ភ្នំពេញ ៖ យោងតាមប្រសាសន៍របស់លោកស្រី ទេព ព្រហ្មមុនី្ន ចៅសង្កាត់និរោធបានឲ្យកម្ពុជាថ្មីដឹងនារសៀលថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៥នេះថា ចំនួនប្រជាពលរដ្ឋដែលរស់នៅ អមសងខាងផ្លូវឫស្សីស្រស់កោះនរាបានយល់ ព្រមរុះរើរបងចេញដោយការស្ម័គ្រចិត្តដើម្បីទុកឲ្យអាជ្ញាធរជីកដាក់លូបង្ហូរទឹក និងធ្វើចិញ្ចើមផ្លូវសម្រាប់ឲ្យអ្នកថ្មើរជើងធ្វើដំណើរ និងការពារកុំឲ្យទឹកជំនន់លិចលង់លំនៅដ្ឋានរបស់ពួកគាត់។
លោកស្រីទេព ព្រហ្មមុន្នីបានមានប្រសាសន៍បន្តទៀតថា ក្នុងចំនួនប្រជាពលរដ្ឋដែលបានស្ម័គ្ររុះរើរបងដើម្បីទុកដីជីកដាក់ប្រព័ន្ធលូបង្ហូរទឹកមានចំនួន៧៤គ្រួសារ ដោយឡែកប្រជាពលរដ្ឋចំនួន២៩គ្រួសារទៀតក៏យល់ព្រមរុះរើនៅពេលដែលគេរុះរើព្រមៗគ្នា ចំណែកប្រជាពលរដ្ឋ២២គ្រួសារទៀតមិនយល់ព្រមរុះរើ។
លោកស្រីចៅសង្កាត់បានបន្តទៀតថា អាជ្ញាធរតម្រូវឲ្យប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវឫស្សីស្រស់កោះនរាត្រូវថយរបងឲ្យបានគ្រប់ៗគ្នាជាប្រយោជន៍ជីកដាក់លូបង្ហូរទឹក បើពុំដូច្នេះទេពេលរដូវវស្សាមកដល់នឹងត្រូវរងការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋរាប់រយ គ្រួសារដោយសារតែគ្មានប្រព័ន្ធលូរំដោះទឹក។ ពិសេសជាងនេះគឺក្នុងវេទិកាសាធារណៈប្រជាពលរដ្ឋភាគច្រើនបានលើកឡើងជាសំណូមពរសុំឲ្យអាជ្ញាធរសង្កាត់-ខណ្ឌជួយជីកដាក់ប្រព័ន្ធលូដើម្បីរំដោះទឹកចេញពីកន្លែងលិចលង់ ហើយក្នុងនោះលំនៅដ្ឋាននីមួយៗក៏ត្រូវមានប្រព័ន្ធលូបង្ហូរកាកសំណល់ចេញពីផ្ទះ ព្រោះបើពុំដូច្នេះទេ ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានលើដីទំនាបនឹងរងការលិចលង់ដោយសារទឹកលូហូរចេញពីលំនៅដ្ឋានអ្នករស់នៅលើដីខ្ពស់។
លោកស្រីចៅសង្កាត់បានបន្តថា ផ្លូវឫស្សីស្រស់កោះនរា ត្រូវបានសាលារាជធានីភ្នំពេញចំណាយថវិកាធ្វើផ្លូវចាក់ក្រាលបេតុងឆ្អឹងដែក នាឆ្នាំ២០១៣ដែលមានទទឹងប្រវែង៨ម៉ែត្រ បណ្តោយ៣៤៦០ម៉ែត្រតភ្ជាប់ពីផ្លូវជាតិលេខ១ មុខវត្តនិរោធឆ្ពោះទៅកោះនរា ឡើងមកអគ្គនាយកដ្ឋានវិទ្យុនិងទូរទស្សន៍បាយ័នឡើងមកផ្លូវជាតិលេខ១វិញ។
មន្ត្រីជំនាញបានឲ្យដឹងថា ផ្លូវឫស្សីស្រស់កោះនរាក្នុងភូមិឫស្សីស្រស់គឺតម្រូវឲ្យថយរបងចេញពីអ័ក្សផ្លូវចំនួន៦ម៉ែត្រ ដោយឡែកដីភូមិកោះនរាតម្រូវឲ្យថយពីអ័ក្សផ្លូវចំនួន៧ម៉ែត្រទើបអាចជីកដាក់ប្រព័ន្ធលូបង្ហូរទឹកបាន។ មន្ត្រីជំនាញមន្ទីរសាធារណការបាននិយាយថា រាល់ផ្លូវថ្នល់ដែលបានស្ថាបនាហើយគឺត្រូវមានប្រព័ន្ធលូបង្ហូរទឹកអមសងខាងផ្លូវនិងទុកចិញ្ចើមផ្លូវសម្រាប់អ្នកថ្មើរជើងធ្វើដំណើរចៀសវាងជួបគ្រោះថ្នាក់នៅពេលដែលអ្នកថ្មើរជើងនាំគ្នាដើរលើទ្រូងផ្លូវ។
គួររំលឹកថា បើតាមប្រសាសន៍លោកស្រីចៅសង្កាត់និរោធបានបញ្ជាក់ថាប្រជាពលរដ្ឋភាគច្រើនស្ម័គ្រចិត្តរុះរើរបងចេញដើម្បីជីកដាក់លូបង្ហូរទឹកប្រយោជន៍ទៅថ្ងៃមុខ ប្រទេសជាតិ យើងមានការរីកចម្រើន ប្រជាពលរដ្ឋមានលទ្ធភាពសាងសង់លំនៅដ្ឋានថ្មីៗអាចប្រើប្រាស់លូបង្ហូរទឹកចេញទៅលូធំដោយព្រួយបារម្ភក្នុងការលិចលង់លំនៅដ្ឋាន។ ទីតាំងផ្លូវឫស្សីស្រស់កោះនរានេះស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ៕

0 Comments