source: Kampuchea Thmey Daily

Post a Comment

0 Comments

Close Menu